ជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្ដក្រឡុកស៊ីម៉ង់តិ៍ស្លាប់ម្នាក់របួស២នាក់

ភ្នំពេញៈ យុវជន​ម្នាក់ បាន​ស្លាប់​បាត់​ជីវិត​ភ្លាម​ៗនៅកន្លែងកើតហេតុ និងនារី២នាក់ទៀត រង​របួស​ធ្ងន់ ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​ពួក​គេ​ជិះ​ម៉ូតូ​១​គ្រឿង​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​រថយន្ត​ក្រឡុក​សុីម៉ង់​តិ៍​របស់​ក្រុម​ហ៊ុន SCG ពេញ​ទំហឹង កាល​ពី​វេ​លា​ម៉ោង​៨​និង​៣៥​នាទី​យប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ​២០​១៧ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ១ ស្ថិត​ក្នុង​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ។

បើ​តាម​សមត្ថកិច្ច​នៅ​កន្លែង​កើត​ហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​ជួប​គ្រោះ​ថ្នាក់ គេឃើញ​ម៉ូតូ​មួ​យគ្រឿង​ម៉ាង ហ្ស៊ូមើរអុិច ពណ៌ស ពាក់​ស្លាក​លេ​ខ​កណ្តាល 1U-7374 ជិះ​គ្នា​៣​នាក់ ក្នុង​នោះ​មាន​នារី​២​នាក់ ក្នុងលឿន​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ ​ក៏​បាន​ជ្រុល​បុក​រថយន្ត​ក្រឡុក​សុីម៉ង់តិ៍១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3A-0244 របស់​ក្រុម​ហ៊ុន SCG ដែល​កំពុង​បត់​ចូល​ក្នុង​ការ​ដ្ឋាន​ចំ​ពាក់​កណ្តាល​រថយន្ត​ពេញ​ទំហឹង បណ្តាល​ឲ្យ​ទាំង​មនុស្ស និងម៉ូតូ ខ្ទាត​ចូល​ក្រោម​កង់​រថយ​ន្ត​ស្លាប់ និង​របួស​ធ្ងន់​តែ​ម្តង ។

ជន​រងគ្រោះ​ទាំង​៣​នាក់ មិន​ទាន់​ស្គាល់​អត្ត​ស​ញ្ញា​ណនៅ​ឡើយ​ទេ ប៉ុន្តែ​សមត្ថកិច្ច​បាន​សន្និ​ដ្ឋាន​ថា បុរស​រងគ្រោះ​ដែល​ស្លាប់​បាត់​បង់​ជីវិត​ជា​ជាង​បិត​តែ​​ម៉ូតូ ព្រោះ​សមត្ថកិច្ច​បាន​ឆែរ​ឆេរ​រក​ឃើញ​មាន​ស្កុត​សម្រាប់​បិត​ម៉ូតូ​មួយ​ចំនួន ។

ក្រោយ​កើត​ហេតុ សមត្ថកិច្ច​នគរបាល​ចរាចរ​ណ៍​បាន​ចុះ​វាស់​វែង និង​ឃាត់​រថយន្ត​ទុក​នៅ​កន្លែង​កើត​ហេតុ រង់ចាំ​ដោះ​ស្រាយ​នៅ​ពេល​ក្រោ​យ ខណៈ​សាក​សព​ជន​រងគ្រោះ ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​តម្កល់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​កៀន​ស្វាយ ចំណែក​ស្ត្រី​របួស​ធ្ងន់​២​នាក់​ទៀត ត្រូវ​បាន​រថយន្ត​សាំមុយ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ផង​ដែរ ៕

Comments