បើករថយន្ត​លឿន​ដល់​ចំណុច​ផ្លូវ​កោង​បួង​ចង្កូត​មិនទាន់ បណ្តាល​ឲ្យ​ជ្រុល​ធ្លាក់​ទឹកស្រះ​សំណាង​មិនមាន​អ្នករងរបួស​

​ភ្នំពេញ​៖ យុវជន​មួយ​ក្រុម បើក​រថយន្ត​កាមរី​មួយគ្រឿង ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​ផ្លូវ​កោង​មិន​បន្ថយល្បឿន បណ្តាល​ឲ្យ​បួង​ចង្កូត​មិនទាន់ ជ្រុល​ធ្លាក់​ស្រះ​បឹង​តា​ម៉ា​ត គាប​ជាប់​ដើម​ប្រេងខ្យល់​តែ​មិន​មាន​អ្នកណាម្នាក់​រងរបួស និង បង្ក​ឲ្យ​ខូចខាង​ទ្រព្យសម្បត្តិ​អ្នក​ដ៏ទៃ​នោះ​ទេ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៥ នៅ​ចំណុច​ស្រះ​បឹង​តា​ម៉ា​ត ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​
​    ​
តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​កាមរី មួយ​គ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2E-6391 បើកបរ​ដោយ​យុវជន​ម្នាក់ និង​៣​នាក់​ទៀត​រួម​ដំណើរ​ជាមួយ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​លឿន​ខណៈ​មក​ដល់​ចំណុចកើតហេតុ ដែល​មាន​ផ្លូវ​កោង​ផង​នោះ​ក៏​បួង​ចង្កូត​បត់​ឆ្វេង ហើយ​បាន​ជ្រុល​ធ្លាក់​ទៅ​ក្នុង​ស្រះ​បឹង​តា​ម៉ា​ត សំណាង​ល្អ​បាន​គាប់​ជាប់​និង​ដើម​ប្រេង​ខ្សាល់​មួ​យ​ដើម​រថយន្ត​មិន​ធ្លូវ​ចូល​ក្នុង​ទឹក​។​
​    ​
សាក្សី​ដដែល​បាន​បន្តថា ក្នុង​ហេតុការណ៍​នេះ​មិន​បង្ក​ឲ្យ​នរណា​ម្នាក់​រងរបួស​និង​ខូចខាត​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នោះទេ គឺ​គ្រាន់តែ​ខូចខាត​រថយន្ត​តែ​ប៉ុណ្ណោះ​។​
​    ​
ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មួលដ្ឋាន​បាន​ចុះ​មក​ដល់​ចំណុចកើតហេតុ និង​ពិនិត្យ​ជាក់ស្តែង​ដោយ​មិន​មាន​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ សមត្ថកិច្ច​ក៏​ប្រគល់​ឲ្យ​ម្ចាស់​ស្ទូច​រថយន្ត​ទៅ​ជួស​ជុស​ដោយ​ខ្លួនឯង​៕