តុលាការ​កាត់​ទោស​មន្ត្រី​អង្គ​រក្ស​ម្នាក់ និង​មន្ត្រី​ឃុំ​ម្នាក់ រឿង​ឆបោក និង​ក្លែ​ង​ឯកសារ​ព្រឹក​ស្អែ​ក ខណៈ​មេធាវី​កំពុង​ជាប់​បណ្តឹង​នៅ ACU រឿ​ង​រត់​ការ​ដោះ​លែង

ភ្នំពេញ៖ ក្រោយ​ពី​បាន​លើក​ពេល​ជំនុំ​ជម្រះ​កា​ល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៨​កន្លង​ទៅ​នោះ​លោក កូយ សៅ ចៅក្រមជំនុំជម្រះ​នៃ​សា​លា​ដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​មន្ត្រិី​តុលាកា​រ​ក្រុង​ភ្នំពេញ​អះ​អាង​ថា នឹងបើក​សវនា​ការ​កាត់​ទោស ជន​ជាប់​ចោទ​ជា​មន្ត្រី​កង​អង្គ​រក្ស​ម្នាក់ និ​ង​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ត្រពាំង​ភ្លាំង ស្រុ​ក​ឈូក ខេត្ត​កំពត​ម្នាក់ ដែល​ជាប់​ពាក់​ព័ន្ធ បទ​ល្មើ​ស ឆបោក និង​ក្លែង​ឯក​សារ​ដីធ្លី នៅព្រឹក​ថ្ងៃ​ទី១២ ខែ​មេសា ឆ្នាំ​២០១៨​ស្អែក​នេះ ។

សូម​ជម្រាប​ជូន​ថា លោក ស៊ិន វិរៈ ដែលជា​តំណាង​អយ្យ​ការ​កាន់​សំណុំ​រឿង​បាន​ចោទ​ប្រកាន់​លើ​ជន​ជាប់​ចោទ​ទី​១​ឈ្មោះ ស៊ុន សៀ​ង ភេទ​ប្រុស​អាយុ ៤៨​ឆ្នាំ មុខរបរ ជាមន្ត្រី​កង​អង្គ​រក្ស និង​ទី​២​ឈ្មោះ ហេង សាន ភេទប្រុស អាយុ ៤៥ ឆ្នាំ ជាអតីត​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ពីបទ ក្លែង​បន្លំ ប្រើ​ប្រាស់​លិខិត​ក្លែង និង​ឆបោក ប្រព្រឹត្ត​កាល​ពី​អំឡុង​ឆ្នាំ​២០១៣ នៅ​រាជធានី​ភ្នំពេញ យោង​តាម​មាត្រា​៦២៦ មាត្រា​៦២៧ មាត្រា ៦២៨ មាត្រា​៣៧៧ និង​មាត្រា​៣៧៨ នៃក្រម​ព្រហ្ម​ទណ្ឌ ។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ២​០​​១៨ សាច់​ញាតិ​របស់​ជន​ជាប់ចោទ​ទាំង​២​នា​ក់​ខាង​លើ បាន​ប្តឹង​មេធាវីការពារ​សិទ្ធិ​របស់​ពួក​គេ​ទី១​ឈ្មោះ នូ ចន្ថា និងទី២ឈ្មោះ ថា សុភ័​ក្ត្រ ជា​ក្រុម​មេធាវី​នៃ​ការិយាល័យ​មេធាវី អិន ស៊ី ធី មាន​ទី​តាំង​ផ្ទះ​លេខ​៣០​អឺ១ ផ្លូវ៣៥០ សង្កា​​ត់​បឹង​កេង​កង​ទី៣ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំ​ពេ​ញ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោ​យ​ចោទ​ប្រកាន់​ថា មេធាវី​ទាំង ២​នាក់ បាន​ស៊ី​ដាច់​លុយ​២៥,០០០ដុល្លារ ជាលុយ​រត់​ការ​ដោះ​ជន​ជាប់​ចោទ មិន​បាន​សម្រេច ដូច​ការ​សន្យា នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៨ ។

យោង​តាម​ប្រភព​ពីមន្ត្រី​សាលា​ដំបូង​បាន​ឱ្យ​ដឹងថា សំណុំរឿងនេះ កំពុងមានអ្នករត់ការ ជួយ​សម្របសម្រួលឱ្យ តុលាការបន្ធូ​របន្ថយ​ទោស​ដោយ ជួយ​កាត់​តម្រឹម ដោយអនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​លើ ជនជាប់ចោទ​ទាំង​ពី​រ​នាក់ ត្រឹម​ថ្ងៃ​ប្រកាស​សាល​ក្រម​តែ​ប៉ុណ្ណោះ ។

ដើម​បណ្តឹង​នៃ​សំណុំ​រឿង​នេះ បានអះអាង​ថា​ពួក​គាត់​កំពុង​រង​ចាំ​មើល​ថា តើតុលាការ​ពិតជា​ហ៊ាន​ដោះ​លែង​ជន​ជាប់​ចោទ ដូចអ្វីដែលជា​ពា​ក្យ ច​ចាម​អារ៉ាម នេះ​មែន​ដែរ​ឬ​ទេ? បើពួក​គាត់​ជា​ជនរងគ្រោះ​មិន​ទាន់​បាន​សំណង​សូម្បី មួ​យ​តែសេន​​ពី​ជន​ជាប់​ចោទ​បែប​នេះ ។

ដើម​បណ្តឹង​បាន​សម្តែង​ក្តី​សង្ឃឹម​ថា តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ឲ្យ​ពួក​គាត់​ជា​ជន​រងគ្រោះ និង​ផ្តន្ទា​ទោស​ជន​ជាប់​ចោទ ឲ្យសមតាម​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត ។

សូមបញ្ជាក់ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ ចារុណ មេបញ្ជា​ការរង កងអង្គរក្ស សម្តេ​ច តេជោ ហ៊ុន សែន ធ្លាប់បានអះអាង​ប្រាប់​អ្នក​សារព័ត៌មាន ដោយច្រានចោលថា ជនជា​ប់​ចោទឈ្មោះ ស៊ុន សៀង គ្មានឈ្មោះ ជាមន្ត្រី​នៅបញ្ជាការដ្ឋានកងអង្គរក្សរបស់​សម្តេច តេ​ជោ​ ហ៊ុន សែន នោះ​ទេ ។

ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ ចារុណ បាន​អំពាវនាវដល់បងប្អូន​ប្រ​ជា​ព​ល​រដ្ឋ ទាំងអស់ ជួយរាយការណ៍ជូនអាជ្ញាធរមានសត្ថកិច្ច​ប្រ​សិ​នបើមានជនណា ហ៊ានយកតួ​នាទីជាកង​អង្គរ​ក្ស ទៅ​ប្រើ​ប្រាស់ ដោយ​ខុស​ច្បាប់ និងខុសពី​កា​ត​ព្វ​កិច្ចរបស់ខ្លួន ពោលគឺដើរបោក​​ប្រាស់ ប្រជា​ពលរដ្ឋស្លូតត្រង់ ដើម្បីប្រយោជន៍​ទុច្ចរិត​ផ្សេ​ងៗ​ព្រោះទង្វើបែបនេះជាការ​ធ្វើឱ្យបះ​ពាល់​ដ​ល់ ស្ថាប័នកងអង្គរក្ស​យ៉ាងធ្ងន់ធ្ងរ និងមិ​នអា​ច​លើកឱ្យបាននោះទេ ។

កាលពីពេលថ្មីៗ កន្លងទៅ សមត្តេច តេជោ នាយករដ្ឋមន្ត្រី ក៏ធ្លាប់បានអំពាវនាវឱ្យ​តុលា​ការ ចាត់ការតាមច្បាប់ឱ្យតឹងរឹងបំផុត ចំពោះ​ជនណា ទោះ​ជា​ពាក់​ផ្កាយ​ប៉ុន្មាន​ក៏​ដោយ ដែ​ល​ហ៊ាន​យក តួនាទីជាកងអង្គរក្ស​ទៅប្រើ​ប្រា​ស់​ដើម្បី​ប្រព្រឹត្ត​បទ​ល្មើស​ផ្សេង​ៗ។

ដោយឡែកយោងតាមប្រកាសលេខ ៥១៩ ប្រ​.ករបស់ក្រសួងមហា​ផ្ទៃ ចុះថ្ងៃទី០៧ ខែ​កុ​ម្ភៈ ឆ្នាំ២០១៨ ដោយមានហត្ថលេខាឯកឧ​ត្តម សក់ សេដ្ឋា រដ្ឋលេខាក្រសួងមហាផ្ទៃ បានស​ម្រេ​ច ដកបេក្ខភាពជ​ន​ជាប់ចោទឈ្មោះ ហេង សាន​ពីសមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុ​ក​ឈូក ខេត្តកំពត ដោយដាក់បេក្ខភាព​ថ្មីជំ​នួ​ស​វិញ។

សូមជម្រាបជូនថា ជនជាប់ចោទទី១ឈ្មោះ ស៊ុន សៀង ភេទប្រុស អាយុ ៤៨ឆ្នាំ ទីលំនៅ​ផ្ទះលេខ ១៤៦ ភូមិត្រពាំងល្វា សង្កាត់កា​កាប ខណ្ឌពោធិ៍សែនជ័យ និងទី២ឈ្មោះ ហេង សា​ន ភេទប្រុស អាយុ ៤៥ ឆ្នាំ ទីលំនៅផ្ទះ​លេខ ១៤៦ ភូមិត្រពាំងល្វា សង្កាត់កា​កាប ខណ្ឌ​ពោ​ធិ៍​សែនជ័យ ត្រូវបានចៅក្រមស៊ើប នៃសាលា​ដំបូងរា​ជធានីភ្នំពេញ ២រូបបានចេញដីកាបង្គា​ប់​ឱ្យឃុំខ្លួន ជាបណ្តោះ​អាសន្ន​នៅពន្ធនាគារ តាមរយៈដីកាបង្គាប់ឱ្យឃុំខ្លួនចំនួន២ក្នុងសំ​ណុំរឿងពីរ​ផ្សេ​ងៗគ្នា រួមមាន៖

-ទី១ ដីកា បង្គាប់ឱ្យឃុំខ្លួន របស់ លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរនៃ​សាលាដំបូង​រាជធានីភ្នំពេញ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១​៨ ដោយចោទប្រកាន់ជនត្រូវចោទ ទាំង២នាក់ ពីបទ ឆបោក ប្រាក់កក់ថ្លៃដីចំនួន​៥ម៉ឺនដុ​ល្លារ ពីជនរងគ្រោះ ប្រព្រឹត្តនៅអំឡុងឆ្នាំ២០១៣ នៅ​រាជធានីភ្នំពេញ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ យោង​តាមបទចោទ ឆបោកនេះ ជនជាប់ចោទ​អាច​ប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែ ទៅ​៣​ឆ្នាំ ។

-ទី២ដីកា បង្គាប់ឱ្យឃុំខ្លួន របស់លោក សេង លាង ចៅក្រមស៊ើប​សួ​រនៃសាលាដំបូងរាជធានីភ្នំពេញ ចុះទី១៧ ខែមករា ឆ្នាំ២០១៨ ដោយ​ចោទប្រកាន់​ជនត្រូវចោទទាំង ២នាក់ ខាង​លើ​ពីបទ ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង និង​ឆបោ​ក ដោយក្លែងបន្លំស្នាមេដៃប្រ​ជាពលរដ្ឋ ជាង១​០០នាក់ថាជាម្ចាស់ដីនៅខេត្តកំពត ចំនួន ៦០​០​០ ហិកតា និងប្រើតួនាទីជាកងអង្គរក្សសម្តេ​ច តេជោ ដើម្បីទៅលក់ដីខ្យល់នោះ​ទៅ​ឱ្យជនរ​ងគ្រោះ បោកប្រាស់យកលុយ​ប្រព្រឹត្ត​អំឡុងឆ្នាំ​២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា ៦២៦ មាត្រា ៦២៧ មាត្រា ៦២៨ មាត្រា ៣៧​៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ យោងតាមបទចោទ ឆបោក ជនជាប់ចោទ​អា​ច​ប្រឈមនឹង​ការជា​ប់​ពន្ធនាគារពី ៦ខែ ទៅ៣​ឆ្នាំ។ ចំណែកបទចោទក្លែងបន្លំ ជនជាប់ចោ​ទអាចប្រឈមនឹងការជាប់ព ន្ធនាគារពី ១ឆ្នាំទៅ​៣ឆ្នាំនិងបទប្រើប្រា​ស់លិខិតក្លែង ជនជាប់ចោ​​ទ​អាចប្រឈមនឹងការជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ​៣ឆ្នាំផងដែរ។

គួររំលឹកថា សមត្ថកិច្ចព្រហ្មទណ្ឌ​កម្រិតធ្ងន់នៃ​ក្រ​សួង​មហាផ្ទៃបាន​ឃាត់ខ្លួនជនជាប់​ចោទ​ទាំ​ង២នាក់ខាងលើនេះកាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដោយធ្វើឡើងតាមដីកា បង្គាប់ឱ្យនាំខ្លូន លេខ ១០០៦ “ឃ១” ដ.ច.ន ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ និង ដីកាបង្គាប់​ឲ្យនាំខ្លួនលេខ ១០០៧ “ឃ១” ដ.ច.ន ចុះថ្ងៃ​​ទី២១ ខែធ្នូ ឆ្នាំ២០១៧ របស់លោក វ៉ាន់ សែន​វិសុទ្ធ ចៅក្រមស៊ើបសួរ​នៃសាលា​ដំបូងរាជធា​នីភ្នំ​ពេញ ពាក់ព័ន្ធករណី ឆបោក ប្រាក់កក់រប​ស់​ដើមបណ្តឹងចំនួន ៥០,០០០ដុល្លារ យកទៅ​ទិ​ញ​ដីចំនួន៦០០​០ហិកតា នៅក្នុងខេត្តកំពត តែគ្មានដីឱ្យដើមបណ្តឹង ៕




Comments