​អាជ្ញាធរ និង​សមត្ថកិច្ច ខណ្ឌ​សែន​សុខ ចុះ​ធ្វើ​រដ្ឋបាល នៅ​ប្លុក​ត្រពាំង​ឈូក ឃាត់ ខ្លួន​ចែកចាយ និង​ជក់​ថ្នាំញៀន ៣​នាក់​

​ភ្នំពេញ ៖ អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច ចម្រុះ​ទាំង​នគរបាល ទាំង​អាវុធហត្ថ និង​ប្រជា​ការពារ​ជាច្រើន​នាក់ របស់ ខណ្ឌ​សែន​សុខ នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ បាន​ចុះ​ធ្វើ​រដ្ឋបាល​នៅ តំបន់​ស្មុគ្រស្មាញ និង​គ្មាន​របៀប រៀបរយ ក្នុង​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​ឃាត់ខ្លួន​ជន​ចែកចាយ និង​ជក់​ថ្នាំញៀន ៣​នាក់​ផង​ដែរ ។​

​យុទ្ធនាការ ចុះ​ធ្វើ​រដ្ឋបាល​នៅ​តំបន់​ស្មុគ្រ ស្មា​ញ ដែល​តែងតែ​ទទួលរង​នូវ​ការរិះគន់ ពី​មជ្ឈដ្ឋាន​ទូទៅ​នោះ បាន​ធ្វើឡើង​ក្រោម ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​សំណាក់​លោក​លី សា​វ៉េ​ត ប្រធាន​គណៈ​បញ្ជាការ​ឯកភាព ខណ្ឌ​សែន​សុខ លោក​ម៉ូ​វ ម៉ានិត អភិបាលរង ខណ្ឌ និង​លោក​ម៉ក់ ហុង អធិការនគរបាល ខណ្ឌ​សែន​សុខ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច ដែល​ចូលរួម នៅក្នុង​យុទ្ធនាការ​នេះ បានបញ្ជាក់​ថា ជន ចែកចាយ​និង​ជក់​គ្រឿងញៀន ៣​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន ទី​១ ឈ្មោះ​ម៉ម សុផាន់ ណា អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ព្រីង ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទី​២ ផុន ថាវ​រី អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​ទី​៣ ឈ្មោះ​សុខ ដឿ​ន អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​រកា​ធំ សង្កាត់រ​កា​ធំ ក្រុង​ច្បារមន ខេត្ដ​កំពង់ស្ពឺ ។​

​ក្រៅពី​ការឃាត់ខ្លួន ជនសង្ស័យ​ទាំង​៣ នាក់​រួច​មក សមត្ថកិច្ច​ក៏​បាន​ដកហូត​ឧបករណ៍​សម្រាប់​ជក់ និង​ប្រើប្រាស់ គ្រឿងញៀន​មួយចំនួន​ផងដែរ ។​

​អភិបាល​ខណ្ឌ​សែន​សុខ លោក​លី សា​វ៉េ​ត បានបញ្ជាក់​ថា ក្រោយពី​មាន​ការលើកឡើង និង​សំំណូមពរ ពី​មជ្ឈដ្ឋាន ទូទៅ ចំពោះ​ភាពអនាធិបតេយ្យ នៅ​ភូមិ ត្រពាំង​ឈូក​នោះ លោក​បាន​ដឹកនាំ​កម្លាំង ចម្រុះ​ចុះ​ទៅ​ធ្វើ រដ្ឋបាល​ស្រាវ ជ្រាវ​រក​មុខសញ្ញា​ទាំង​នេះ ហើយ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ នៅ​តំបន់​នោះ ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច និង អាជ្ញាធរ ដើម្បី​ទប់ស្កាត់​បទល្មើស​នានា ដែល​អាច​កើតមានឡើង ។​

​សម្រាប់​ជនសង្ស័យ​ទាំង​៣​នាក់​នៅ​ពេល នេះ សមត្ថកិច្ច​បាន​បញ្ជូន​ពួកគេ​ទៅ​អធិការ ដ្ឋា​ន​នគរបាល​ខណ្ឌ ដើម្បី​ធ្វើ​ការសួរនាំ និង ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។​

​គួរកត់សម្គាល់​ថា មុខសញ្ញា​ដែល​ពាក់ ព័ន្ធ​ទៅនឹង​បញ្ហា​គ្រឿងញៀន ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​ជា​បន្ដបន្ទាប់ ប៉ុន្ដែ​មុខសញ្ញា​ទាំងនេះ មិនទាន់​អស់​នោះ​ឡើយ ពោល​ពួកគេ​បាន​ទៅ​លាក់​ខ្លួន​ពួន​អាត្មា​នៅ​ទីនោះ ដើម្បី​បន្ដ​ធ្វើ​សកម្មភាព​៕
d21921