សាហាវម្លេះ! ប្រទះ​ឃើញ​សាក​សព​បុរស​ម្នាក់​គេ​សម្លាប់​ច្រក​បាវ​ដាក់ ក្នុង​អណ្ដូង​ស្អុយ​រលួយ រួម​ទាំង​ម៉ូតូ​១​គ្រឿង

ខេត្ដរតនគិរី៖ សាក​សព​បុរសវ័យ​ចំណាស់​អាយុ​៥១​ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ នៅក្នុង​អណ្ដូង​រំបាវ​ពី​ក្រៅ​ស្អុយ​រលួយ​សល់​តែ​គ្រោង​ឆ្អឹង។ ហេ​តុការណ៍​នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ២០១៨ នៅចំណុ​​ច​អណ្ដូង​ក្នុង​ចម្ការ​ស្វាយ​ចន្ទី ស្ថិត​ក្នុង​​ភូមិ​​តា​កាប់ ឃុំ​​តា​អង ស្រុក​​កូន​​មុំ ខេត្ត​រតនគិរី ។ សាក​សព​​ជនរ​ងគ្រោះ​មានឈ្មោះ ស៊ូ សៀក ភេទ​ប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដើរ​ទិញ​ឈើ​ មាន​លំនៅ​ភូមិ៧​មក​រា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរត​ន​គិរី ។

យោង​តាម​ប្រភព​ពី​គ្រួសារ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​​បាត់​​ខ្លួន​រយៈ​​ពល​៣​ខែ​​កន្លះ​មក​ហើ​យ បន្ទាប់​ពី​​មាន​​គេ​​ទូរស័ព្ទ​​ហៅ​​ចេញ​ពី​ផ្ទះ ក្រោយ​មក​ប្រពន្ធ​​បាន​ទៅ​​ប្ដឹង​​សមត្ថកិច្ច ព្រម​ទាំង​​សាច់​ញាតិ មិត្ត​​ភក្ដិ បាន​​ជួយ​​ស៊ើប​​និង​ដើ​ររក​ដែរ​តែ​រក​​មិន​ឃើញ ដល់​​តែ​​ប្រទះ​ឃើញ​ចៃ​ដន្យ​ម៉ូតូ និង​​សាក​សព សល់​តែ​ឆ្អឹង​នៅ​ក្នុង​អ​ណ្ដូង ។

តាម​​ការ​រៀប​រាប់​​ពី​​ប្រពន្ធ​​សព​បាន​​ឲ្យ​​ដឹង​ថា កន្ល​ង​មក​ប្ដី​​គាត់ តែង​តែ​​ជិះ​ម៉ូតូ​​ដើរ​​ទិញ​​ឈើ​រហូត​ដល់​​ភូមិ​​រំពាត់ និង​​ភូមិ​​តា​​ឡា​ត់ ខេត្ត​ស្ទឹង​ត្រែង។ ហើយ​​បាន​​បាត់​​ខ្លួន​​តាំង​ពី​​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ២០១៧ មក​ម្លេះ។ នៅ​ថ្ងៃ​​បាត់​​ខ្លួន ប្ដី​គាត់​បាន​​ឌុប​​ឈើ​១​ដុំ​​ម​ក​ដល់​ផ្ទះ ហើយ​​ងូត​ទឹក ស្រាប់​​តែ​មាន​​គេ​​ទូរស័ព្ទ​​ហៅ​​គាត់​​ឲ្យ​​ទៅ​​មើល​ឈើ គាត់​ក៏​​ជិះ​ម៉ូតូ​​ចេញ​ទៅ ជ​ន្លោះ​​ម៉ោង​២ ទៅ​​ម៉ោង​៣រសៀល។ រហូត​ដល់​​ល្ងាច​​ថ្ងៃ​ដដែ​ល ប្រហែល​ជា​​ម៉ោង​៥ កូន​ស្រី​​គាត់​​ក៏​​ទូរស័ព្ទ​ទៅ​រក​​ឪពុក​តែ​​មិន​មាន​​អ្នក​​លើក កូន​ស្រី​​គាត់​​ក៏​ទូរស័ព្ទ​​ចូល​​លើក​​ទី​២ ស្រាប់​​តែ​មាន​​គេ​​ចុច​​បិត បន្ទាប់​មក​​ចុច​​ទូរស័ព្ទ​​លែង​​ចូល​​រហូត ។ ប្រ​ព​ន្ធ​​សព​​ជនរងគ្រោះ​បាន​​បន្ត​ទៀត​ថា បន្ទាប់​ពី​​បាត់​ប្ដី​​មិន​មាន​​ដំណឹង គាត់​​ក៏​បាន​ទៅ​ប្ដឹង​សមត្ថកិ​ច្ច ព្រម​ទាំង​​ញាតិ​មិត្ត​​ជិត​ខាង​​តាម​​ស៊ើប​រក​រហូ​ត ជា​ច្រើន​​ថ្ងៃ​ខែ​​មក​ហើយ តែ​​គ្មាន​​តំ​រ៉ុយ​​សោះ ទើប​​គាត់​​សម្រេច​ចិត្ត​​ធ្វើ​បុណ្យ​១០០​ថ្ងៃ​​ជូន​​ប្ដី​គាត់​​​កាល​ពី​៥​ថ្ងៃ​មុន ។

បើ​តាម​​ការ​ពិនិត្យ​​សន្និដ្ឋាន​​ជំហាន​​ដំបូង លោក យឹម សារ៉េត នាយ​ការិយាល័យ​​បច្ចេក​ទេស វិទ្យា​សាស្ត្រ នៃ​​ស្នង​ការ​​ខេត្ត បាន​​ឲ្យ​​ដឹង​ថា ករណី​នេះ​ជា​​អំពើ​​ឃាតកម្ម​​ពិត​ប្រាកដ​​ណាស់ ដោយ​​គ្រោង​ឆ្អឹង​​ក្បាល​មាន​​សភាព​​បែក​ខ្ទេច ដូច្នេះ​​ជនរ​ង​គ្រោះ​ស្លាប់​​ដោយ​សារ​​គេ​​វាយ​បំបែក​​ក្បាល ហើយ​​ច្រក​​ការុង​​ទំលាក់​​ចូល​អណ្ដូង ។ លោក​​បាន​​បន្ត​ទៀត​ថា ជន​ដៃ​ដល់​បាន​​យក​​សព​​ទំលាក់​​ចូល​ក្នុង​​អណ្ដូង​​មុន ទើប​យក​​ម៉ូតូ​​ជនរ​ងគ្រោះ​ទំលាក់​​តាម​​ក្រោយ ក៏​ប៉ុន្តែ​ម៉ូតូ​​មិន​បាន​​ធ្លាក់​​ដល់​​បាត​​អណ្ដូង​​ទេ ហើយ​ជន​ដៃ​ដល់​​បាន​​យក​​ជំនៀរ​​ឈើ​​មក​​គ្រប​​មាត់​អណ្ដូ​ង ដែល​​បណ្ដាល​​ឲ្យ​​ប្រជាពលរដ្ឋ​​ដើរ​​រើស​គ្រាប់​ស្វាយ​ចន្ទី ឃើញ​​បើក​​ជំនៀរ​​ឈើ​​មើល​​ក៏​​ឃើញ​ម៉ូតូ ហើយ​​រាយ​ការណ៍​​ជូន​​សមត្ថកិច្ច​​តែ​ម្ដង ។
បច្ចុប្បន្ន​សមត្ថកិច្ច​​ជំនាញ​​កំពុ​ងធ្វើ​ការ​ស្រាវ​ជ្រា​វ ដើម្បី​វែក​​រក​មុខ​​ជន​ដៃ​ដល់ ដើម្បី​​យក​មក​ផ្ដ​ន្ទា​ទោស ចំណែក​​គ្រោង​ឆ្អឹង​​សព​​ជនរ​ងគ្រោះ​សមត្ថកិច្ច​​បាន​ធ្វើ​​កំណត់​ហេតុ រួច​​ប្រគល់​ជូន​ក្រុមគ្រួសារ៕


Comments