ក្រុមហ៊ុន​ចិន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ស្រុក​ភ្នំព្រឹក បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ខ្មែរ

​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​មាន​ក្មេង​ចាស់​ប្រុស​ស្រី​កំពុង​រងគ្រោះ​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​ក្រុមហ៊ុន​ចិន​ប្រើ​សារធាតុ​គីមី​ចម្រាញ់​យក​មាស​នៅ​ភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ។ ប្រភព​ពី​ប្រជាពលរដ្ឋ​រងគ្រោះ​បានឲ្យដឹង​ថា​ពួកគាត់​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​បន្តបន្ទាប់​ក្រោយពេល​ទៅ​ធ្វើ​ចម្ការ​នៅ​ក្បែរ​ការដ្ឋាន​អាជីវកម្ម​រ៉ែ​មាស​របស់​ក្រុមហ៊ុន​ចិន​ឈ្មោះ ពូ​យាំង​។ អ្នកភូមិ​ដែល​ជា​ជនរងគ្រោះ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​បាត់ដំប​ង​និង​ក្រសួង​រ៉ែ​និង​ថាមពល​ចាត់​វិធានការ​បញ្ឈប់​អាជីវកម្ម​ក្រុមហ៊ុន​ចិន​ជា​បន្ទាន់​កុំឲ្យ​ប្រើ​សារធាតុ​គីមី​ចម្រាញ់យ​ក​រ៉ែ​មាស​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​តទៅទៀត​។​

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ជំងឺ​របស់​ពួកគាត់​បង្ក​ទ្បើង​មក​ពី​អាជីវកម្ម​យក​រ៉ែ​មាស​របស់​ក្រុមហ៊ុន​ចិន​ដែល​ប្រើប្រាស់​សារធាតុ​គីមី​ពុល​ដឹក​រំលាយ​ថ្មយក​មាស ហើយ​សាយភាយ​ក្លិន​នៅក្នុង​តំបន់​ជុំវិញ​ការដ្ឋាន​នោះ​ទាំងមូល​។ ប្រជាពលរដ្ឋ​ដែល​មាន​ចម្ការ​ក្បែរ​ការដ្ឋាន​ក្រុមហ៊ុន​ចិន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​កំពុង​សម្តែង​សេចក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ផលប៉ះពាល់​ដល់​សុខភាព​រស់នៅ​របស់​ពួកគាត់​ត​ទៅ​មុខ​ទៀត​។ ប្រជាពលរដ្ឋ​រងគ្រោះ​បាន​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​ក៏ដូចជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​ឬ​លុបចោល​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ចិន​ជា​បន្ទាន់​។​

​កាលពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៤ ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​ឃុំ​ភ្នំ​ព្រឹក​បានឲ្យដឹង​ថា​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ក្រុមហ៊ុន​ចិន​ឈ្មោះ​ពូ​យាំង បាន​ដុត​រំលាយ​ថ្មយក​រ៉ែ​មាស ហើយ​ភាយ​ក្លិន​សារធាតុ​គីមី ជុំវិញ​តំបន់​ការដ្ឋាន​របស់ខ្លួន​។ បញ្ហា​នេះ​ធ្វើឲ្យ​ពួកគាត់​ដែល​ទៅ​ធ្វើ​ចម្ការ​នៅ​ក្បែរ​ការដ្ឋាន​រ៉ែ​មាស​របស់​ក្រុមហ៊ុន​ចិន​ធ្លាក់ខ្លួន​ឈឺ​ជា​បន្តបន្ទាប់ ហើយ​អ្នក​ដែល​រង​នូវ​ក្លិន​ពុល​ធ្លាក់ខ្លួន​ឈឺ​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​។ ប្រជាពលរដ្ឋ​បាន​ជំរុញ​ឲ្យ​លោក ច័ន្ទ សុផល ដែលជា​អភិបាលខេត្ត​បាត់ដំបង​និង​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​នៃ​ខេត្ត​នេះ ធ្វើការ​ព្រមាន​ដល់​ក្រុមហ៊ុន​ចិន​ឈ្មោះ​ពូ​យាំង ជា​បន្ទាន់​បំផុត ព្រោះ​ឆ្នាំ​មកហើយ​ដែល​ក្រុមហ៊ុន​នេះ​ប្រើ​សារធាតុ​គីមី​បំបែក​រំលាយ​ថ្មយក​រ៉ែ​មាស ហើយ​ក្លិន​នៃ​សារធាតុ​គីមី​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ធ្លាក់ខ្លួន​ឈឺ ហើយ​អ្នកខ្លះ​មិន​ហ៊ាន​ទៅ​ធ្វើ​ចម្ការ​លើដី​ក្បែរ​ការដ្ឋាន​ក្រុមហ៊ុន​ចិន​នោះ​ទៀតផង​៕

​ដោយ​៖ មនសិការ​ខ្មែរ
bb_11