ប្រកាស​ទោស​មន្ត្រី​អង្គ​រក្ស​ម្នាក់ និង​មន្ត្រី​ឃុំ​ម្នា​ក់ រឿង​ឆបោក​លុយ​ជិត​១​លាន​ដុល្លារ និង​ក្លែង​ឯក​សារ​ក្រោយ​ចូល​ឆ្នាំ​ថ្មី

ភ្នំពេញ៖ បន្ទាប់​ពី​បាន​បើក​សវនាការ​ជំនុំជ​ម្រះ​ទោស​ចំនួន ០២ សំណុំរឿង ចប់សព្វគ្រប់ នៅ​ថ្ងៃទី១២ ខែ​មេសា​ឆ្នាំ​២០១៨នេះ លោក កូយ សៅ ចៅ​ក្រម​ជំនុំ​ជម្រះ នៃសាលាដំបូងរាជធា​នី​ភ្នំពេញ បាន សម្រេចលើកពេល ទៅប្រកា​ស​សាល​ក្រម​សំណុំ​រឿង មន្ត្រី​កង​អង្គ​រក្ស​ម្នាក់ និ​ង​អតីតសមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុ​ក​ឈូក ខេត្តកំពត ម្នាក់ ដែលជាប់ពាក់ព័ន្ធ ប​ទ​ល្មើស ឆបោកលុយ ជិត១លាន ដុល្លារ និង​ក្លែង​ឯក​សារ​ដី​ធ្លី​ទៅ​រសៀល​ថ្ងៃ​ទី​២៧ខែមេ​សា ឆ្នាំ២០១៨​ខាង​មុខ ។

លោក ចែ សុង ជាតំណាងអយ្យការនៃសវនា​ការ បានចោទប្រកាន់​លើ​ជនជាប់​ចោទទី១​ឈ្មោះ ស៊ុន សៀង ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ ជាមន្ត្រីកងអង្គរក្ស និងទី២ឈ្មោះ ហេង សាន ភេទប្រុស អាយុ ៤៥ ឆ្នាំ ជាអ​តី​ត​សមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ពីបទ ក្លែងបន្លំ ប្រើប្រាស់លិខិត​ក្លែ​ង និងឆបោក ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា ៦២៦ មា​ត្រា ៦២៧ មាត្រា ៦២៨ មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការនាព្រឹកមិញនេះ ជនជាប់ចោ​ទ​ទាំង ០២នាក់ បានបដិសេធថា ពួកគេមិន​បានប្រព្រឹត្តដូចការចោទប្រកាន់របស់​តុលាការនោះ​ទេ ។ ពួកគេបានឆ្លើយដាក់ឈ្មោះ នាក់ វិចិត្រ ដែល​បានស្លាប់ដោយសារគ្រោះ​ថ្នាក់​ចរា​ចរណ៍បាត់ទៅហើយ ។

យោងតាមអំណានបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ណុប ម៉ូវ ភេទ​ស្រី មានប្តីឈ្មោះឃឹម សុខ នៅអំឡុង២០១៣បានស្គាល់​ក្រុម​ជនជា​ប់​ចោទទាំង២នាក់ខាងលើ ដែលជាអ្នករក​ស៊ី​នៅខេត្តកំព​តដោយមាន​ការទុកចិត្ត ដោយ​កា​រ​ជឿទុកចិត្តទើបប្រ​គល់លុយកក់ចំនួន ៥ម៉ឺ​ន​ដុល្លារឲ្យទៅជួយរកទិញដីចំនួន ៦០០០​ហិក​តា ពីប្រជាពលរដ្ឋនៅ​ខេត្តកំពតឲ្យ​ក្រុម​ហ៊ុន​កូរ៉េ​មួយ ។ ក្រោយមកទៀត ដើមបណ្តឹងបាន​​ប្រគល់​ប្រា​ក់​ចំនួន ៧៥ម៉ឺនដុល្លារទៀត ទៅឲ្យ​ក្រុមជន​ជា​ប់​ចោទ ជួយទិញដីចំនួន ២០០៥ ហិកតា​ប​ន្ថែ​ម ។

ប៉ុន្តែក្រោយពីបានទទួលលុយរួច ក្រុមជនជាប់​ចោទ បានត្រឹមតែ ប្រគល់ប្លង់ដីក្លែងក្លាយ និង​គ្មានដីពិតប្រាកក់ឲ្យដើមបណ្តឹងនោះទេ រួចក៏​រ​ត់​គេខ្លួនបាត់ស្រមោល ទើបដើមបណ្តឹងបាន​សម្រេចដាក់ពាក្យ​ប្តឹង នៅខេត្តកំពត និងខេត្ត​កណ្តាល តែតុលាការ មិនបានរក​យុត្តិធម៌​ឲ្យ​បា​ន ក៏បន្ត​ប្តឹងឲ្យតុលាការ​ក្រុង​ភ្នំពេញ​ជួយ​រក​យុត្តិធម៌ រហូត​ចាប់​ខ្លួន​ក្រុម​ជន​ជាប់​ចោទ​បាន យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​តែ​ម្តង។ ដើមបណ្តឹងបានសម្តែងក្តីសង្ឃឹមថាតុលាការនឹងផ្តល់យុត្តិធម៌ឲ្យ​ពួកគាត់ជាជនងគ្រោះ និង​ផ្តន្ទាទោសជនជាប់ចោទ ឲ្យសមតាមអំពើ​ដែ​​ល​​ពួកគេបានប្រព្រឹត្ត ។ ដើមបណ្តឹងបានទាមប្រាក់ដើមដែល​បាត់​បង់ ទាំង២លើក សរុប ៨០ម៉ឺនដុល្លារ និងទាមទារ​សំណងជំងឺចិត្ត សរុបចំនួន ៣លាន ៥ពាន់​ដុ​ល្លារ ពីក្រុមជនជាប់ចោទ។

ពាក់ព័ន្ធ នឹងសំណុំរឿងនេះ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ សាច់ញាតិរបស់ជន​ជាប់​ចោទ​ទាំង២នាក់ខាងលើ បានប្តឹងមេធាវី​ការពា​រ​សិទ្ធិរបស់ពួកគេទី១ឈ្មោះ នូ ចន្ថា និងទី២​ឈ្មោះ ថា សុភ័ក្ត្រ ជាក្រុមមេធាវីនៃការិយា​ល័​យ​ មេធាវី អិន ស៊ី ធី មានទីតាំងផ្ទះលេខ៣០ អឺ១ ផ្លូវ៣៥០ សង្កាត់បឹងកេងកងទី៣ ខណ្ឌ​ចំការ​មន រាជធានីភ្នំពេញ ទៅអង្គភាពប្រឆាំង​អំពើពុករលួយ ដោយចោទប្រកាន់ថា មេធាវី​ទាំង ២នាក់ បានស៊ីដាច់លុយ ២៥,០០០​ដុល្លា​រ ជាលុយរត់ការដោះជនជាប់ចោទ មិនបានស​ម្រេច ដូចការសន្យា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ។

សូមបញ្ជាក់ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ ចារុណ មេបញ្ជា​កា​ររង កងអង្គរក្ស ស​ម្តេច តេជោ ហ៊ុន សែន ធ្លាប់បានអះអាង​ប្រាប់​អ្នកសារព័ត៌មាន ដោយច្រានចោលថា ជនជា​ប់​ចោទឈ្មោះស៊ុន សៀង គ្មានឈ្មោះ ជាមន្ត្រី​នៅបញ្ជាការដ្ឋានកងអង្គរក្ស របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នោះទេ ។

ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ ចារុណ បាន​អំ​​ពា​វនាវ​ដល់បង​ប្អូន​ប្រជា​ព​លរដ្ឋ ទាំងអស់ ជួយរាយការណ៍ជូនអាជ្ញាធរមានសត្ថកិច្ចប្រ​សិ​នបើមានជនណា ហ៊ានយកតួនាទីជា​កងអង្គ​រ​ក្ស ទៅប្រើប្រាស់ ដោយខុសច្បាប់ និងខុសពី​ការ​ត​ព្វ​កិច្ចរបស់ខ្លួន ពោលគឺដើរបោក​ប្រាស់ ប្រជាពលរដ្ឋស្លូតត្រង់ ដើម្បីប្រយោជន៍​ទុច្ច​រិត​ផ្សេងៗ​ព្រោះ​ទង្វើ​បែបនេះ​ជាការធ្វើឱ្យបះ​ពា​ល់​ដល់ ស្ថាប័នកងអង្គរក្ស យ៉ាង​ធ្ងន់ធ្ងរ​និងមិន​អា​ច​លើកឱ្យបាននោះទេ ។

កាលពីពេលថ្មីៗកន្លងទៅ សមត្តេច តេជោ នាយ​ករដ្ឋមន្ត្រី ក៏ធ្លាប់​បានអំពាវនាវឱ្យតុលាការ ចាត់ការតាមច្បាប់ឱ្យតឹងរឹងបំផុត ចំពោះ​ជន​ណា ទោះជាពាក់ផ្កាយប៉ុន្មានក៏ដោយ ដែលហ៊ានយក តួនាទីជា​ក​ងអង្គរក្សទៅប្រើប្រាស់ដើម្បីប្រព្រឹត្តបទល្មើសផ្សេងៗ។

ដោយឡែកយោងតាមប្រកាស លេខ ៥១៩ ប្រ.ក របស់ក្រសួងម​ហាផ្ទៃ ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានហត្ថលេខា ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាក្រសួងមហាផ្ទៃ បានសម្រេច ដកបេក្ខ​​ភាពជនជាប់ចោទឈ្មោះ ហេង សាន ពីសមាជិកក្រុមប្រឹក្សា​ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ដោយដាក់បេក្ខភាព​ថ្មីជំ​នួស​វិញ ។
សូមជម្រាបជូនថា ជនជាប់ចោទទី១ឈ្មោះ ស៊ុន សៀង ភេទប្រុស អាយុ ៤៨ឆ្នាំ ទីលំនៅផ្ទះលេខ ១៤៦ ភូមិត្រពាំងល្វាសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងទី២ឈ្មោះ ហេង សាន ភេទប្រុស អាយុ ៤៥ ឆ្នាំ ទីលំនៅផ្ទះលេខ ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យត្រូវបានចៅក្រមស៊ើបនៃសាលាដំបូងរាជធានីភ្នំពេញ២រូបបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ តាមរយៈដីកាបង្គាប់ឱ្យឃុំខ្លួន ចំនួន ២ ក្នុងសំណុំរឿងពីរផ្សេងៗគ្នា រួមមាន៖
-ទី១ ដីកា បង្គាប់ឱ្យឃុំខ្លួន របស់ លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដោយចោទប្រកាន់ជនត្រូវចោទ ទាំង២នាក់ ពីបទ ឆបោក ប្រាក់កក់ថ្លៃដី ចំនួន ៥ម៉ឺនដុល្លារ ពីជនរងគ្រោះ ប្រព្រឹត្តនៅអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ យោងតាមបទចោទ ឆបោកនេះ ជនជាប់ចោទអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ។
-ទី២ដីកា បង្គាប់ឱ្យឃុំខ្លួន របស់លោក សេង លាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចុះទី១៧ ខែមករា ឆ្នាំ២០១៨ ដោយចោទប្រកាន់ ជនត្រូវចោទទាំង២នាក់ខាងលើពីបទ ក្លែងបន្លំប្រើប្រាស់លិខិតក្លែងនិងឆបោកដោយក្លែងបន្លំស្នាមេដៃប្រជាពលរដ្ឋជាង១០០នាក់ថាជាម្ចាស់ដីនៅខេត្តកំពត ចំនួន ៦០០០ហិកតា និងប្រើតួនាទីជាកងអង្គរក្សសម្តេចតេជោ ដើម្បីទៅលក់ដីខ្យល់នោះ​ទៅ​ឱ្យ​ជន​រងគ្រោះ បោកប្រាស់យកលុយ ប្រព្រឹត្តអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា ៦២៦ មាត្រា ៦២៧ មាត្រា ៦២៨ មាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ យោងតាមបទចោទ ឆបោក ជនជាប់ចោទអាចប្រឈមនឹងការជាប់​ពន្ធ​នាគារពី ៦ខែ ទៅ៣ឆ្នាំ។ ចំណែកបទចោទ ក្លែងបន្លំ ជនជាប់​ចោទអាចប្រឈមនឹងការជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ និងបទ ប្រើប្រាស់លិខិតក្លែងជនជាប់ចោទអាចប្រឈមនឹងការជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ ផងដែរ។

គួររំលឹកថា សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ បាន​ឃា​ត់​ខ្លួនជនជាប់ចោទទាំង២នាក់ខាងលើនេះកាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដោយធ្វើឡើងតាមដីកា បង្គាប់ឱ្យនាំខ្លូន លេខ ១០០៦ “ឃ១” ដ.ច.ន ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ និង ដីកាបង្គាប់ឲ្យនាំខ្លួនលេខ ១០០៧ “ឃ១” ដ.ច.ន ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ របស់លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរនៃ​សាលាដំ​បូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ឆបោក ប្រាក់កក់របស់​ដើមបណ្តឹងចំនួន ៥០,០០០ដុល្លារ យកទៅទិញដីចំនួន ៦០០០​ហិក​តានៅក្នុងខេត្តកំពត តែគ្មានដីឱ្យដើមបណ្តឹង៕


Comments