បុរស​ជនជាតិ​ចិន​បើកបរ​រថយន្ត​កាមរី​ឆ្លាម បុក​រ៉ឺម៉ក​ម៉ូតូ បណ្តាលឲ្យ​រងរបួស​ធ្ងន់​ម្នាក់ ហើយ​សង​៣០០​ដុល្លា​បញ្ចប់​រឿង​

​ភ្នំពេញ ៖ បុរស​ម្នាក់​រងរបួស​ធ្ងន់ ខណៈ​ជិះ​រ៉ឺម៉ក​កង់​បី មួយគ្រឿង ហើយ​ត្រូវ​ជនជាតិ​ចិន​បើកបរ​រថយន្ត​កាមរី​ឆ្លាម លឿន​បត់​ឆ្លងផ្លូវ​មិន​ប្រុងប្រយ័ត្ន​បណ្តាល​អោយ​ជ្រុល​បុក​ពេញ​ទំហឹង កាលពី​វេលា​ម៉ោង ១​នឹង ០០ នាទី​ឈានចូល​ថ្ងៃទី ៣០ ខែ​ធ្នូ ឆ្នាំ ២០១៤ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់​ព្រលានយន្តហោះ អន្តរជាតិ​ភ្នំពេញ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​សមត្ថកិច្ច មូលដ្ឋាន បានអោយដឹងថា មុនពេល​កើតហេតុ​រ៉ឺម៉ក​កង់ បី ជិះ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ទិសដៅ​ពី កើត​ទៅ​លិច ( ពី​ស្ពាន​អាកាស​៧​មករា ឆ្ពោះ​ទៅ​រង្វង់​មូល​ចោមចៅ​) លុះដល់​ចំណុច​មុខ ទល់​ព្រលានយន្តហោះ អន្តរជាតិ​ភ្នំពេញ ស្រាប់តែ​មាន​រថយន្ត​កា​ម​រី​ឆ្លាម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2K 2527 បើកបរ​ដោយ​ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន ២​នាក់ បាន​បើកបរ​យ៉ាង​លឿន ទិសដៅ​បញ្ច្រាស​គ្នា​ជាមួយ​រ៉ឺម៉ក​កង់​បី ។ ប៉ុន្តែ​ដោយសារ​រថយន្ត​បួង​ចង្កូត​បត់​ឆ្វេង​ដៃ​ឆ្លងផ្លូវ​លឿន​ពេក ទើប ជ្រុល​ទៅ​បុក​រ៉ឺម៉ក​កង់​បី ពេញទំហឹង បណ្តាល​អោយ​អ្នកបើក​រ៉ឺម៉ក​កង់​បី​ត្រូវ​រងរបួស ហើយ​ចំណែក រថយន្ត​បង្ក នឹង​រ៉ឺម៉ក​កង់​បី​ត្រូវ​រង​ការខូចខាត​ទាំងសងខាង​។​

​សមត្ថកិច្ច បានបញ្ជាក់​ថា ក្រោយ​កើតហេតុ​ដោយ​មាន​ការអន្តរាគមន៍ នឹង​សម្របសម្រួល ពី​សំណាក់ នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នោះ ភាគី​រថយន្ត​កាមរី​ឆ្លាម​បាន​សង​សំណង​អោយ​ម្ចាស់ រ៉ឺម៉ក​កង់​បី ចំនួន ៣០០ ដុល្លារ​បញ្ចប់រឿង​ភ្លាមៗ ៕