ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​អេង​កាំ​ង អស់​ជំនឿ​លើ​ការដោះស្រាយ​របស់លោក ឃ្លាំង ហួត

ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន អេង​កាំ​ង ជាមួយ​ប្រជាពលរដ្ឋ​៦​គ្រួសារ​រស់​នៅ​ជាប់​សាកលវិទ្យាល័យ​កសិកម្ម​ព្រែកលៀប ដែល​អូរ​បន្លាយ​ជា​យូរ​មក​ហើយ​នោះ​មិន​ទាន់​មាន​ដំណោះស្រាយ​សមស្រប​នៅ​ទ្បើយ​ទេ​។ ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដីធ្លី​ទំហំ​ជិត​១​ហិកតា​តាំង​១៩៧៩ រហូត​មក​បាន​បង្ហាញ​នូវ​ការ​អស់ជំនឿ​ទៅលើ​ដំណោះស្រាយ​របស់​មន្ត្រី​អាជ្ញាធរ​ព្រោះ​កន្លងមក​លោក ឃ្លាំង ហួត សន្យា​ជួយ​រក​ដំណោះស្រាយ​ដល់​ពួកគាត់ តែ​ជាក់ស្តែង​គ្មាន​ដំណោះស្រាយ​នៅ​ទ្បើយ​។ ដូច្នេះ​ជម្រើស​ចុងក្រោយ​របស់​ពួកគាត់​គឺ​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៦ ដើម្បី​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា​និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជួយ​រក​ដំណោះស្រាយ​។​

​ប្រជាពលរដ្ឋ​ចំនួន​៦​គ្រួសារ​ដែល​មាន​សមាជិក​ជិត​៤០​នាក់ បានបញ្ជាក់​ថា​ជម្លោះ​ដីធ្លី​បាន​អូសបន្លាយ​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​ជម្លោះ​ដំបូង​កើត​ទ្បើង​កាលពី​អំ​ទ្បុង​ឆ្នាំ​២០០១ ជាមួយ​សាកលវិទ្យាល័យ​កសិកម្ម​ព្រែកលៀប លុះ​ដល់​ឆ្នាំ​២០១៣ បន្ត​កើតមាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ឈ្មោះ អេង​កាំ​ង ក្រោយ​ពេល​ក្រុមហ៊ុន​នេះ​ទិញ​ដី​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​។ ប្រជាពលរដ្ឋ​ទាំង​៦​គ្រួសារ ធ្លាប់​មាន​គម្រោង​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៦ ដើម្បី​ជំរុញ​ឲ្យ​មន្ត្រី​អាជ្ញាធរ​ចេញ​មុខ​ដោះស្រាយ ហើយ​លោក ឃ្លាំង ហួត ចេញមុខ​សម្របសម្រួល​គ្រប់​ពេលវេលា​ដើម្បី​ឲ្យ​ពួកគាត់​ស្ងប់​អារម្មណ៍​និង​បន្ត​ដោះស្រាយ​ដោយ​សន្តិវិធី ប៉ុន្តែ​រហូត​មកដល់ពេលនេះ​ពុំ​មាន​ដំណោះស្រាយ​ដាច់ស្រេច​ទេ​។​

​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ពួកគាត់​ឲ្យបាន​ចប់​សព្វគ្រប់​ក្នុង​ពេល​ឆាប់ៗ មិនត្រូវ​អូសបន្លាយ​ពេលវេលា​ទៀត​ទ្បើយ​។ ជាមួយគ្នានេះ មជ្ឈដ្ឋាន​មួយចំនួន​សង្ស័យថា​លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វា​ប្រហែល​ជា​ខ្លាច​អំណាច​ម្ចាស់​ក្រុមហ៊ុន អេង​កាំ​ង ទើប​មិន​ព្រម​ចាត់​វិធានការ​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​យុត្តិធម៌​ពិតប្រាកដ​។ ប្រជាពលរដ្ឋ​បាន​ចោទប្រកាន់​ក្រុមហ៊ុន អេង​កាំ​ង ដែល​ប្រើ​អំណាច​រំលោភ​បំពាន​ដីធ្លី​របស់​ពួកគាត់ ហើយ​មន្ត្រី​អាជ្ញាធរ​បែរ​ជា​ជួយ​ការពារ​ប្រយោជន៍​ក្រុមហ៊ុន​ទៅវិញ​៕

​ដោយ​៖ មនសិការ​ខ្មែរ
M12-m-full