យុទ្ឋសាស្រ្តច្រែះស៊ីដែក យួនបោះទុន១ពាន់លានដុល្លារលើវិស័យកសិកម្ម

ក្រុមហ៊ុន​របស់​វៀតណាម​មួយ ឈ្មោះ FLC Group មាន​គម្រោង​នឹង​មក​បោះទុន​វិនិយោគ​ចំនួន ១​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩ ខាង​មុខ ដើម្បី​វិនិយោគ​លើ​វិស័យ​កសិកម្ម ទេសចរណ៍ អាកាសចរណ៍ និង សណ្ឋាគារ​នៅ​ក្នុង​ប្រទេស​ខ្មែរ ។ គម្រោង​នេះ​ត្រូវ​បាន​បង្ហាញ​ឡើង​នៅ​ក្នុង​ជំនួប រវាង​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ និង​តំណាង​ក្រុមហ៊ុន​វៀតណាម FLC Group ខាងលើ កាលពី​ថ្ងៃ​ទី ១០ ខែឧសភា ឆ្នាំ ២០១៨​កន្លង​ទៅ​នេះ ។

បើ​តាម​មន្ត្រី​រាជរដ្ឋាភិបាល​ដែល​ចូលរួម​នៅ​ក្នុង​ជំនួប​ខាងលើ​នេះ​ដែរ​បាន​បញ្ជាក់​ទៀត​ថា ការ​បោះទុន​វិនិយោគ​របស់​ក្រុមហ៊ុន​មក​ពី​ប្រទេស​វៀតណាម​លើ​ផ្នែក​កសិកម្ម​នេះ​រួម​មានការ​ដាំ​ដុះ​បន្លែ ម្ទេស និង ផ្លែ​ឈើ​មួយ​ចំនួន សម្រាប់​ធ្វើការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស និង ការ​ផ្គត់ផ្គង់​ទេសចរ នៅ​ក្នុងស្រុក ។ ក្រៅពី​នេះ ក្រម​ហ៊ុន​ការ​កែ​ច្នៃ វិច​ខ្ចប់ នូវ​ផលិតផល​កសិកម្ម នៅ​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​នាំ​ចេញ​ក្រៅប្រទេស ។

លោក សម វិទូ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (​សេ​ដាក​) យល់​ថា កម្ពុជា​មិន​ចាំបាច់​ឲ្យ​មានការ​វិនិយោគ​បរទេស​លើ​ការ​ដាំ​បន្លែ និង​ផ្លែ​ឈើ​នោះ​ទេ​។ ប៉ុន្តែ​រដ្ឋ​ត្រូវ​បង្រៀន​បច្ចេកទេស​កសិកម្ម​ដល់​កសិករ​របស់​ខ្លួន​។ លោក​ថាបើ​ឲ្យ​បរទេស​មក​ធ្វើ​កសិកម្ម​នៅ​កម្ពុជា នោះ​វា​ប៉ះពាល់​ដល់​មុខរបរ និង​ការងារ​របស់​ពលរដ្ឋ​ខ្មែរ ហើយ​ផលិតផល​ទាំងនោះ អាច​ប្រើប្រាស់​គីមី​ច្រើន នាំ​ឲ្យ​ខូច​ឈ្មោះ​ផលិតផល​ខ្មែរ​។

ចំណែក លោក សន ជ័យ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម បារម្ភ​ថា ក្រោយ​ពី​ជួល​ដី​ខ្មែរ​ធ្វើ​កសិកម្ម​ហើយ ដី​នោះ​អាច​នឹង​ខូចគុណភាព​ដោយសារ​តែ​ការ​ប្រើប្រាស់​ថ្នាំ​គីមី​នៅ​ពេល​វៀតណាម​ដាំ​បន្លែ​។ ម្យ៉ាងទៀត ការ​ដែល​វៀតណាម​ចង់​ចេញ​មុខជា​អ្នក​វេច​ខ្ចប់​ផលិតផល​កសិកម្ម របស់​ខ្មែរ​អាច​ធ្វើ​ឲ្យ​ខូច​មុខមាត់​ផលិតផល​កម្ពុជា​លើ​ទីផ្សារ​អន្តរជាតិ ខណៈ​ប្រទេស​វៀតណាម ត្រូវ​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ដែល​សហភាព​អឺរ៉ុប ព្រមាន​ថា​ជា​ប្រទេស​ផលិត​កសិផល​ដែល​ប្រើប្រាស់​ថ្នាំ​គីមី​នាំ​ឲ្យ​ខូច​ដល់​សុខភាព​អ្នក​ប្រើប្រាស់​។

ទោះ​យ៉ាងណា ក្រសួងកសិកម្ម នៅ​មិន​ទាន់​បញ្ជាក់​ថា ក្រុមហ៊ុន​វិនិយោគ​ដាំ​បន្លែ​របស់​វៀតណាម នឹង​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​បច្ចេកទេស ស្តី​ពី​ការ​ប្រើប្រាស់​ថ្នាំ​គីមី​យ៉ាងណា​នៅឡើយ​ទេ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ដី និង​ខូចសុខភាព​អ្នក​ប្រើប្រាស់​។

បើ​តាម លោក ទី សុគន្ធ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៨​នេះ​ថា ការ​ដាំ​ដុះ​ផលិត​បន្លែ ផ្លែ​ឈើ​នៅ​កម្ពុជា​ទើបតែ​បាន​ចំនួន​៥០% ប៉ុណ្ណោះ ហើយ​នាំ​ចូល​ពី​ប្រទេស​ក្រៅ ៥០% ដើម្បី​បំពេញតម្រូវការ​លើ​ទីផ្សារ​។ តួលេខ​ក្រសួងកសិកម្ម​ដដែល បង្ហាញ​ថា​ប្រទេស​កម្ពុជា​បាន​ចំណាយ​លើ​ការ នាំ​ចូល​បន្លែ​ពី​ក្រៅប្រទេស​ប្រមាណ ២០០​លាន​ដុល្លារ ក្នុង​១​ឆ្នាំ​ៗ​ក្នុង​នោះ កម្ពុជា​បាន​នាំ​ចូល​បន្លែ​គិត​ជា​បរិមាណ ចំនួន​ជាង​១៤​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ ហើយ​បរិមាណ​នេះ គឺ​ស្មើនឹង​ជាង​ពាក់កណ្តាល នៃ​បរិមាណ​តម្រូវការ​បន្លែ​សរុប​នៅ​ក្នុង​ប្រទេស​៕

Comments