អង្គភាពប្រឆាំងអំពើពុករលួយ កោះហៅ នគរបាលខណ្ឌមានជ័យ និងអតីតនគរបាលខណ្ឌមានជ័យ៥រូបទៅសួរនាំ
|ភ្នំពេញ៖ ប្រភពច្បាស់ការពីមន្ត្រីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា និងព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤នេះ អង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅ អធិការ អធិការរង និងមន្ត្រីនគរបាលខណ្ឌមានជ័យ សរុបចំនួន៥នាក់ ទៅសួរនាំនៅអង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹងរឿងអំពើពុករលួយ ។
បុគ្គលនគរបាលខណ្ឌមានជ័យ ដែលអង្គភាពប្រឆាំងអំពើពុករលួយកោះហៅទៅសួរនាំ រួមមាន លោក ហ៊ី ណារិន អធិការនគរបាលខណ្ឌមានជ័យ លោក តេង ស៊ីណូ អធិការរងនគរបាលខណ្ឌច្បារអំពៅ ក្នុងតំណែងនិងអតីតអធិការរងនគរបាលខណ្ឌមានជ័យ លោក ឡាយ គឹម ឈុន មន្ត្រីនគរបាលខណ្ឌច្បារអំពៅ អតីតនគរបាលខណ្ឌមានជ័យ លោក ប៉ែន សុវាសនា មន្ត្រីនគរបាលចរាចរណ៍ខណ្ឌមានជ័យ និងលោកស្រី ផាន់ ចាន់ថុល មន្ត្រីនគរបាលខណ្ឌមានជ័យ ។ ប៉ុន្តែបុគ្គលទាំង៥នាក់នេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ អនុញាតិឲ្យឈ្មោះ ប៉ែន សុវាសនា និងឈ្មោះ ផាន ចាន់ថុល ត្រឡប់មកកាន់អង្គភាពវិញ តាំងពីល្ងាចថ្ងៃ៣០ កញ្ញាម្ល៉េះ ។ ប៉ុន្តែបុគ្គល៣ឈ្មោះទៀត ក្នុងចំណោមនេះ មិនទាន់ដឹងថា អង្គភាពប្រឆាំងអំពើពុករលួយចាត់ការយ៉ាងណានោះទេ ។