ឆ្លង​ចរន្ត​អគ្គីសនី​នៅ​លើ​រាន​ទេវតា ឆេះ​ផ្ទះ​មួយ​ខ្នង​ខ្ទេច ​

ភ្នំពេញ​ ៖ ពិត​ជា​សោកស្ដាយ​ណាស់​ដែល​មាន​អគ្គិ​ភ័​យ​មួយ​បាន​ឆាប​ឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​យ៉ា​ង​សន្ធោ​សន្ធៅ​ បង្កការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ជិ​ត​ខាង​ស្រែក​ឆោរ​ឡោ​ឡើង​ទាំង​រំលង​អាធ្រាត្រ រួច​នាំ​គ្នាជួយទាញម៉ាស៊ីនបូមទឹកបាញ់ពន្លត់ និងទាក់​ទង​សមត្ថកិច្ច​ហៅរថយន្ត​ពន្លត់​អគ្គិ​ភ័​យ ចុះ​អន្តរាគមន៍​​ភ្លាម​ៗ​។​ករណី​អគ្គិភ័យ​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង០០និង ៥០​នាទី​យប់ រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​​១៥​ ខែមេ​សា​ ឆ្នាំ​២០១៨​នេះ ត្រង់ចំណុចបត់​ចុះ​ពី​ផ្លូវ​ជា​តិ​លេខ​៤ ផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្នុងភូមិ​ព្រៃរ​មា​ស​២ សង្កាត់​បឹង​ធំ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជ​ធា​នីភ្នំពេញ​។

ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ជិត​ខាង​បាន​អះ​អាង​ថា គ្រាន់​តែ​លឺ​ផ្ទុះ​ផុង គាត់​ចេញ​មក​អឺត​មើល​ក៏​ឃើញ​ភ្លើង​កំពុងឆេះ​ចេញ​លើ​រាន​ទេវតា​នោះ​ហើ​យ គាត់​ក៏​បើក​ទ្វារ​ចេញ​មក​ក្រៅ​ស្រែក​ថា ភ្លើង​ឆេះ​ផ្ទះ​ហើយ​ៗ! ទើប​ផ្អើល​អ្នក​ភូមិ​ស្រែក​ឆោរ​ឡោ​បន្ត​បន្ទាប់​គ្នា ខណៈ​ដែល​អណ្ដាត​ភ្លើ​ង​កំពុង​ឆេះ​កាន់​តែ​ខ្លាំង​ ទើបម្ចាស់​ផ្ទះ​ដឹង​ខ្លួន​ទាំង​ភ័យ​​ស្លន់​ស្លោ​នាំគ្នា​ប្រមូល​សំភារៈ​សំខាន់​ៗ និង​របស់​មាន​តម្លៃ យក​ចេញ​មក​បាន​មួយ​ចំនួន​ប៉ុណ្ណោះ និងមាន​ទាំងអ្នក​ទាក់ទងទៅ​សមត្ថកិច្ច​ ដើម្បី​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ និង​មាន​អ្នក​ជួយ​ប្រមូល​សម្ភារៈ​ចេញ​ក្រៅ​មាន​ទាំ​ង​អ្នក​អូស​ទុយោ​ទឹក អ្នក​ទាញ​​ម៉ាស៊ីន​បូម​ទឹក យក​មក​ត​គ្នា ដើម្បី​បាញ់​ទឹក​ទប់​ស្កាត់​បណ្ដោះ​អាសន្ន ទើប​មានរថយន្តពន្លត់​អគ្គិភ័យ២​គ្រឿ​ង​មក​ដល់​កន្លែង​កើត​ហេតុ អន្តរាគមន៍​បាញ់​ពន្លត់ជា​បន្ត​បន្ទាប់​ ។
ក្រោយ​ពី​មាន​ការ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្ល​ត់ អស់​ទឹក​២​ឡាន ទើប​ភ្លើង​បាន​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង​​០១និង​៥១​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ដដែល​នេះ ។

ម្ចាស់​ផ្ទះ​ឈ្មោះ វ៉ាន់ សុភា អាយុ៣៧ឆ្នាំ មុខរ​​​ប​រ​កម្មកររោងចក្រ បាន​អះ​អាង​និង​សមត្ថកិច្ច​បា​ន​ដឹង​ថា ផ្ទះ​របស់​គាត់​មាន​ទំហំ ៦​ម៉ែត្រ​ x ៨​ម៉ែ​ត្រ ជា​ផ្ទះ​​ឈើ​ខាង​លើ​ប្រក់​ក្បឿង ថ្ម​ក្រោម ហើយ​នៅ​មុនចូលសំរាក​ភ្លើងទានធុប​គាត់​បាន​ពន្លត់​អស់​ហើយ ទើប​ចូល​សំរាក ដោយឡែក​នៅ​សល់​តែ​ភ្លើង​ពណ៍ ដែល​ដាក់​​តុប​តែង​​លំអ នៅ​លើ​រាន​ទេវតា​ប៉ុណ្ណោះ​ទើបរក​មូល​ហេតុ​ឃើ​​ញ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិ​សនីទុស្សេបង្កជាអណ្តាតភ្លើងទើបបង្កឲ្យឆេះរាលដាលខូចខាតផ្ទះទាំងស្រុង ព្រមទាំងសម្ភារៈ​ក្នុង​ផ្ទះ​មួយ​ចំនួន​ទៀត ៕

Comments