ក្មេង​ទំនើង​មួយក្រុម​ចេញពី​ផឹកស៊ី បើករថយន្ត​ប្រដញ​គ្នា​ជាមួយ​ម៉ូតូ បុក​រថយន្ត​មួយ​គ្រឿង​ទៀត​បណ្តាលឱ្យ​ក្រឡាប់​ផ្ងារ​ជើង​

​ភ្នំពេញ​៖ ក្មេង​ទំនើង​មួយក្រុម​មាន​គ្នា​ប្រមាណ​ជា​១០​នាក់ បាន​ចេញ​ពី​ផឹកស៊ី​នៅក្នុង​មជ្ឍមណ្ឌល​កោះ​ពេជ្រ បាន​បើក​រថយន្ត​កាមរី​កូរ៉ូឡា ប្រដេញ​គ្នា​ជាមួយនឹង​ម៉ូតូ​ជាច្រើន​គ្រឿង តាម​ផ្លូវ​សាធារណៈ​ក្នុង​ល្បឿន​យ៉ាង​លឿង លុះ​មកដល់​ចំណុច​ផ្លូវ​កែង​មិន​បាន​បន្ថយល្បឿន ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​ស៊ី​RX៣០០ បណ្តាលឱ្យ​ក្រឡាប់​ផ្ងារ​ជើង ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​ន​ណា​ម្នាក់​រងរបួស​នោះ​ទេ គ្រាន់តែ​ខូចខាត​រថយន្ត​ប៉ុណ្ណោះ ហើយ​ក្រុម​ក្មេង​ទំនើង​ទាំងនោះ បាន​បើកទ្វារ​ចេញពី​ក្នុង​រថយន្ត​បំរុង​រត់​គេចខ្លួន តែ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ដែល​កំពុង​ជិះ​ល្បាត​ដេញចាប់បាន​ម្នាក់ ។ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​នឹង​៣០ នាទី​យប់​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​លេខ​៤៣២ កែង​នឹង​ផ្លូវ​លេខ​៣១៥ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង ទី​១ ខណ្ឌចំការមន ។

​ប្រភព​ពត៌មាន​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ក្មេង​ទំនើង​មួយក្រុម​មាន​គ្នា​ប្រមាណ​ជា​១០​នាក់ បាន​ជិះ​រថយន្ត​កូរ៉ូឡា​ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 2E-9321 ជិះ​ប្រដេញ​គ្នា​ជាមួយនឹង​ម៉ូតូ​ជា​ច្រើន​គ្រឿង ពាសពេញ​ផ្លូវ​សាធារណៈ​យ៉ាង​អាណាធិបតេយ្យ ក្នុង​ល្បឿន​យ៉ាង​លឿន តាម​បណ្តោយ​ផ្លូវ​លេខ​៣១៥ ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុច​កែង​នឹង​ផ្លូវ​លេខ ៤៣២ មិន​បាន​បង្អស់​ល្បឿន ក៏​ជ្រុល​ទៅ​បុក​ចំ​ពីក្រោយ​ពេញទំហឹង​រថយន្ត​ឡិច​ស៊ី​៣០០ ពណ៍​ទឹកសមុទ្រ​មួយគ្រឿង ដែល​បើកបរ​ដោយ​បុរស​ម្នាក់ បណ្តាលឱ្យ​ក្រឡាប់​ផ្ងារជើង​រង​ការខូចខាត​ទាំងសងខាង ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​ន​ណា​ម្នាក់​រងរបួស​នោះ​ទេ គ្រាន់តែ​ខូចខាត​រថយន្ត​ប៉ុណ្ណោះ ហើយ​ក្រុម​ក្មេង​ទំនើង​ទាំងនោះ បាន​បើកទ្វារ​ចេញពី​ក្នុង​រថយន្ត​បំរុង​រត់​គេចខ្លួន តែ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ដែល​កំពុង​ជិះ​ល្បាត​ដេញចាប់បាន​ម្នាក់ ។

តាម​សម្តី​រៀបរាប់​ពី​យុវជន​ម្នាក់​ដែល​បាន​និយាយថា​ខ្លួន​ជា​អ្នករួមដំណើរ​ពីក្រោយ​រថយន្ត​នោះ បានឱ្យដឹងថា រូបគេ​រួមជាមួយ​នឹង​មិត្ត​ភក្ត្រ​ជាច្រើន​នាក់​ទៀត បាន​ណាត់​ជួប​ជុំគ្នា​ទៅ​ផឹកស៊ី​នៅ​មជ្ឍមណ្ឌល​កោះ​ពេជ្រ លុះ​ផឹកស៊ី​រួច​ខ្លួន​នឹង​មិត្ត​ភក្ត្រ​ទាំងអស់ បាន​ជិះ​រថយន្ត​បង្ក​ខាងលើ ជាមួយនឹង​ម៉ូតូ​ជាច្រើន​គ្រឿង​ទៀត ប្រដេញ​គ្នា​លេង​តាម​ដងផ្លូវ ទើប​បង្កឱ្យមាន​គ្រោះថ្នាក់​បែប​នេះ​តែម្តង​ទៅ ។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន រួម​ជាមួយនឹង​កម្លាំង​អាវុធហត្ថ​ខណ្ឌ បាន​ចុះមក​ធ្វើ​ការអន្តរាគមន៍​ដល់​កន្លែងកើតហេតុ និង​បាន​ទំ​នាក់ ទំនង​ទៅ​ជំនាញ ឱ្យ​ស្ទូច​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕