បើករថយន្តរវល់តែប្រលែងជាមួយកូន ជ្រុលបុកឡើងទ្រូងផ្លូវ ទាំងព្រឹក

ភ្នំពេញ ៖ ​បុរសម្នាក់បើករថយន្តតូយ៉ូតា Matrix រវល់តែប្រលែងជាមួយកូនក្នុងរថយន្តជ្រុលបុក ឡើងលើរបាំងថ្មពុះចែកទ្រូងផ្លូវទាំងព្រឹកនៅចំណុចផ្លូវលេខ ១៨២ កែងផ្លូវលេខ ២៦១ ស្ថិតក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា កាលពីវេលាម៉ោង ៨ និង ០០នាទីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤ ។

សាក្សីនៅកន្លែងកើតហេតុបានរៀបរាប់អោយដឹងថា នៅមុនពេលកើតហេតុគេសង្គេតឃើញ បុរសជាម្ចាស់រថយន្តខាងលើ បានបើកបររថយន្តមួយគ្រឿងម៉ាកតូយ៉ូតា Matrix ដោយរួមមានកូន ប្រុសតូចអាយុ៥ឆ្នាំ រួមដំណើរជាមួយ នៅពីមុខខ្លួន ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២ ទិសដៅពី លិចទៅកើត ក្នុងល្បឿនធម្មតា ខណៈបើកមកដល់ចំណុចកើតហេតុ ដោយសារតែរវល់ប្រលែងលេង ជាមួយកូនប្រុសរបស់ខ្លួន ក៏បានជ្រុលចង្កូតបុកឡើងទៅលើរបាំងថ្មពុះចែកទ្រូងផ្លូវតែម្តងទៅ ។ ប៉ុន្តែ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបណ្តាលអោយមានមនុស្សណាម្នាក់រងរបួសឡើយ គ្រាន់តែខូចខាតនូវទ្រព្យសម្បត្តិសាធារណៈ និងរថយន្តបង្កតែប៉ុណ្ណោះ​។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយជំនាញចុះធ្វើការអន្តរាគមន៍វាស់វែង ស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា រងចាំស្រាយនាពេល ក្រោយ ។ សូមបញ្ជាក់ផងដែរថា ករណីខាងលើនេះគឺបង្កឡើងដោយសារបុរសខាងលើបើករថយន្ត ខ្វះការប្រុងប្រយ័ត្នខ្ពស់ ទើបបណ្តាលអោយមានរឿងហេតុដូចនេះកើតឡើងតែម្តងទៅ ។ លីហេង

photo 1(5) photo 1(6) photo 2(7) photo 3(6) photo 4(5)