ចោរ​ប្រដាប់អាវុធ​២​នាក់ ភ្ជង់​ប្លន់​យក​កាបូប​ពី​នារី​ម្នាក់​បាន​សម្រេច ហើយ​ជិះ​គេច​ខ្លួន​ដោយ​សុវត្ថិភាព​

​ភ្នំពេញ​៖ នារី​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​កន្លែងធ្វើការ​ត្រូវ​បាន​ជនសង្ស័យ​២​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​កាបូប​ពី​នារី​រូបនោះ ហើយ​បាន​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​នឹង​១៥​នាទី​យប់ ថ្ងៃទី ២២ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ម្តុំ​ផ្ទះជួល​មួយកន្លែង តាម​បណ្តោយ​ផ្លូវ​លេខ​២២៨ ស្ថិតក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ។​
​    ​
តាម​សម្តី​រៀបរាប់​របស់​នារី​រង​គ្រោះ​មានឈ្មោះ ប៊ួ សុភ័ណ្ឌ អាយុ​២៨​ឆ្នាំ ជា​បុគ្គិល​ធ្វើការ​នៅ​ក្នុង​សណ្ឋាគារ ឡា​ប៉េ​ស៊ីដង់ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ប្រមាណ​១៥​នាទី រូបនាង​បាន​ជិះ​ម៉ូតូ​វ៉េវ​ពណ៍​ក្រហម​លាយ​ខ្មៅ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​កណ្តាល 1L-2600 តែម្នាក់ឯង ចេញពី​កន្លែងធ្វើការ​នៅ​សណ្ឋារគារ ឡា​ប៉េ​ស៊ីដង់ នៅ​ខាងជើង​ផ្សារ​ទំនើប​ផេន​សល លុះ​មកដល់​ចំណុច​ផ្ទះ​លេខ​២៨A ផ្លូវ​លេខ​២២៨ ដែលជា ផ្ទះជួល​របស់​នាង​នោះ រូប​នាង​ក៏​បាន​ចុះ​ពីលើ​ម៉ូតូ​ដើម្បី​ដើរ​មក​ចាក់សោរ​ទ្វារផ្ទះ ។ ខ​ណះ​ដែល​កំពុងតែ​ចាក់សោរ ទ្វារផ្ទះ​នោះ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​សេ​១២៥​ពណ៍​ខ្មៅ​មួយគ្រឿង បាន​ចុះ​មក​ដក​កាំភ្លើងខ្លី​មួយ​ដើម​ភ្ជង់​ក្បាល​គំរាម​បាញ់​មិនឱ្យ​ស្រែក រួច​ក៏​បាន​យក​កាបូប​ពី​នារី​រងគ្រោះ ។ នារី​រងគ្រោះ​បន្តថា ដោយ​មាន​ការភ័យខ្លាច​ទើប​ខ្លួន​មិន​ហ៊ាន​ស្រែក ហើយ​តែ​ប៉ុណ្ណោះ​ជនសង្ស័យ​ថែមទាំង​បំរុង​យក​ម៉ូតូ​ទៀត តែ​ត្រូវបាន​អ្នកជិតខាង​ចេញមក​ឃើញ​ទាន់ ដោយ​ខ្លាច​មាន​ការភ្ញាក់ផ្អើល​នោះ​ជនសង្ស័យ​ក៏​បាន​ឡើង​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ។ នារី​រងគ្រោះ​បន្ថែមថា ចំពោះ​ការខាតបង់​គឺ​នៅ​ក្នុង​ការ​បូ​ប​នោះ មាន​លុយ​ប្រមាណ​ជាង​២០០​ដុល្លារ ទូរស័ព្ទ​ម៉ាក​ណូគា​មួយ​គ្រឿង កាតគ្រី​ម៉ូតូ និង​សម្ភារៈ​មួយចំនួន ។
​    ​
ក្រោយពេល​កើតហេតុ​គេ​មិនឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន​របស់​បុស្តិ៍នគរបាល​បឹងរាំង​ណា​ម្នាក់​ចុះ​មក ដល់​កន្លែងកើតហេតុ​នោះ​ទេ គឺមាន​តែ​កម្លាំង​កងរាជអាវុធហត្ថ​តែប៉ុណ្ណោះ ហើយ​នារី​រងគ្រោះ​មិន​បាន​ទៅ​ដាក់ ពាក្យបណ្តឹង​នោះ​ទេ ព្រោះ​មិន​ការ​រូបនាង​មាន​ការភ័យខ្លាច នឹង​តក់ស្លុត​យ៉ាងខ្លាំង ដោយ​ជនសង្ស័យ​យក​កាំភ្លើង ខ្លី​មក​ភ្ជង់​ក្បាល​របស់​នាង ម្យ៉ាងវិញទៀត​មិន​ចង់​វែងឆ្ងាយ​ផង ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​ភូមិសាស្ត្រ​ខាងលើ​តែងតែ​មាន​ករណី​ភ្ជង់​ប្លន់ និង​ឆក់​កាបូប​ជា​ញឹកញាប់ តែ​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន​ណា​ម្នាក់​ចុះ​មក​ធ្វើការ​យាមល្បាត​នៅទីនេះ​នោះទេ ហើយ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិត​កន្លែងកើតហេតុ បាន​សំណូមពរ​ដល់​លោក​អធិការ​ខណ្ឌ មេត្តា​ដាក់​កម្លាំង​ឱ្យ​មក​ជិះ​ល្បាត​នៅ ក្នុង​ភូមិសាស្ត្រ​នេះ​ផង កុំឱ្យ​ពួកគាត់​មិន​ការភិតភ័យ​ដោយសារ​តែ​នៅ​ម្តុំ​ផ្ទះ​ខ្លួន​មិន​មាន​សុវត្ថិភាព​នោះ ៕