ស្រីទំនើងធ្លាប់បាញ់បោះនៅមុខវត្តសន្សំកុសល ត្រូវចាប់ខ្លួននៅថ្ងៃទី៣នៃបុណ្យចូលឆ្នាំថ្មីនេះ (មានវីដេអូ)
|រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៦ មេសា ឆ្នាំ ២០១៨ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនកំពូលស្រីជើងខ្លាំងអុកឡុកសង្គម ដែលគុកដាក់មិនដែលជាប់យូរ ឈ្មោះ កែវ រតនៈ ហៅ សុខ នាងហ្គេច បន្ទាប់ពីរូបគេបានយកសាំងពីរកានចាក់ដុតរោងចក្រកែច្នៃគ្រឿងសង្ហារិមមួយកន្លែង ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយបើកឡានគេចខ្លួន តែសំណាងអាក្រក់ ត្រូវបាន សមត្ថកិច្ចតាមចាប់ខ្លួនបាននៅភូមិសាស្ត្រខណ្ឌទួលគោក រួចនាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញដើម្បីសួរនាំ ចាត់ការតាមច្បាប់។
គួរបញ្ជាក់ថា ស្ត្រីអ្នកលេងអាងកាប់ចាក់បាញ់បោះ បើកឡានបុករាស្ត្រស្លូតត្រង់ ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការជាបន្តបន្ទាប់ តែគុកដាក់នាងមិនសូវជាប់ទេ គឺរបូតចេញក្រៅគុករហូត។ ជាក់ស្ដែងកាលពីពេលកន្លងមក ស្ត្រីរូបនេះ ធ្លាប់ដកកាំភ្លើងបាញ់គំរាមពលរដ្ឋនៅជិតវត្តសន្សំកុសលម្ដង និង បើកឡានបុកពលរដ្ឋម្ដង ព្រមទាំង មានរឿងជាច្រើនទៀតស្ទើររាប់មិនអស់។
មានពេលខ្លះសម្ដេចតេជោ ហ៊ុន សែន ធ្លាប់ប្រកាសបញ្ជាឲ្យសមត្ថកិច្ចចាប់នាងហ្គេចដាក់គុកទៀតផង។ ប៉ុន្តែជាប់គុកមិនបានប៉ុន្មានផង ក៏របូតចេញមកវិញ ប្រព្រឹត្តអំពើអាក្រក់ដដែល។
ដោយឡែក នៅព្រឹកថ្ងៃទី ១៦ មេសា ឆ្នាំ ២០១៨ នាង កែវ រតនៈ ហៅ ហ្គេច បានយកសាំងពីរកានចាក់ដុតរោងចក្រកែច្នៃគ្រឿងសង្ហារិមមួយកន្លែងស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយបើកឡានគេចខ្លួន ដោយមិនទាន់ដឹងមូលហេតុអ្វីឡើយ ទើបរូបនាងសម្រេចចិត្តទៅដុតរោងចក្រកែច្នៃឈើខាងលើ ហើយប្រភពព័ត៌មាននេះក៏មិនទាន់ចាត់ទុកជាផ្លូវការនៅឡើយដែរ។
ប្រភពមួយបានបង្ហើបថា ស្រីទំនើងខាងលើនេះ ពេលមានរឿងកើតឡើងម្ដងៗ មានតាៗ ដែលមានបុណ្យសក្តិធំៗ ចេញមុខអន្តរាគមន៍ជារៀងរហូត ធ្វើឲ្យ មន្ត្រីតូចតាចអ្នកអនុវត្តច្បាប់ញាក់សាច់ ខ្លាចអស់បុណ្យសក្ដិគ្រប់ៗគ្នា។ ចាំមើលករណីខាងលើនេះ បើមានប្រភពច្បាស់ថា បុគ្គលណាម្នាក់ ជាអ្នកអន្តរាគមន៍ ជួយមនុស្សខូចឲ្យរួចពីសំណាញ់ច្បាប់ ដំណឹងយប់មិញនឹងផ្សាយឈ្មោះបុគ្គលនោះចំៗតែម្ដង ទោះបីជាមានឋានៈជាអ្វីក៏ដោយ។