ផ្តន្ទាទោស​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែ​​​ល​បាញ់​ត្រូវ​ពលរដ្ឋ​ស្លាប់​​ ដាក់គុក​មួយ​ឆ្នាំ តែ​ព្យួរ​ទាំង​អស់

ភ្នំពេញ៖ ទីបំផុត​លោក រស់ ពិសិដ្ឋ ចៅក្រម​ជំ​នុំ​​ជម្រះ​នៃ​សាលា​ដំបូងរាជធានីភ្នំពេញ​ ក្រោយ​ពី​បើក​សវនា​ការ​កាត់​ទោស​នគរបាល​ខណ្ឌ​ពោ​ធិ៍​​សែ​​ន​ជ័យ ដែ​​​ល​បាញ់​ត្រូវ​ពលរដ្ឋ​ស្លាប់​​ នៅ​ព្រឹក​​ថ្ងៃ​ទី១៣ ខែកុម្ភៈ​ឆ្នាំ២០១៨នេះបាន​ប្រ​កា​ស​សា​ល​ក្រមផ្តន្ទាទោស ជនជាប់ចោទឈ្មោះ ចន វិរៈ មានឋានន្តរស័ក្តិ ជាអនុសេនីយ៍ត្រី(ស័​​ក្តិ​១​) ផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាន​នគរ​បា​ល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ ដាក់ពន្ធនាគារ​កំណ​ត់​រ​យៈ​​ពេល ១​ឆ្នាំ តែ​ត្រូវ​អនុវត្ត​ទោស ព្យួរ​ទាំង​អ​ស់ ពី​បទ មនុស្ស​ឃាត​ដោយ​អចេតនា​លើជន​រង​គ្រោះ​ឈ្មោះ សៀក រ៉ន ភេទប្រុស អាយុ៣​៣​​ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅក្បែរផ្សារ​កា​ណា​​ស៊ី​ធី មានស្រុកកំណើតនៅ ខេត្តកំពង់​ស្ពឺ​ ប្រ​ព្រឹ​​​ត្តនៅ​ចំណុច​ក្រោយ​ផ្សារ​កាណា​ស៊ីធី ដីឡូត៌​គ្មា​ន​លេខ ភូមិ​ចោម​ចៅ​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ កាលពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៨ តាម​មាត្រា ២០​៧ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ។

នៅ​ក្នុង​សវនាការ ជនជាប់​ចោទ​បាន​ថ្លែង​ទទួ​ល​ស្គាល់​កំហុស​របស់​ខ្លួន និងព្រមទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​របស់​ខ្លួន​ទាំង​អស់​។ ចំណែ​ក​លោកស្រី ណុប សុផានី ជា​ប្រពន្ធ​ជនរង​គ្រោះ បាន​អះ​អាង​ថា លោកស្រី​បាន​ទទួល​សំណង​ពី​ជន​ជាប់​ចោទ ចំនួន ៨០០០ដុល្លារ និងប្រាក់​ចូល​បុណ្យ​សព​ប្តី​លោក​ស្រី​មួយ​ចំនួន​ទៀត ដូ​ច្នេះ​លោក​ស្រី មិន​ប្តឹង​ទាម​ទារ​អ្វី​ពី​ជន​ជាប់​ចោ​ទ​​ទៀតទេ ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៤ ខែមក​រា ឆ្នាំ២០១៨កន្លងទៅ លោក តុប ឈុនហេង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបាន ចេញដីកាបង្គាប់ឱ្យ​ឃុំខ្លួន ជនជាប់ចោ​ទ​ជាបណ្តោះ​អាសន្ននៅពន្ធនាគារ​រាជធានី​ភ្នំពេ​ញ ពោលគឺបាន រយៈពេល ២០ថ្ងៃរហូតដល់​ថ្ងៃ​បើកសវនាការ​កាត់​ទោស និងសម្រេច​ដោះ​លែង​នេះ ។ គួរ​កត់​សម្គាល់​ថា ការចាប់ខ្លួនជ​នជាប់ចោទ​ខាង​លើនេះ​បាន​ធ្វើ​ឡើង​បាន ទា​ល់​តែ​មាន បញ្ជា​ផ្ទាល់​ពី​ឯក​ឧត្តម នាយ​ឧត្តម​សេនីយ៍ នេត សាវឿន អគ្គ​ស្នង​ការ​នគរបាល​ជាតិ កុំ​អី​ចាប់​អត់​បាន​ទៀត ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២​០​១៨កន្លងទៅ កម្លាំងសមត្ថកិច្ច​នៃអធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានបើកប្រតិបត្តិ​ការប​ង្ក្រា​ប​បនល្បែង ជល់មាន់ បៀ និងអាប៉ោង ដ៏ធំ​ដុះ​ស្លែប្រចាំខណ្ឌ នៅចំណុចដីឡូតិ៍គ្មានលេខ ខាងក្រោយផ្សារកាណាស៊ីធី ស្ថិតក្នុងភូមិចោម​ចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែន​ជ័​យ​។ នៅ​ក្នុង​ប្រតិបត្តិការ ដេញចាប់អ្នកលេង​ល្បែ​ង​នោះ កម្លាំង​សមត្ថកិច្ច​ប្រើ​ហេតុ​ផល​ថា ខ្លាច​អ្នក​ជល់​មាន់ មាន​អាវុធ ទើប​បាញ់​មេឃ​គំរាម មនុស្ស​ខូច តែ​មិន​ចំ​មេឃ​បែរជា​ចំពលរដ្ឋ​ស្លូត​ត្រង់​បណ្តាល​ស្លាប់​នៅ​នឹង​កន្លែង​ទៅ​វិញ ៕

Comments