គ្រោះមហន្តរាយដោយធម្មជាតិឆ្នាំ២០១៤ធ្លាក់ចុះ ច្រើនចំនួនអ្នកស្លាប់ត្រឹមតែ១៣៦នាក់ ខណៈ២០១៣ មានរហូតដល់ ជិត៣០០នាក់

ភ្នំពេញ ៖ យោងតាមមន្រ្តី ជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងឲ្យដឹងថា ក្នុងឆ្នាំ២០១៤កន្លងទៅនេះ អ្នកស្លាប់ដោយសារគ្រោះមហន្តរាយ ធម្មជាតិ បានធ្លាក់ចុះយ៉ាងច្រើន ពោល គឺរហូតដល់ទៅ ៧០ភាគរយ បើប្រៀបធៀប កាលពីឆ្នាំ២០១៣នោះ ។

លោកកែវ វី អ្នកនាំពាក្យរបស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ម្សិលមិញថា អ្នកស្លាប់ដោយ សារគ្រោះធម្មជាតិ ដូចជាទឹកជំនន់ ខ្យល់ព្យុះ រន្ទះបាញ់ និងបាក់ច្រាំង មានចំនួន ១៣៦នាក់ នៅក្នុងឆ្នាំ២០១៤នេះ ហើយ តួលេខនេះបានធ្លាក់ច្រើន បើប្រៀបធៀប ទៅនឹងឆ្នាំ២០១៣ ដែលមានចំនួនជិតបីរយនាក់។

លោក កែវ វី បានបន្តថា ក្នុងឆ្នាំ២០១៤ មានខ្យល់ព្យុះកើតឡើង ចំនួន១៦០លើក ដែលបណ្តាល អ្នក ស្លាប់ ៩នាក់ អ្នករងរបួស៨៧នាក់និង ផ្ទះប្រជាពលរដ្ឋខូចខាត់អស់ ចំនួនជិត៦,០០០ខ្នង និងសាលារៀន ជិត៤០អគារ ហើយសម្រាប់រន្ទះវិញ បានកើតឡើង ចំនួន៨៤លើក ដែលបណ្តាលឲ្យមនុស្សស្លាប់៧៥នាក់ របួស៥៥នាក់និងងាប់គោក្របីចំនួន៥៨ក្បាល។

ចំណែកឯទឹកជំនន់វិញលោក កែវ វី បានឲ្យដឹងថា មានមនុស្សតែចំនួន៤៩នាក់ ប៉ុណ្ណោះ បានស្លាប់ ខណៈដែលឆ្នាំ២០១៣ មានរហូតដល់១៥២នាក់ ដោយលោកអះអាងថា ទឹកជំនន់កាលពីឆ្នាំ២០១៤ គឺមានតែរយៈពេលខ្លី ហើយមិនបានកើតឡើង ដូចកាលពីឆ្នាំ២០១៣ នៅឡើយដែលមាន រយៈពេលវែងនោះ។

លោកកែវ វី បានបន្តថា “ប្រជាពលរដ្ឋដែលប៉ះពាល់ ដោយទឹកជំនន់ មានចំនួន១៦៥ពាន់៥១៦គ្រួសារ ប្រជាពលរដ្ឋដែលភៀសខ្លួន ទៅទីទូលមានសុវត្ថិភាព មានចំនួន ១១៦៧៥គ្រួសារ ផ្ទះដែលមានទឹកលិច មានចំនួន៨៧៣៣៣ខ្នង ហើយផ្ទះដែលខូចខាតទាំងស្រុងគឺមានចំនួន១៨៥ខ្នង ។ សាលារៀន បានលិចទឹក គឺមានចំនួន៣៩៧កន្លែង វត្ត១៥៤កន្លែង និងមន្ទីរពេទ្យ៣២កន្លែង”។

ក្រៅពីគ្រោះធម្មជាតិខាងលើនេះ លោកកែវ វី បានឲ្យដឹងផងដែរថា គ្រោះរាំងស្ងួតក៏បាន កើតឡើង ព្រមគ្នា ផងដែរ ដោយបានបណ្តាលឲ្យខួចខាតនូវ ស្រែរបស់ប្រជាពលរដ្ឋ រហូតដល់ជាងមួយម៉ឺនហិកតា ប៉ុន្តែមិន បណ្តាលឲ្យមនុស្សស្លាប់នោះឡើយ។ ហើយសម្រាប់គ្រោះ បាក់ច្រាំងទន្លេរវិញ លោក កែវ វី បានបន្តថា បានកើតឡើងរហូតដល់ចំនួន២៤លើក ដែលបណ្តាល មនុស្សចំនួន៣នាក់ បានស្លាប់បាត់បង់ជីវិត និង ខូចខាត់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន៣៤៣ខ្នង ហើយបាក់ទាំងស្រុងចំនួន១៨ខ្នង។

លោកកែវ វី បានបន្តទៀតថា គ្រោះថ្នាក់ដោយធម្មជាតិ ពេញមួយឆ្នាំ២០១៤កន្លងទៅនេះ បានធ្លាក់ ចុះយ៉ាង ខ្លាំងជាពិសេសករណី រន្ទះបាញ់តែ ម្តងដែលបណ្តាលឲ្យមនុស្សត្រឹមតែ៧៥នាក់ប៉ុណ្ណោះបានស្លាប់ ខណៈកាលពីឆ្នាំ២០១៣ មានរហូតដល់១៥២នាក់។ លោកបន្តថា មូលហេតុ ដែលបណ្តាល ឲ្យអត្រា អ្នកស្លាប់ដោយសារតែរន្ទះបាញ់នេះធ្លាក់ចុះ គឺដោយសារតែប្រជាពលរដ្ឋ មានការយល់ដឹងច្រើន អំពីរបៀបនៃការទប់ ស្កាត់នូវ រន្ទះបន្ទាប់ពីពួកគាត់បានយកចិត្ត ទុកដាក់នឹងការណែនាំ របស់អាជ្ញាធរ និងការអំពាវនាវ របស់ប្រមុខ រាជរដ្ឋាភិបាលជាដើម៕ ប្រភពពីដើមអម្ពិល

Hong-0109