បើក​រថយន្ត​បំ​បុក​ហ្វូង​មនុស្ស បណ្តាល​ឲ្យ​មនុស្ស​១៥​នាក់ របួស​ធ្ងន់-ស្រាល និង​ទារិកា​ម្នាក់​ស្លាប់

ប្រេស៊ីល៖ រថយន្ត​​មួយ​គ្រឿង បាន​បោះ​ពួយ​សំដៅ​ទៅ​បុក​ហ្វូង​​មនុស្ស​យ៉ាង​ច្រើន​កុះ​ករ​នៅ​តំបន់​ជាប់​ឆ្នេរ​​សមុទ្រ Copacabana ក្នុង​ទី​ក្រុង Rio de Janeiro ខណៈអាជ្ញាធរ​​ប្រេ​ស៊ី​​ល​​បាន​ឲ្យ​ដឹង​ជា​បឋម​ថា អ្នក​បើក​បរ​​រថយន្ត​អាច​មាន​ជំងឺ​​ឆ្កួត​ជ្រូក ហើយ​បាត់​បង់​ការ​បញ្ជា​គ្រប់​គ្រង​​លើ​យាន​​ជំនិះ​​របស់​ខ្លួន ទើប​បង្ក​ជា​គ្រោះថ្នាក់​ដល់ ទារិកាវ័យ ០៨ខែម្នាក់ បាន​​បា​ត់​បង់​ជីវិត​​គួរ​ឲ្យ​សង្វេគ​បំផុត រួម​ទាំង​មនុស្ស ១៥នាក់ទៀតបាន​ទទួលរង​របួស ធ្ងន់-ស្រាល ។

នេះបើតាមការ​​ដកស្រង់​ការផ្សាយចេញ​ពី​សារ​ព័ត៌​មាន​​រុស្ស៊ី Russia Today (RT)នៅ​រ​សៀ​​ល​ថ្ងៃសុក្រទី១៩ ខែមករា ឆ្នាំ​២០១៨ ។​នា​​យ​ប់​​ថ្ងៃព្រហស្ប​តិ៍​សប្តាហ៍នេះ អ្នកដំណើរ​ថ្មើរ​ជើង​ត្រូវ​បាន​បុក​​ឲ្យ​ដួល ខណៈ​​អ្នក​​បើកបរ​បានព្យា​យាម​​រត់​គេច​​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​​ឃាត់​ជាប់ ។ បើ​តាម​អាជ្ញាធរ​ប្រេស៊ីល មនុស្សយ៉ាងតិច ១៥​នា​ក់ បានរងរបួសធ្ងន់ និងស្រាល ហើយ​​នៅ​ក្នុង​នោះមានទាំងកុមារ និង​​ជន​ពេញវ័យ ដែល​ពួក​គេ​ត្រូវ​បាន​​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ហើយ​។ ដោយ​ឡែក​ទារិកា​ម្នាក់​អាយុត្រឹម ០៨ខែ​មាន​ឈ្មោះ Maria បាន​​​បាត់បង់ជីវិត ដោយ​សារ​តែ​​របួស​ធ្ងន់​ធ្ងរ​ពេក ក្រោយ​ពី​ត្រូវ​​គេ​ព្យាយាម​ជួយ​សង្រ្គោះ ដោយ​ពុំ​បាន​​ជោគ​ជ័យ​​ជា​ច្រើន​លើក ។ គួរ​ជម្រាប​ថា បើ​តាម​ប៉ូលិស​ប្រចាំ​តំប​ន់ អ្នក​បើកបរ​​រថយន្ត​ស៊េរី Hyundai i30 ព​ណ៌​​ខ្មៅ​​ខាង​លើ បាន​បើក បំបុកចូល​ទៅ​ក្នុង​ក្រុម​​មនុស្ស ក្រោយពីសង្ស័យ​អាចមានអាការៈ​ប្រកាច់​ឆ្កួតជ្រូក ហើយរថយន្ត​បានឈប់ស្ងៀម ក្រោយពីសម្រុក​ដល់ដីខ្សាច់​ ​នៃ​ឆ្នេរ​សមុទ្រ​ដ៏​ល្បី​ល្បាញ​​លើ​ពិភព​លោក​នេះ​​ទៅ​ហើយ ។

អាជ្ញាធរ​​ត្រូវ​បាន​គេ រាយ​ការណ៍​​ថា បាន​រក​ឃើ​ញ​ប្រ​អប់​​​ថ្នាំ​ពេទ្យ​មួយនៅ​ក្នុងរថយន្ត​ដែល​បង្ហា​ញថា អ្នកបើកបរ​រូបនោះ​មាន​ជំងឺ ឆ្កួត​ជ្រូក​។ យ៉ាង​ណា​មិញ បុរស​ដែលជា​អ្នកបើកបរ ត្រូវ​បាន​នាំយក​ទៅ​​ធ្វើ​ការវិនិច្ឆ័យ​តាមបែប​វិជ្ជ​សា​ស្រ្ត​​ហើយ ៕​

Comments