ប្តីចិត្តកំណាច ខឹងប្រពន្ធមានប្តីថ្មី ទិញសាំងយកទៅចាក់ស្រោច ដុតសម្លាប់ទាំងរស់
|បន្ទាយមានជ័យ ៖ ប្តីចិត្តខ្លាំងម្នាក់ក្រោយ ពេលរស់នៅ ជាមួយប្រពន្ធ បានកូនរហូតដល់ទៅ ៣នាក់ ហើយកើតទុក្ខមិនសុខចិត្ត បែកគំនិតទៅយកប្រពន្ធថ្មី ទុកឲ្យប្រពន្ធរស់នៅ ជាមួយកូន ៣នាក់ យ៉ាងវេទនាក្រៃលែង ហើយដោយសារមិនអាច ចិញ្ចឹមកូនទាំង ៣នាក់ តទៅមុខទៀតបាន ប្រពន្ធសុខចិត្ត យកកូនទៅផ្ញើ ជាមួយម្តាយបង្កើត ហើយខ្លួនសុខចិត្ត ទៅរកការងារធ្វើ នៅប្រទេសថៃ រហូតមានប្ដីថ្មី ហើយមានកូនក្នុងពោះ ៣ខែទៀតផង ទើបប្ដីថ្មីឲ្យវិលមករស់នៅ ជាមួយម្តាយបង្កើតវិញ។
ចំណែកប្ដីមុន ក្រោយពេលដឹងថា ប្រពន្ធមានប្រុសថ្មីហើយ ថែមទាំងមានកូនទៀតនោះ ក៏ទិញសាំង ១ដបទឹកសុទ្ធ យកទៅចាក់លើប្រពន្ធ ហើយយកដែកកេះ ដុតប្រពន្ធទាំងរស់ ប៉ុនប៉ង សម្លាប់ តែពេលនោះ ប្រជាពលរដ្ឋ បាននាំគ្នាជួយពន្លត់ ទាន់ពេលវេលា ហើយក៏បានដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា -ជប៉ុន ដែលស្ថិតនៅស្រុកមង្គលបូរី ហើយ ហើយជនកំណាចជាប្តី បានរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ នៅលើផ្ទះជនរងគ្រោះ នៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ រិន ចំរើន អាយុ ៣០ ឆ្នាំ ជាជាងផ្សាដែក រស់នៅភូមិព្រែកល្ពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ចំណែកប្រពន្ធមានឈ្មោះ កុន សុភាព អាយុ ២៥ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ។ ក្រោយពេលកើតហេតុ ជនកំណាចជាប្តី បានទៅសំងំលាក់ខ្លួន នៅខេត្តឧត្តរមានជ័យ លុះដល់ថ្ងៃទី៣១ ក៏បានវិលត្រឡប់មកផ្ទះវិញ ពេលនោះកម្លាំង កងរាជអាវុធហត្ថខេត្ត ក៏ទៅចាប់យកមក ទីបញ្ជាការកងរាជអាវុធខេត្ត ដើម្បីសាកសួរ។ នៅមុខអាវុធហត្ថ ជនកំណាចបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញសាំង យកទៅចាក់ស្រោច ដុតប្រពន្ធពិតប្រាកដមែន ព្រោះខ្លួនខឹងនិងប្រពន្ធមានប្ដីថ្មី៕ ប្រភពពី Cambodia page