ចុះ​​បិទ​​ទី​តាំង​​ផលិត​​សរសៃ​​គុយ​ទាវ ដាក់​​គីមី​​បូ​រ៉ា​ក់​ នៅ​​ខេត្ត​តាកែវ

តាកែវ៖ មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តតាកែវ បាន​ចុះ​បិទ​ទីតាំង​ផលិត​សរសៃ​គុយទាវ ជា​បណ្តោះអាសន្ន បន្ទាប់​ពី​រក​ឃើញ​ថា មាន​សា​ធាតុគីមី​«​បូ​រ៉ា​ក់​»​ខុសច្បាប់​លើ​សរសៃ​គុយទាវ ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ ដែល​នឹង​បណ្តា​ល​​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ទៅ​ពេល​អនាគត ។

កាលពី​ថ្ងៃ​ទី​១០ ខែមេសា ម្សិលមិញ​នេះ ក្រុម​មន្ត្រី​កាំកុងត្រូល និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចុះ​ទៅ​បិទ​ទីតាំង​ផលិត​សរសៃ គុយទាវ​មួយ​កន្លែង ដែល​មា​នទី​តាំងនៅ​ភូមិ​ស្លា ឃុំ​លាយ​បូរ នៅ​ក្នុងស្រុក​ត្រាំកក់ ខេត្តតាកែវ ។

ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មន្ត្រី​កាំកុងត្រូល បាន​ចុះ​ត្រួតពិនិត្យ​ការ​លក់ទំនិញ គ្រឿង​ឧបភោគបរិភោគ​នៅ​លើ​ទីផ្សារ​តាកែវ ដោយ​បាន​រក​ឃើញ​នូវ​ប្រភេទ​សរសៃ​គុយទាវ​បាញ់ កាញ់​សរសៃ​ធំ ដែល​ដាក់​លក់​នៅ​ក្នុង​ផ្សារ​ជាង​៣០​គីឡូក្រាម មាន​ផ្ទុក​ទៅ​ដោយសារ​ធាតុគីមី​បូ​រ៉ា​ក់ ភ្លាម​ៗ​ដែល​ក្នុង​នោះ​មន្ត្រី​ជំនាញ ក៏​បាន​ធ្វើការ​ដកហូត​សរសៃ​គុយទាវ ដែល​ផ្ទុក​ទៅ​ដោយសារ​ធាតុគីមី​នេះ នឹង​ត្រូវ​យក​ទៅ​ដុត​ក ម្ទេស​ចោល​តែ​ម្ដង ។

លោក​ប្រធាន​សាខា​កាំកុងត្រូល បាន​ឲ្យ​ដឹង​ទៀត​ថា ទីតាំង​ផលិត​គុយទាវ​សរសៃ​ធំ​នេះ កន្លង​មក មន្ទីរ ឧស្សាហកម្ម និង​សិប្បកម្ម បាន​បិទ​ម្ដង​រួច​មក​ហើយ ព្រោះ​ទីតាំង​ផលិត​មិន​មានច្បាប់​អនុញ្ញាត ក៏​ប៉ុន្តែ​ម្ចាស់ ទីតាំង នៅ​តែ​បន្ត​លួច​ផលិត​តទៅ​ទៀត ដូច្នោះ​ម្ដងនេះ មន្ត្រី​ជំនាញ​បាន​ធ្វើការ​រឹបអូស​សម្ភារ និង​ធ្វើ​កិច្ចសន្យា ជាមួយ​ម្ចាស់​ទីតាំង ដោយ​មិន​អនុញ្ញាត​ឲ្យ​ផលិត​តទៅ​ទៀត​នោះ​ទេ ៕

Comments