ថយ​ក្រោយ​មិន​ប្រយ័ត្ន កិន​កូន​របស់​ខ្លួនឯង​ស្លាប់​យ៉ាង​អាណោចអាធ័ម

​ភ្នំពេញ ៖ ឪពុក​-​ម្តាយ បាន​ស្រែក​ទ្រហោយំ ដូច​អក ស្តាយស្រណោះ​កូនប្រុស អាយុ​ទើប​២​ឆ្នាំ ជាទី​ស្រឡាញ់រ​បស់ ខ្លួន ដែល​បាន​ស្លាប់​បាត់បង់​ជិវិត កើតចេញពី​ការធ្វេសប្រហែស​របស់​ខ្លួន ថយ​រថយន្ត​ទាំង​មិន​បាន​មើល កិន​ពី​លើ បែកក្បាល​ធ្លាយ​ខួ ខណៈ​កុមារា​រូបនេះ ចូល​យក​ប៉េងប៉ោង​នៅ​ក្រោម​រថយន្ត ។​

​លោក សេង ឡុង អ្នកយក​ព័ត៌មាន មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល ប្រចាំ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​រៀបរាប់​ឲ្យដឹងថា ហេតុការណ៍ វិប្បដិសារី​កើតចេញ ពី​សកម្មភាព​បុរស​ជា​ឪពុក​នេះ បាន​កើតឡើង នៅវេលា​ម៉ោង​ប្រមាណ ៧​ព្រឹក​ថ្ងៃ ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៤ ក្នុងភូមិ​ឈ្នួល​ខ្ពស់ សង្កាត់​កំប៉ូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​លោក សេង ឡុង បាន​បន្តថា នៅ​មុនពេល​កើតហេតុ លោក ភ្លុក សាវ៉ាត អាយុ ២៨​ឆ្នាំ ដែល​មានរ​បរជា​អ្នក​ដឹក ក្រណាត់ និង​អេតចាយ​នោះ បាន​ប្រលែង​លេង ជាមួយ​កូន​របស់​ខ្លួន​ធម្មតា​។ លុះដល់​ម៉ោង​កើតហេតុ បាន​ឡើង​បើក រថយន្ត​ចេញ​ទៅ​ដឹក​ក្រណាត់​នៅ​រោងចក្រ ដោយ​មិនដឹងថា កូន​របស់​ខ្លួន​នៅ​ក្រោម​រថយន្ត ហើយក៏​មិន​ដឹង​ថា ខ្លួន បាន​កិន​កូនប្រុស​នោះ​ដែរ ។​

​បើ​តាម​ការរៀបរាប់ ពី​សាក្សី​នៅ​កន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយពី​រថយន្ត​ឪពុក បើក​ចេញ​ទៅ​មួយ​សន្ទុះ​ធំ ស្រាប់​កុមារី ដែល​ជា​បងស្រី​របស់​កុមារា​រងគ្រោះ បាន​ក្រឡេកឃើញ​ប្អូន​ប្រកាច់ នៅលើ​វាលស្មៅ ក៏​រត់​ទៅ​មើល ហើយ ហៅ​ជីដូន និង​ម្តាយ​របស់​ខ្លួន​ឲ្យទៅ​មើល ស្រាប់តែ​ឃើញ​កុមារា​រងគ្រោះ​បែក​ខួ​ស្លាប់បាត់​ទៅ​ហើយ ។​

​លោក ភ្លុក សាវ៉ាត ក្រោយ​ទទួលបាន​ទូរស័ព្ទ ប្រាប់​ពី​ហេតុការណ៍ អកុសល បាន​ស្លុត​អារម្មណ៍​ជា​ពន់ពេក និង​បើក រថយន្ត​ត្រឡប់មកផ្ទះ​វិញ​។ លោក ភ្លុក សាវ៉ាត បាន​ប្រាប់ថា លោក​មិន​បានដឹងថា រថយន្ត​លោក​បាន​កិន​កូន​ស្លាប់​នោះ ទេ ។​

លោក ភ្លុក សាវ៉ាត បាន​បន្តថា ពេល​លោក​ចេញ​រថយន្ត ទៅ​ដឹក​ក្រណាត់​នៅ​រោងចក្រ​នោះ មិន​បានដឹងថា កូនប្រុស កំពុង​លេង​ប៉េង​ប៉ោង ក្រោម​រថយន្ត​ឡើយ ។ កុមារា​រងគ្រោះ មានឈ្មោះ វ៉ាត ដេវីត អាយុ ២​ឆ្នាំ ។​
​កុមារា​រងគ្រោះ វ៉ាត ដេវីត ជា​កូនប្រុស ក្នុងចំណោម​បងប្អូន​២​នាក់ នៃ​ចំណងដៃ​អាពាហ៍ពិពាហ៍​របស់លោក ភ្លុក សាវ៉ាត អាយុ ២៨​ឆ្នាំ និង​អ្នកស្រី ម៉ៅ ស្រី​លក្ខណ៍ អាយុ ២៣​ឆ្នាំ ៕