រថយន្ត​តូ​រី​សដឹក​ផ្លែឈើ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​ខ្ទេច​អស់​ចំនួន​៦​ផ្ទាំង​

​ភ្នំពេញ ៖ ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​៦​ផ្ទាំង បាន​រង​ការខូចខាត​បែកខ្ទេច​ដាច់ចេញ​ពី​គ្នា ដោយសារតែ​មាន​រថយន្ត​តូ​រី​ស​មួយ​គ្រឿង​បើកបរ ក្នុង​ល្បឿង​យ៉ាង​លឿង រេ​ចង្កូត​ជ្រុល​បុក​ចំ​ពេញទំហឹង តែ​មិន​បង្ក​ឱ្យមាន​គ្រោះថ្នាក់ ដល់​ន​ណារ​ម្នាក់​នោះ​ទេ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​នឹង​១៥​នាទី​រំលង​អាធ្រា​ត្រ​ឈាន ចូល​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៤ ត្រង់​ចំណុច​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ឋជន និង​យុវ​នីតីសម្បទា បណ្តោយ​ផ្លូវ​ព្រះ មុន្នី​វង្ស ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។​

​យោងតាម​ប្រភព​ព៌មាន​ពី​សាក្សី​នៅ​ជិត​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន ឃើញ​រថយន្ត​តូ​រី​សដឹក​ផ្លែឈើ​ពេញ​មួយ​គ្រឿង​ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-6196 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្តោយ​ព្រះមុន្នីវង្ស ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ មកដល់​ចំណុច​មុខ​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ឋជន និង​យុវ​នីតីសម្បទា ស្រាប់តែ​រថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​លាន់​ដូច​រន្ទះ បណ្តាលឱ្យ​បែក​ខ្ទេច​ដាច់ចេញ​ពី​គ្នា​ចំនួន​៦​ផ្ទាំង  ។ ហើយ​រថយន្ត​បាន​ឡើង​កល់​ទៅលើ​របាំង​ថ្ម​ទៅមុខ​លែង​រួច​រង​ការខូចខាត​យ៉ាងដំណំ ចំណែក​អ្នកបើកបរ​រថយន្ត​បង្កហេតុ​បាន​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង  ។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ធ្វើការ​អន្តរាគមន៍ភ្លាមៗ​ដល់​កន្លែងកើតហេតុ និង​សហការ​ជាមួយ​ជំនាញ​អូស​យក​រថយន្ត​បង្ក ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាច​រណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ។ សូមបញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បង្កឡើង​ដោយសារ អ្នកបើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន​ហើយ​ប្រហែល​ជា​ងងុយដេក​ង​ក់មួយ​ភាំង តែ​មិន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់ ដល់​ន​ណា​ម្នាក់​នោះ​ទេ ៕
IMG_6246 IMG_6247 IMG_6248