កូន​អ្នកមានអំណាច​បើករថយន្ត​ប្រដេញ​គ្នា ជ្រុល​បុក​រះ​រនាំង​ដែក​ពេញទំហឹង បាក់​អស់​១២​ផ្ទាំង​និង​រថយន្ត​រង​ការខូចខាត​

​ភ្នំពេញ ៖ រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​១២​ផ្ទាំង ត្រូវ​រង​ការខូចខាត​បាក់​រាបស្មើ​ដល់​ដី បន្ទាប់ពី​មាន​ក្រុម​កូនអ្នកមាន មួយក្រុម​បើករថយន្ត​ស៊េរី​ទំនើប​ជាច្រើន​គ្រឿង​ប្រដេញ​គ្នា​តាម​ដងផ្លូវ​ព្រះសីហនុ ក៏​ជ្រុល​ល្បឿន​រេ​ចង្កូត​ទៅបុក​រះ​រនាំង​ដែក​ពេញទំហឹង នៅ​ចំណុច​ទល់មុខ​នឹង​ក្រុមហ៊ុន cellcard ខាងលិច​វិមានឯករាជ្យ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង ១ និង ៣០​នាទី​យប់​ឈានចូល​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៤​។​

​តាម​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​បានអោយដឹងថា មុនពេល​មាន​ហេតុការណ៍​កើតឡើង គេ​សង្គេត​ឃើញ​មនុស្ស​មួយ​ក្រុម បើករថយន្ត​ស៊េរី​ទំនើប​ជា​ច្រើន​គ្រឿង បើក​ប្រដេញ​គ្នា​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មក​ដល់​ចំណុចកើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ក្នុង​ចំណោម​រថ​យន្ត​ស៊េរី​ទំនើប​ទាំងនោះ ម៉ាក Lexux GS300 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-1628 ដែល​ត្រូវបាន​គេ​ឃើញ បើកបរ​ដោយ​នារី​វ័យក្មេង​ម្នាក់ បាន​រេ​ចង្កូត​ជ្រុល​បុក​រះ​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹ​ង បណ្តាល​អោយ​រនាំង​ដែក​ចំនួន​១២​ផ្ទាំង ត្រូវ​រង​ការខូចខាត​បាក់​រាបស្មើ​ដល់​ដី ចំណែក​រថយន្ត​ត្រូវ​រង​ការខូចខាត​ចំហៀង​ខាងឆ្វេង​ស្ទើរតែ​ទាំងស្រុង ។ ភ្លាមៗ នោះ​ផង​ដែរ​នារី​ដែល​ជា​ម្ចាស់​រថយន្ត​បង្ក ត្រូវបាន​គ្នីគ្នា​បើករថយន្ត​ស៊េរី​ទំនើប​មក​ទទួល​ចេញទៅ​បាត់​។​
​    ​
ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​ជំនាញ​ចុះ​ធ្វើ​ការអន្តរាគមន៍​វាស់វែង ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាច​រណ៍​ជើងគោក​រាជធានី​ភ្នំពេញ រងចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕
Untitled-2