ប្រទេស​រុស្ស៊ីគ្រោង​សាងសង់​មូលដ្ឋាន​រុករក​រ៉ែ​នៅលើ​ភព​ព្រះ​ចន្ទ

យោងតាម​ការផ្សាយ​របស់ CNBC ។
ក្រុមហ៊ុន ​រុករក​រ៉ែ​មួយ​របស់​ប្រទេស​រុស្ស៊ី ​នឹង​ចំណាយ​ប្រាក់​សរុប​ចំនួន ៩,៤ ពាន់​លាន​ដុល្លារ ដើម្បី​សាងសង់​មូលដ្ឋាន​រុករក​រ៉ែ នៅលើ​ភព​ព្រះ​ចន្ទ។ ​ប្រភព​ដដែល​បាន​ផ្សាយ​ថា ក្រុមហ៊ុន​ឯកជន​មួយ​ដែលមាន​ឈ្មោះ​ល្បី​ក្នុង​ការផលិត​រថក្រោះ​នៅក្នុង​ ប្រទេស​រុស្ស៊ី គឺ​សហគ្រាស Lin Industrial បានប្រកាសថា គម្រោង​សាងសង់​មូលដ្ឋាន​រុករក​រ៉ែ​នៅលើ​ភព​ព្រះ​ចន្ទ​នេះ គឺ​ត្រូវ​ចំណាយពេល ១០ ឆ្នាំ ក្រោយពេល​ទទួលបាន​កា​រ​អនុញ្ញាត​ពី​រដ្ឋាភិបាល​រុស្ស៊ី។

ទោះបី​ជាមាន សុទិដ្ឋិនិយម​ក្នុង​គម្រោង​មួយ​នេះ​ក៏ដោយ ក៏​លោក Lev Zelenyនាយក​បណ្ឌិតសភា​វិទ្យាសាស្ត្រ​នៃ​ការស្រាវជ្រាវ​អវកាស​របស់​រុស្ស៊ី បាន​និយាយថា​គម្រោង​នេះ​វា​ដូចជា​រហ័ស​ពេក ក្នុងការ​សាងសង់​តាំងទី​តាំង​មួយ នៅលើ​ភព​ព្រះ​ចន្ទ​នោះ។

គម្រោង​សាងសង់​ជំរុំ​នៅលើ​ភព​ព្រះ​ចន្ទ​នេះ​គឺ​ត្រូវ​ការបាញ់​បង្ហោះ​ រ៉ុក្កែត​ធុន​ធ្ងន់​ចំនួន ១៣ដើម្បី​ដឹកជញ្ជូន​សម្ភារ​សម្រាប់​សាងសង់​មូលដ្ឋាន​ហើយ​បន្ទាប់មក​គឺ​ត្រូវ ​បាញ់​គ្រាប់​រ៉ុក្កែត​ធុន​ធ្ងន់​ចំនួន ៣៧ ផ្សេងទៀត​សម្រាប់​ការបង្កើត​ទីកន្លែង​សម្រាប់​រស់នៅ របស់​បុគ្គលិក​នៅលើ​ភព​ព្រះ​ចន្ទ។

ក្រុមហ៊ុន​ខាងលើ​បាន​អះអាងថា ការសាងសង់​មូលដ្ឋាន​រុករក​រ៉ែ​នៅលើ​ភព​ព្រះ​ចន្ទ​នេះ គឺ​វា​នឹងធ្វើ​ឲ្យ​ក្រុមហ៊ុន អាច​រុករក​រ៉ែ​លោហៈ​កម្រផ្សេងៗ ដែល​កំពុង​ត្រូវបាន​គេ​ប្រើ​ក្នុងការ​អភិវឌ្ឍ​គ្រឿង​អេ​ឡិច​ត្រូ​និ​ មួយចំនួន​នៅក្នុងពេល​បច្ចុប្បន្ននេះ៕12