ដោះ​លែង​ចោរ​​លួច​​មាន់​​ក្នុង​​ស្នង​ការ​ខេត្ត​កណ្ដា​ល សាធារណៈ​ជន​​កំពុង​​មាន​​មន្ទិល​​សង្ស័យ

ខេត្តកណ្ដាល​៖ ជា​​រឿង​​មួយ​​ចំលែក​ដែល​​ចោរ​ម្នាក់​អាច​​ចូល​​លួច​​មាន់​​ជល់​​ដែល​​ជា​វត្ថុ​បទ​ល្មើ​ស​​ក្នុង​​ស្នងការ​ដ្ឋាន​​នគរបាល​​ខេត្ត​​កណ្ដាល​ ខ​ណៈ​មន្ត្រី​នគរបាល​កំពុង​នៅ​​ទី​នោះ ។​ជន​សង្ស័​យ​​ត្រូវ​​បាន​​ឃាត់​ខ្លួន​​ក្រោយ​លោក អ៊ាវ ចំរើន ស្នងការ​ខេត្ត​បញ្ជា​អោយ​វាយ​ខ្នោះ ។​ប៉ុន្តែ​ក្រោយ​បញ្ចូន​ទៅ​តុលាការ បែ​ជា​គេ​​ដោះ​លែង​វិញ​ ក្រោម​លេស​អប់រំ ខណៈ​ទង្វើ​នេះ​ធ្វើ​​ឱ្យ​មជ្ឈ​ដ្ឋាន​​ទូ​ទៅ​កំពុង​​មាន​​មន្ទិល​​សង្ស័យ​ ។​

អ្នក​ច្បាប់​និយាយ​ថា ករណី​នេះ​ វា​ពាក់​ព័ន្ធ​នឹង​ការ​ចាត់​ចែង​វត្ថុ​តាង​ (មាន់​ជា​វត្ថុ​តាង​ដែល​ចាប់​យក​ដោយ​មន្រ្ដី​នគរបាល​យុត្តិធម៌​ក្នុង​បទ​ល្មើ​ស​ ល្បែង​សុី​សង​ខុស​ច្បាប់​​)​។​ ​បើ​មាន​ជន​ណា​ម្នាក់​ យក​វត្ថុតាង​នេះ​ មាន​ន័យ​ជា​បទ​ល្មើ​ស​លួច​​ ។​

បើ​នគរបាល​យុត្តិធម៌​ដែល​មាន​ភារកិច្ច​ចាប់​យក​វត្ថុ​តាង​ ហើយ​មិន​ប្រគល់​វត្ថុតាង​អោយ​តុលា​ការ​​មាន​ន័យ​ថា​ បំពាន​សកម្ម​ភាព​តុលា​កា​រ​ ដូច្នេះ​​ត្រូវ​​ដឹង​អង្គ​ហេតុ​នេះ​អោយ​ច្បាស់​ តើ​ករណី​នេះ​​វា​កើត​ឡើង​យ៉ាង​ម៉េច​ ចាប់​អ្នក​ប្រ​ព្រឹ​ត្ត​ អ្នក​សម​គំនិត​ អ្នក​ផ្ដើម​គំនិត និង អ្នក​ទទួ​ល​ផល ។

គួរបញ្ជាក់ថា បុរស​ម្នាក់​ហ៊ាន​ចូល​លួច​មាន់(​វត្ថុតាង) នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ដែល​បង្ក្រាប​បាន​ក្នុង​សង្វៀន​បញ្ជល់​មាន់ នៅ​អរិយក្សត ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី ៦ ធ្នូ ២០១៧ នៅ​ហាង​លក់​បាយ​នៅ​មាត់​ស្ទឹង ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុងតាខ្មៅ ។

Comments