ល្បី​ទៀត​ហើយ​ ប៉ូលិស​ដាក់​តុ​ត្រួត​ពិនិត្យ​ចំា​ផាក​អ្នក​អត់​មួក​នៅ​កន្លែង​លក់​មួក

រូបភាព​​ពី​​បណ្តាញ​​សង្គម​​ហ្វេ​ស​​ប៊ុ​ក​​១​​សន្លឹក​ដែល​​គេ​​ចែក​ចាយ​​បន្ត​​គ្នា​​ពី​​មួយ​​ទៅ​​មួយ បាន​ធ្វើ​​ឲ្យ​​អ្នក​​ឃើញ​​រូប​ភាព​​នេះ​​មួយ​​ចំនួន​ភ្ញាក់​ផ្អើ​ល ខ្លះ​​ក៏​ហួស​ចិត្ត និង​​ខ្លះ​​ពេញ​ចិត្ត​​សរសើរ​ភាព​​ឆ្លាត​​វៃ​​របស់​​ប៉ូលិស​​ចរាចរណ៍​​ដែល​​ដាក់​​តុ​អង្គុយ​​ត្រួត​ពិនិត្យ​​ការ​​អនុវត្ត​​ច្បាប់​​ចរាចរណ៍​​នៅ​កន្លែង​​តូប​​លក់​​មួក​​សុវត្ថិ​ភាព ។

យ៉ាង​ណា​ក៏​ដោយ មិន​​មាន​​ប្រភព​​ជាក់​លាក់​ច្បាស់​លាស់​​ណា​មួយ​​បញ្ជាក់​​ថា រូប​ភាព​​នោះ​ថត​​នៅ​​ពេល​​ណា​​និង​​នៅ​​ទី​កន្លែង​​ណា​​នោះ​​ទេ ។​​នៅ​​ថ្ងៃ​​ព្រហស្បតិ៍ ១០​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​​២០១៨​នេះ «​ដំណឹង​យប់​មិញ​» មិន​អាច​​រក​​កា​សំុ​អត្ថាធិប្បាយ​​បាន​​ទេ​ពី​​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​​នគរបាល​​ជាតិ លោក​នាយ​ឧត្តម​សេ​នីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ឋ ។

សូម​​បញ្ជាក់​​ថា ពេល​​នេះ​ប៉ូលិស​​ចរាចរណ៍​​និង​មាន​ការ​​ចូល​រួម​​ពី​​សមត្ថកិច្ច​​ពាក់​​ព័​ន្ឋ រាប់​​ទាំង​មន្ត្រី​​អាជ្ញាធរ​​ដែន​ដី បាន​​និង​​កំពុង​​អនុវត្តន៍​ច្បាប់​​ចរាចរណ៍​​យ៉ាង​​តឹង​​រឹង​​តាម​​បញ្ជា​​របស់​នាយក​រដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បន្ទា​​ប់​​ពី​​សម្ដេច ហ៊ុន សែន បាន​បញ្ជាឲ្យ​មាន​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ រាប់​ទាំង​ការ​ព្រ​មា​ន​​ដក​ចៅហ្វាយ​ខណ្ឌដូនពេញ លោក សុខ ពេ​ញ​​វុ​ធ បន្ទាប់​​ពី​​លោក​​ប្រមុខ​រាជរដ្ឋាភិបាល​ឃើ​ញ​ពលរដ្ឋ​ខ្លះ​បាន​ជិះ​ម៉ូតូ ឬ​រថយន្ត​បញ្ច្រាស​ទិស​​ចរាចរណ៍​​នៅ​មុខ​ភូមិ​គ្រឹះ​របស់​សម្ដេច​​ក្បែរ​វិ​មាន​​ឯក​រាជ្យ​​នោះ​​រួច​​មក ។

ដោយ​ឡែក ក្រោយ​​បទ​បញ្ជា​​របស់​សម្ដេចតេ​ជោ ហ៊ុន សែន ប្រភព​ខ្លះ​ថា មានការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ពិនិត្យ​ការ​ពាក់​មួ​ក​សុវត្ថិភាព ខ្សែ​ក្រ​វ៉ា​ត់ ឬ​កញ្ចក់​ម៉ូតូ​ជា​ដើមរ​ហូត​ដល់​ខ្លោ​ង​ទ្វារ​ក្នុង​ក្រសួង​ស្ថាប័នរដ្ឋ​នោះ​ថែម​ទៀត ធ្វើ​ឲ្យ​មន្ត្រីរាជការ​មួយ​ចំនួន​មិន​ពេញចិត្ត​នឹង​សកម្ម​ភាព​អនុវត្តន៍​ច្បាប់​ចរាចរណ៍​បែប​នេះ​ឡើយ ៕

Comments