ជិះ​ម៉ូតូ​លឿន​មិនបាន​មើល​រថយន្ត​កំពុង​បត់​ត្រឡប់​ក្រោយ​បុក​ពេញ​ទំហឹង​រង​ការខូចខាត​

​ភ្នំពេញ ៖ យុវជន​២​នាក់​បាន​រងរបួស​ស្រាល ចំណែកឯ​ម៉ូតូ​ត្រូវ​រង​ការខូចខាត ដោយសារតែ​រូបគេ​រួមជាមួយ​នឹង​មិត្ត​ភ​ក្ត្រ បាន​ជិះ​ម៉ូតូ​ឌុប​គ្នា​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន ក៏​បុក​ចំ​ពី​ចំហៀង​រថយន្ត​ដែល​កំពុង​តែ​បត់​ត្រឡប់ ក្រោយ កាលពី​វេលា​ម៉ោង​៩​នឹង​៣០​នាទី​យប់​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ខាងកើត​វត្ត​មហាមន្ត្រី ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន ។
​    ​
ប្រភព​ពត៌មាន​ពី​សាក្សី​នៅ​ជិត​កន្លែងកើតហេតុ​បាន​និយាយថា ដំបូង​ឡើយ​គេ​បាន​ឃើញ​រថយន្ត​កា​មេ​រី ឆ្លាម​ពណ៍​ខ្មៅ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ 2N-2569​បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ទិសដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ស្តុប​វត្ត​មហាមន្ត្រី​ក៏បត់​ឆ្វេង​បំរុង​ត្រឡប់ក្រោយ ភ្លាមៗ​នោះ​ស្រាប់តែ​មាន​យុវជន​២​នាក់ ជិះ​ម៉ូតូ​សេ ១១០​មួយ​គ្រឿង​ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 1H-3343 ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​បាន​មើល​រថយន្ត​ដែល​កំពុង​តែ​បត់​ជិត​ផុត​ទៅ​ហើយ​នោះ ក៏​បុក​ចំ​ពី​ចំហៀង​ពេញទំហឹង​បណ្តាល​ឱ្យ​ដួល​រង​របួសស្រាល ឯ​ម៉ូតូ​ត្រូវ​រង​ការខូចខាត​យ៉ាងដំណំ ។

ក្រោយពេល​កើតហេតុ​សមត​កិច្ច​មូលដ្ឋាន​បាន​ចុះមក​ធ្វើ​ការសម្របសម្រួល ដល់​ភាគី​ទាំងសងខាង ប៉ុន្តែ​មិន​មាន​លទ្ឋផល​គឺ​ប្រកែ​កយកខុសត្រូវ​រៀងៗ​ខ្លួន ទៅ​សមត្ថកិច្ច​សំរេច​ហៅ​ជំនាញ ឱ្យ​ចុះមក​ធ្វើការ​វាស់វែង​យក​យាន្ត​ជំនិះ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន រង់ចាំ ដោះស្រាយ​នៅ​ពេល​ក្រោយ ៕
Untitled-5 Untitled-6