គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៥​នាក់ របួស​ធ្ងន់​ស្រាល​១៣​នាក់

​ភ្នំពេញ ៖ តាម​របាយការណ៍ ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ ២០១៤ នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ចំនួន ០៩​លើក យប់ ០១​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់ ០៥​នាក់ (​ស្រី ០២​នាក់​) របួសធ្ងន់ ០៨​នាក់ (​ស្រី ០៥​នាក់​) និង​របួសស្រាល ០៥​នាក់ (​ប្រុស​)​។​

​យោង​តាម​គេហទំព័រ របស់​អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ០៩​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត យានយន្ត​សរុប ១៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១០​គ្រឿង​, រថយន្ត​ធុន​តូច​ចំនួន ០៤​គ្រឿង​, រថយន្ត​ធុន​ធំ ០៣​គ្រឿង និង​យាន​ផ្សេងៗ ០១​គ្រឿង ។​

​មូលហេតុ​ដែល​បណ្តាល​ឲ្យ មាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​មកពី​កត្តា​ល្បឿន ០៥​លើក​, មិន​ប្រកាន់​ស្តាំ ០១​លើក​, ប្រជែង គ្រោះថ្នាក់ ០២​លើក និង​កត្តា​យានយន្ត ០១​លើក ក្នុងនោះ​មាន​អ្នកជិះ​ម៉ូតូ គ្រោះថ្នាក់​ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព ១៦​នាក់ (​យប់ ០៤​នាក់​)​។​

រថយន្ត​ដែល​ត្រូវ​ផាកពិន័យ នៅ​អង្គភាព​ប្រចាំ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ សរុប​ចំនួន ៥៤៩​គ្រឿង ក្នុងនោះ​មាន រថយន្ត​ទេសចរណ៍​គ្រូ​សារ ៨០​គ្រឿង​, រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច ១៤៣​គ្រឿង​, រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ ០៩ គ្រឿង​, រថយន្ត​ដឹកទំនិញ​ធុន​តូច ១១៥​គ្រឿង និង​រថយន្ត​ដឹកទំនិញ​ធុន​ធំ ២០២​គ្រឿង​។ រថយន្ត​ទាំងអស់ ត្រូវបាន​បង់ ប្រាក់​ពិន័យ​រួចរាល់ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ចំនួន ១០​គ្រឿង​, នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ៥០៦​គ្រឿង និង នៅ​នាយកដ្ឋាន​សណ្តាប់ធ្នាប់ ៣៣​គ្រឿង ៕