​តុលាការ​ចោទប្រកាន់​លោក ង៉ោ ស្រ៊ុន អតីត​រដ្ឋលេខាធិការ​ទីស្តីគណៈរដ្ឋមន្ត្រី ពី​បទ​បរិហារ​បង្កាច់​កេរ្តិ៍​

ភ្នំពេញ ៖ លោក ង៉ោ ស្រ៊ុន អតីត​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបាន​លោក ខៀវ ផល្លា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ជា​ផ្លូវការ ពីបទ ” បរិហារ​បង្កាច់​កេរ្តិ៍ ” តាម​បណ្ដឹង​របស់​ឧកញ៉ា ខូវ ផល្លា​បុត្រ រួច​បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី តាម​រូបភាព​ជន​ត្រូវ​ចោទ​នៅក្រៅ​ឃុំ ។ បច្ចុប្បន្ន​សំណុំរឿង​នេះ កំពុង​ស្ថិត​ក្នុង​ចំណាត់ការ​របស់​លោក ហេង កេស​រោ ចៅក្រម​ស៊ើបសួរ​ជា​អ្នកចាត់ការ ។​

​មាត្រា​៣១១ និង​៣១២ នៃ​ក្រម​ព្រហ្មទណ្ឌ ចែង​ពី​បទ​បរិហារ​បង្កាច់​កេរ្តិ៍ បានបញ្ជាក់​ថា ការប្ដឹង​បរិហារ បង្កាច់​កេរ្តិ៍ គឺជា​អំពើ​ប្ដឹង​បរិហារ​អំពី​អំពើ​ដែល​គេ​ដឹងថា មិន​ពិត ហើយ​ដែល​នាំឲ្យ​មាន​ទណ្ឌកម្ម ព្រហ្មទណ្ឌ ឬ វិន័យ កាល​បើ​ការប្ដឹង​បរិហារ​នេះ ត្រូវបាន​ផ្ញើ​ទៅដល់ អាជ្ញា​ធរមាន​សមត្ថកិច្ច​ដើម្បី​ចាត់ការ ដូច​ជា​ចៅក្រម មន្ត្រីនគរបាល​យុត្តិធម៌ ឬ និយោជក ឬ បុគ្គល​ដែល​មាន​អំណាច​ប្ដឹង ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ។​

​បទល្មើស​នេះ ត្រូវបាន​ផ្ដន្ទាទោស​ពី​១ ខែ​ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ សែន​រៀល​ទៅ ២ លាន​រៀល ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា មាន​ពិរុទ្ធភាព​ដូច​ការចោទប្រកាន់​មែន ។​

​ឧកញ៉ា ខូវ ផល្លា​បុត្រ បច្ចុប្បន្ន​រស់នៅ​ប្រទេស​បារាំង កំពុង​រត់គេចខ្លួន ព្រោះ​មាន ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​ការចោទប្រកាន់​ពី​បទ ” សមគំនិត​ក្នុង​អំពើ​ប៉ុនប៉ង​ឃាតកម្ម​គិត​ទុកជាមុន និង​រំលោភ​សេពសន្ថវៈ​” ពាក់ព័ន្ធ​ការរៀបចំ​គម្រោង សម្លាប់​ភរិយា និង​រំលោភ​កូនស្រី របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម  បាន​ដាក់​ពាក្យបណ្តឹង​ព្រហ្មទណ្ឌ​មួយ​មក​កាន់​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ ប្ដឹង លោក ង៉ោ ស្រ៊ុន អតីត​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ពី​បទ​បរិហារ​បង្កាច់​កេរ្តិ៍ ក្នុង​អំឡុង​ខែ​វិច្ឆិកា ។​

​ប្រភព​ព័ត៌មាន​បង្ហើប​ឲ្យដឹងថា ដើមចម​ដែល​នាំឲ្យ​មាន​ការដាក់​ពាក្យបណ្ដឹង ព្រហ្មទណ្ឌ​នេះ គឺ​បាន​កើតឡើង​កាលពី​អំឡុង​ឆ្នាំ​២០១០ ខណៈពេលដែល​លោក ង៉ោ ស្រ៊ុន បាន​ដាក់​ពាក្យបណ្ដឹង ព្រហ្មទណ្ឌ​មួយ​ប្ដឹង​ឧកញ៉ា ខូវ ផល្លា​បុត្រ ពីបទ “ ក្លែងបន្លំ​លិខិត​ឯកជន ”​ពាក់ព័ន្ធ​ប័ណ្ណ​សម្គាល់ អចលនវត្ថុ ដីធ្លី​ជា​ច្រើន​ពាន់​ហិច​តា ។ ក្រោយមក តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់ ឧកញ៉ា ខូវ ផល្លា​បុត្រ ពីបទ “ ក្លែងបន្លំ​លិខិត​ឯកជន ” រួច​បញ្ជូន​សំណុំរឿង ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​នៅ​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ តុលាការ​បាន​បិទ​ការ​ស៊ើបសួរ​ដោយ​ចេញ​ដីកា ដំណោះស្រាយ​លើកលែង​ការចោទប្រកាន់​ឧកញ៉ា ខូវ ផល្លា​បុត្រ ពីបទ “ ក្លែងបន្លំ​លិខិត​ឯកជន ” ។ ប៉ុន្តែ​ការសម្រេច​នេះ ត្រូវបាន​លោក ង៉ោ ស្រ៊ុន ប្តឹង​ទៅ​សភា​ស៊ើបសួរ សាលាឧទ្ធរណ៍ ហើយ​ក្រោយមក​សាលាឧទ្ធរណ៍ បាន​តម្កល់​សេចក្តីសម្រេច​របស់​ចៅក្រម​ស៊ើបសួរ សាលាដំបូង រាជធានី​ភ្នំពេញ​ទុកជាបានការ​ដដែល ។​

​មិន​សុខចិត្ត​នឹង​ការសម្រេច​នេះ លោក ង៉ោ ស្រ៊ុន បាន​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​បន្តទៀត ។ ប៉ុន្តែ​តុលាការ​កំពូល នៅ​អំឡុង​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ នេះ បានសម្រេច​តម្កល់ សាលដីកា​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ទុកជាបានការ​ដដែល ។​ ​ផ្ដើមចេញ​ពី​ការសម្រេច​បិទផ្លូវ តវ៉ា​របស់​តុលាការ​កំពូល​នេះ ឧកញ៉ា ខូវ ផល្លា បាន​សរសេរ ពាក្យបណ្ដឹង​ព្រហ្មទណ្ឌ​មាន​ផ្ដិតមេដៃ​ផង ប្ដឹង​លោក ង៉ោ ស្រ៊ុន ពី​បទ​បរិហារ​បង្កាច់​កេរ្តិ៍ តែម្តង ហើយ​បច្ចុប្បន្ន​មេធាវី​របស់​ឧកញ៉ា ខូវ ផល្លា​បុត្រ ជា​អ្នក​តតាំង​ក្តី​នៅ​តុលាការ ៕

photo 3