ដាក់គុក​បុរស​​ជន​​ជាតិ​​បេ​ឡា​​រូស​២​​នាក់​ ​ម្នាក់​១​ឆ្នាំ​​អនុវត្ត ៦​​ខែ ដោយ​​ប្តូរ​បទ​ចោទ​ពី​លួច​មាន​ស្ថាន​ទម្ងន់​ទោស ​ជា​បទ ប៉ុន​ប៉ង​លួច

ភ្នំពេញ៖ ដូច​ការ​គ្រោង​ទុក​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៨​នេះ​លោក សេង លាង ប្រធា​ន​ក្រុម​ប្រឹក្សា​ចៅ​ក្រម​ជំនុំ​ជម្រះ​នៃ សាលា​ដំបូ​ង​រាជធានី​​ភ្នំពេញ​បានបើក​សវនាការ​ប្រកាស​សា​ល​ក្រម ផ្លាស់​ប្តូរ​បទ​ចោទ​ប្រកាន់ លើបុរស​ជន​ជាតិ​បេ​ឡា​រូស ២​នាក់ ទី​១​ឈ្មោះ MAKSIM MALACHKOU ភេទ​ប្រុស​អាយុ ២៨ឆ្នាំ និង​ទី​២​ឈ្មោះ ALEXANDER BUBENKO ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ ពីបទ លួច​មាន​ស្ថាន​ទម្ងន់​ទោស​តាម​មាត្រា ៣៥៧ ទៅ​ជា​បទ ប៉ុន​ប៉ង​លួច ប្រព្រឹត្ត​នៅ​ចំណុច ទូATM ធនាគារ ABA មុខ​ផ្ទះ​លេខ​៣៦​អឺសេរ៉ូ ផ្លូវ២៤១ ភូមិ​១១ សង្កាត់​ជ័យ​ជំនះ ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ យោង​តាម​មាត្រា ៣៦១ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ដោយ​សម្រេច​ផ្តន្ទា​ទោស ដាក់ពន្ធនាគារ​ក្នុង​ម្នាក់​ៗ កំណត់​រយៈ​ពេល​១​ឆ្នាំ អនុវត្តក្នុង​ពន្ធ​នា​គារ ៦​ខែ​ ទោស​សល់​ត្រូវ​ព្យួរ​ធម្មតា និងពិន័យ​ក្នុង​ម្នាក់​ៗចំនួន ២លានរៀល​ចូល​ជា​ថវិកា​រដ្ឋ ។

នៅ​ក្នុង​សវនាការ កាល​ពី​ព្រឹក​ថ្ងៃ ទី​៥ ខែ​មេសា ឆ្នាំ​២០១៨ កន្លង​ទៅ​ជន​ជាប់​ចោទ​ទាំង ២នា​ក់ បាន​បដិសេធ​ថា ពួក​គេ​មិន​បាន​លួច​គាស់​ទូ ATM​របស់ ធនាគារ ABA ដូចការ​ចោទ​ប្រកា​ន់របស់​តុលាការ​ទេ គឺ​គ្រាន់​តែ​វាយ​ទូ​នោះ ព្រោះ​ខឹង​ដក​លុយ​អត់​បាន ។

គួរ​រំលឹក​ថា សមត្ថកិច្ច​ខណ្ឌ​ដូនពេញ បានឃា​ត់​ខ្លួន​ជន​ជាប់​ចោទ​ខាង​លើ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ពេល​ធ្វើ​សកម្មភាព លួច​គាស់​ទូ ATM របស់​ធនាគារ ABA នៅ​ចំណុច មុខ​ផ្ទះ​លេខ​៣៦​អឺសេរ៉ូ ផ្លូវ​លេខ​២៤១ ភូមិ​ទី​១១ សង្កាត់​ជ័យ​ជំនះ ខណ្ឌ​ដូន​ពេញ បំណង​លួច​លុយ​ក្នុង​ទូរ ៕

Comments