អាង​ខ្លួន​ជា​អ្នក​មាន​ជិះឡាន​ទំនើប​បុក​ម៉ូតូ​គេ​ពីក្រោយ​ហើយ រករឿង​ជេរប្រមាថ​និង​បំរុង​វាយ​បុរស​ម្នាក់​ដែលជា​អ្នក​រួម​ដំណើរ​ជាមួយ​ជនរងគ្រោះ​ទៀត

​ភ្នំពេញ​៖ បុរស​ម្នាក់​អាង​ខ្លួនឯង​ជា​អ្នក​មាន ជិះ​រថយន្ត​ទំនើប​ជ្រុល​ទៅ​បុក​ម៉ូតូ​នារី​ម្នាក់​ចំ​ពីក្រោយ​ពេញទំហឹង បណ្តាលឱ្យ​រងរបួស ខ​ណះ​ដែល​នារី​ម្នាក់​នោះ​បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែងធ្វើការ​ជាមួយ​ក្រុមការងារ​២​នាក់​ទៀត ដែល​ជិះ​ម៉ូតូ​ម្នាក់​មួយ ហើយ​បុរស​ជា​ជន​បង្ក​បានរ​ករឿង​និង​មាន​ជេរប្រមាថ​ទៅលើ​បុរស​ម្នាក់​ទៀត ជា​អ្នកធ្វើការ​ជាមួយ ដែល​ជិះ​ម៉ូតូ​ផ្សេង​រួម​ដំណើរ​ជាមួយ​នោះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​នឹង​០៥ នាទី​យប់​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ តាម​បណ្តោយ​ផ្លូវ ព្រះ​នរោត្តម ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

​ប្រភព​ពត៌មាន​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ​បានឱ្យដឹងថា នៅ​មុនពេល កើតហេតុ​គេ​បាន​ឃើញ​មនុស្ស​ប្រុស​ស្រី​៣​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង​បណ្តើរគ្នា​ចេញពី​ធ្វើការ​បំណង​ត្រឡប់​ទៅផ្ទះ​វិញ ដែល​ក្នុងនោះ​មាន​ម៉ូតូ​ម៉ាកវ៉េវ​ពណ៍​ខ្មៅ​២​គ្រឿង និង​ឆាយ​លី មួយគ្រឿង ។ លុះ​មកដល់​ចំណុច​មុខ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ក៏​ស្រាប់តែ​មាន​បុរស​ជា​អ្នក​មាន​ម្នាក់ បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ម៉ាក TUNDRA ពណ៍​ទឹកប្រាក់ គ្មាន​ស្លាក​លេខ បាន​បើក​មក​ពី​ក្រោយ​ម៉ូតូ​បំរុង​បត់​ចូល​ទៅក្នុង​ក្រសួង ក៏​ស្រាប់តែ ជ្រុល​ទៅ​បុក​ចំ​ម៉ូតូ​ឆាយ​លី​ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​នារី​ម្នាក់​ដែល​ជា​អ្នកជិះ​ម៉ូតូ​រង​របួស ចំណែក​ម៉ូតូ​រង​ការខូចខាត ។ ភ្លាមៗ​នោះ​បុរស​ម្នាក់​ដែល​រួម​ដំណើរ​ជាមួយ ដែល​ត្រូវជា​មិត្ត​ភក្ត្រ​រួម​ការងារ​ឃើញ​ដូច្នេះ ក៏បាន ឃាត់​រថយន្ត​ឱ្យ​ឈប់ និង​បាន​ដាក់​ម៉ូតូ​បាំង​ពីមុខ​រថយន្ត បំណង​ឱ្យ​បុរស​បង្កហេតុ​ចុះ​ពី​លើ​រថយន្ត​ដើម្បី​ទទួល​ខុស ត្រូវ ប៉ុន្តែ​នៅពេល​បុរស​ម្នាក់​នោះ​ចុះមក ក៏​បាន​ចង្អុល​មុន​និង​ស្រែក​សំឡុត​ខ្លាំង ព្រមទាំង​បាន​រក​វាយ​ទៅលើ​បុរស​ម្នាក់​នោះ បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​ចោមរោម​មើល​ថែមទៀត​ផង ។

ប្រភព​បន្តថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ និង​បាន​ធ្វើ​ការសម្របសម្រួល​ដល់​ភាគី​ទាំង សងខាង ហើយ​ខាង​រថយន្ត​បង្ក​ក៏​បាន​សង​នូវ​ថ្លៃ​ព្យាបាល​ចំនួន​២០​ដុល្លារ ចំណែក​ខាង​ភាគី​ជនរងគ្រោះ​ក៏​ព្រម ទទួល​ដើម្បី​បញ្ចប់រឿង ។

ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ អ្វី​ដែល​នាំឱ្យ​មាន​ការភ្ញាក់ផ្អើល និង​អ្នកដំណើរ​តាម ដងផ្លូវ​ឈប់​មើល​ហួសចិត្ត​នោះ គឺ​ដោយសារតែ​បុរស​ជា​ជនបង្ក​អាង​ខ្លួន​ជា​អ្នកមាន បើករថយន្ត​ទំនើប​បង្ក​ជា​គ្រោះថ្នាក់​បែប​នេះ​ហើយ បែរ​ជា​ចុះ​ពី​លើ​រថយន្ត រករឿង​ជេរប្រមាថ និង​រក​វាយ​គេ​ទៅវិញ ៕
d24781