ស្ថាបត្យកម្មសាងសង់ដោយជនបរទេសមិនប្រាកដថាត្រឹមត្រូវឡើយ

សៀម​រាម៖ លោក​ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណបាន​និយាយថា៖«ខ្មែរ​គួរ​ខិតខំ​បង្កើត​ដោយ​ខ្លួនឯង​នូវ​អ្វីដែល​សម័យអង្គរ​បាន​បន្សល់ទុក»ស្ថាបត្យកម្ម​នៅ​កម្ពុជា​ដែល​សាងសង់​ដោយ​ជនបរទេស​មិន​ប្រាកដថា​ត្រឹមត្រូវ​នោះឡើយ។ លោក វណ្ណ ម៉ូលីវណ្ណបានស្នើ​ដល់​ស្ថាបត្យករ​ជំនាន់​ក្រោយ​យ៉ាង​ដូច្នេះ​ថា៖«ត្រូវ​រក្សា​អត្តសញ្ញាណ​ខ្មែរ​នៅក្នុង​សំណង់​ទាំងអស់»

«ខ្ញុំ​ចង់អោយ​ពួកយើង​សាងសង់​អគារថ្មីៗរៀន​ពី​អតីតកាល ដូច​ជនជាតិ​អាល្លឺម៉ង់ដែល​បានធ្វើអោយ​ស្ថាបត្យកម្ម​បុរាណ និង​សម័យ​រួមបញ្ចូល​គ្នា»។នេះ​គឺជា​ឱវាទ​របស់លោក វណ្ណ ម៉ូលីវណ្ណអត្ថាធិប្បាយ​នៅក្នុង​សៀវភៅ​ដែលមាន​ចំណងជើង​ថា«ស្នាដៃ​ស្ថាបនិក​សតវត្សរ៍​ទី២០»។

ស្ថាបត្យករ​ឯកនៃ​ប្រទេស​កម្ពុជា​រូបនេះ​បាន​រម្លឹកថា តាំងពី​សង្គ្រាមលោកលើកទី២ប្រទេស​បារាំង​បាន​បង្កើត​ស្ថាបត្យកម្ម​បុរាណ​ទំនើប​លើ​ស្ថាបត្យកម្ម​ដែល​បន្សល់ទុក​ពី​សង្គ្រាម។ ជនជាតិ​អាល្លឺម៉ង់បាន​ជួសជុល​ព្រះវិហារ​ដែល​ត្រូវបាន​បំផ្លាញ​ក្នុងពេល​សង្គ្រាមដោយ​សាងសង់​ឡើងវិញ​ដូចដើម។

លោក វណ្ណ ម៉ូលីវណ្ណ ដែលមាន​អាយុ៨៩ឆ្នាំ​នៅ​ឆ្នាំ២០១៥នេះបាន​និយាយថា៖«ខ្ញុំ​សង្ឃឹមថា កូនចៅ​ជំនាន់​ក្រោយ​នឹង​ខិតខំ​រក​គំនិត​ថ្មីការឆ្នៃប្រឌិត​ថ្មី និង​បន្ថែម​លើ​សម័យបុរាណ»។លោក​បាន​បន្តទៀតថា៖«ស្ថាបត្យកម្ម​នៅ​កម្ពុជា​ដែល​សាងសង់​ដោយ​ជនបរទេស​មិន​ប្រាកដថា​ត្រឹមត្រូវ​ទេ។ខ្មែរ​គួរ​ខិតខំ​បង្កើត​ដោយ​ខ្លួនឯង​នូវ​អ្វីដែល​សម័យអង្គរ​បាន​បន្សល់ទុក»។
ស្ថិតក្នុង​វ័យ៨៩ឆ្នាំ បច្ចុប្បន្ន លោក វណ្ណ ម៉ូលីវណ្ណកំពុង​រស់នៅ​ខេត្ត​សៀម​រាម ទីក្រុង​ប្រាសាទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។លោក​បាន​ផ្លាស់ប្តូរ​ទីលំនៅ​ពី​ទីក្រុង​ភ្នំពេញ(ទីក្រុង​ទន្លេ)ទៅ​រស់នៅ​ទីក្រុង​ប្រាសាទ​កាលពី​ខែកក្កដា​ឆ្នាំ២០១៤កន្លងមក។លោក​បាន​ថ្លែងថា លោក​ចង់​រស់នៅ​ទីក្រុង​សៀម​រាម​ជាង​ទីក្រុង​ភ្នំពេញ។ប៉ុន្តែ​លោក​មិនបាន​ប្រាប់​ពី​មូលហេតុ​លម្អិត​នោះទេ។
នៅក្នុង​ទស្សនៈវិស័យ​របស់លោក​នៅក្នុង​សៀវភៅ«ស្នាដៃ​ស្ថាបនិក​សតវត្សរ៍​ទី២០»ដដែលលោក វណ្ណ ម៉ូលីវណ្ណ បានលើកឡើង​របៀប​ជា​សំណួរ​ថា៖«ខ្ញុំ​មិនដឹងថាអ្នកជំនាន់ក្រោយ​របស់​ខ្ញុំនឹង​អាចធ្វើអោយ​កម្ពុជា​ត្រូវបានគេទទួលស្គាល់​ឬ​យ៉ាងណា​នោះទេ។យើង​ត្រូវការ​គំនិត​ថ្មី និង​អោយមាន​ការផ្លាស់ប្តូរ​គ្រប់យ៉ាងដោយ​មិន​ត្រាប់​តាម​អ្វីដែល​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​បាន​បំ​ផ្លិ​ញ​បំផ្លាញ»។ លោក​បាន​បន្ថែមទៀតថា៖«ត្រូវ​ថែរក្សា​សំណង់​បុរាណ​អោយបាន​គង់វង្សនិង​សង់​ថ្មី​បន្ថែម​អោយបាន​ច្រើន​ទៀត»។

2 3 1