ក្រុមក្មេងស្ទាវ​មួយ​ក្រុម​ជិះ​ម៉ូតូ​ដេញ​គុប​បុរស​ម្នាក់ ខណៈ​ដែល​កំពុង​បើកប​រ​រថយន្ត​

ភ្នំពេញ​៖ ក្រុម​ក្មេងស្ទាវ​មួយក្រុម​មាន​គ្នា​ប្រមាណ​ជាង​១០​នាក់​ជិះ​ម៉ូតូ​៤​ទៅ​៥​គ្រឿង ប្រដាប់​ដោយ​ដុំ​ថ្ម​ហើយ​បានធ្វើ​សកម្មភាព​គុប​ទៅលើ​បុរស​ម្នាក់ ដែល​កំពុង​បើក​រថយន្ត​តាម​ដងផ្លូវ បណ្តាលឱ្យ​រងរបួស​ផ្ទៃមុខ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​១០​នាទី​យប់ ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ស្ថានទូត​ចិន តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ទូល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន​។​
​    ​
តាម​ការរៀបរាប់​ពី​ជនរងគ្រោះ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គាត់​បាន​ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៣០ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2J-6553 ដែល​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​ល្មម ខណៈ​មក​ដល់​ចំណុច​មុខ​ស្ថានទូត​ចិន​ស្រាប់តែ​មាន​ក្រុមក្មេងស្ទាវ​មួយ​ក្រុម​ជិះ​ម៉ូតូ​៤​ទៅ​៥​គ្រឿង​មាន​គ្នា​ប្រហែល​ជាង​១០​នាក់ បាន​ជិះ​មក​ក្បែរ​ហើយ​បាន​យក​ដុំថ្ម​គុប​ចូលទៅ​ក្នុង​រថយន្ត បណ្តាល​ឲ្យ​គាត់​រងរបួស​ផ្ទៃមុខ​ផ្នែក​ខាងឆ្វេង ដោយ​មិន​ដឹង​មូលហេតុ ហើយ​ក្រុម​បង្ក​បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួន​បាត់​ស្រមោល​តែម្តង ។​

​ជនរងគ្រោះ​បាន​បន្តថា ក្រោយ​ពី​ពួក​ក្រុម​ក្មេងស្ទាវ​បាន​យក​ដុំថ្ម​គុប​មកលើ​រូប​គាត់​ឲ្យ​របួស​រួចមក គាត់​បាន​បត់​ក្បាល​រថយន្ត​មក​ក្រោយ ហើយ​បាន​ទៅ​ប្តឹង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន តែ​បែរជា​កម្លាំង​កង​រា​អាវុធហត្ថ​មិន​អើពើរ ហើយ​បែរជា​ប្រាប់​ឲ្យ​ជនរងគ្រោះ​ត្រលប់​ទៅ​ផ្ទះ​ដើម្បី​លាង​របួស​ទៅ​វិញ​។ ក្រោយមក​ជនរងគ្រោះ​ក៏​បាន​ឡើង​បើក​រថយន្ត​ចេញទៅ​ផ្ទះ​វិញ​ដោយ​មិន​បាន​ដាក់​ពាក្យបណ្តឹង​អ្វី​ទាំងអស់​ហើយ​បាន​រិះគន់​ទៅលើ​កម្លាំង​កងរាជអាវុធហត្ថ​យ៉ាង​ខ្លាំង​នៅ​ទង្វើ​បែប​នេះ​៕

Untitled-2 Untitled-3