អាង​ស្បែក​ជា​មន្ត្រី​អាវុធហត្ថ​ផ្ទៃ​ប្រទេស វាយ​ទាត់​ធាក់ និង​ដក​កាំភ្លើង​វាយ​ក្បាល​យុវជន​ម្នាក់ បណ្តាលឱ្យ​រងរបួស​យ៉ាងដំណំ​

​ភ្នំពេញ ៖ យុវជន​ម្នាក់​ដែល​ជា​កូនប្តី​ដើម​បាន​រងរបួ​សយ៉ា​ង​ដំណំ ដោយសារតែ​ត្រូវ​យុវជន​ម្នាក់​ទៀត​ជា​កូនប្តី​ចុង ដែល​អាង​ខ្លួន​ជា​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នោះ បាន​ប្រើ​អំពើ​វាយ​ទាត់​ធាក់ និង​បាន​ដក​កាំភ្លើងខ្លី​មួ​យ​ដើម​វាយ ក្បាល បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល និង​ភិតភ័យ​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​ជិតខាង​មក​ចោមរោម​មើល ប៉ុន្តែ​មិន​មាន​អ្នកណាម្នាក់​ហ៊ាន​ចូល​ទៅ​ជួយ​ឃាត់​នោះទេ ព្រោះ​តែ​ខ្លាច​កាំភ្លើង ។ ហេតុការណ៍​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​នឹង​៣០​នាទី​យប់ ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៥ នៅមុខ​ផ្សារ​ទំនើប​អ៊ី​អន​ម៉ល ស្ថិតក្នុង​ភូមិ​ទី​៨ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​
​    ​
យុវជន​ជា​ជនរងគ្រោះ​មានឈ្មោះ​យូ ជុង​ឆាយ​យ៉ា អាយុ​២៣​ឆ្នាំ មាន​មុខរបរ​ជា​អ្នក​ធ្វើការ​នៅ​ក្នុង​ការ​រ៉ា​ស ឡាន​មួយកន្លែង មាន​ទីលំនៅ​ក្នុង​កន្លែង​កើតហេតុ​ខាងលើ ។
​    ​
តាម​សម្តី​រៀបរាប់​ពី​ជនរងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​រូបគេ​បាន​ចេញពី​កន្លែងធ្វើការ​នៅ​ម្តុំ ផ្សារ​បឹង​កេងកង​ដូច​សព្វដង ខណះមក​ដល់​មុនផ្ទះ​ខ្លួនក៏​បាន​អង្គុយ​លេង​នៅ​ខាង​មុខ​ផ្ទះ​ជាមួយ​នឹង​ក្រុមគ្រួសារ ភ្លាម​នោះ​ស្រាប់តែ​យុវជន​ម្នាក់​ជា​កូនប្តី​ចុង​ម្តាយ​របស់​ខ្លួន មាន​ឈ្មោះ​សុខា សីហា ជា​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ឈប់​នៅ​មុខ​ផ្ទះ រួច​ក៏​បាន​ដើរ​សំដៅ​មករក​ខ្លួន ហើយក៏​បាន​ធ្វើ​សកម្មភាព​វាយ​ទាត់​ធាក់​មក​លើ​រូបគេ​យ៉ាង​ចាស់ដៃ ព្រមទាំង​បាន​ដក​កាំភ្លើង​មួយ​ដើមពី​ចង្កេះ​វាយ​ក្បាល​បន្ថែមទៀត បណ្តាលឱ្យ​រងរបួស​យ៉ាងដំណំ  បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល និង​ភិតភ័យ​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​ជិតខាង​មក​ចោមរោម​មើល ប៉ុន្តែ​មិន​មាន​អ្នកណាម្នាក់​ហ៊ាន​ចូល​ទៅ​ជួយ​ឃាត់​នោះទេ សូម្បី​តែ​ក្រុមគ្រួសារ​គេ​ក៏​ដោយ ព្រោះ​តែ​ខ្លាច​កាំភ្លើង​ដែល​យុវជន​ម្នាក់​នោះ​កំពុង តែ​កាន់​នៅក្នុង​ដៃ ។

បន្ទាប់ពី​បាន​ដក​កាំភ្លើង​វាយ​ក្បាល​ជនរងគ្រោះ​រួច​មក ជនបង្ក​មិនទាន់​អស់ចិត្ត​បាន​យក​កាំភ្លើង​ភ្ជង់​ក្បាល​ជនរងគ្រោះ​និង​គំរាម​បាញ់ ព្រមទាំង​បាន​ជេរ​ប្រមាថ​យ៉ាង​ខ្លាំង ហើយ​ថែមទាំង​បាន​ស្រែក​ថា បើ​អ្នកណា​ហ៊ាន​ចូល​មក​ជួយ អញ​នឹង​បាញ់​ទាំងអស់ ហើយ​មួយសន្ទុះ​ក្រោយមក​ជន​បង្ក​បាន​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ​វិញ​បាត់ សូម្បី​តែ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ដែល​ចុះ ទៅដល់​កន្លែងកើតហេតុ ក៏​មិន​ហ៊ាន​ធ្វើការ​ជាត់​ខ្លួន​យុវជន​ម្នាក់​នោះដែរ ។​
​    ​
ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​នាំយក​មក​ដាក់​ពាក្យបណ្តឹង​នៅ​បុស្តិ៍នគរបាល ទន្លេបាសាក់ ប៉ុន្តែ​ដោយសារ​តែ​ជន​បង្ក​ជា​មន្ត្រី​អាវុធហត្ថ ទើប​សមត្ថកិច្ច​ឱ្យ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ ចំការមន លុះ​មកដល់​ក៏​គ្មាន​អ្នកណា​ព្រម​អើពើ​នោះដែរ គឺ​បាន​ត្រឹមតែ​និយាយ​ថា​ឱ្យ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​វិញ​ទៅ ។ ជុំវិញ​ករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​នេះ សមត្ថកិច្ច​មូលដ្ឋាន ក៏​ដូច​ជា​មន្ត្រី​អាវុធហត្ថ​ខណ្ឌចំការមន ហាក់ដូចជា​ខ្លាចញញើត​នឹង​អំណាច​ជនបង្ក ដោយសារតែ​ជន​បង្ក​ជា​មន្ត្រី អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ៕