ឈ្មួញ​​ឈើ​​ងារ​​ជា​​​ឧកញ៉ា​​​បន្ត​​នាំ​​ឈើ​​ឆ្លង​ដែន​ទៅ​យួន

អ្នក​ឃ្លាំមើល​បញ្ហា​ព្រៃឈើ និង​ពលរដ្ឋ​រស់នៅ​ជិត​ព្រំដែន​កម្ពុជា​វៀតណាម សំដែង​ក្ដី​បារម្ភ នៅ​ពេល​ឃើញ​បទល្មើស​ព្រៃឈើ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម នៅ​តែ​បន្ត​កើត​មាន​ពេញបន្ទុក បើ​ទោះជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញា​ទប់ស្កាត់​ច្រើន​សា​ក្ដី​។ ពលរដ្ឋ​អះអាង​ថា ជំនួញ​ឈើ​ឆ្លង​ដែន​ទាំងនោះ គឺជា​របស់​ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា ធ្លាប់​តុលាការ​កោះហៅ ​។

អ្នក​ឃ្លាំមើល​បរិស្ថាន និង​ពលរដ្ឋ​ប្រទះ​ឃើញ​សកម្មភាព​រត់ពន្ធ​ឈើ​ឆ្លង​ដែន នៅ​តែ​បន្ត​កើត​មាន​តាម​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ ស្រុក​ស្នូល និង​ច្រករបៀង ខែត្រ​ក្រចេះ ដែល​គេ​សង្ស័យ​ថា ទំនង​ដឹក​ចេញពី​ខែត្រ​ក្រចេះ និង​ខែត្រ​ស្ទឹង​ត្រែង​។ ការ​ដឹក​ជញ្ជូន​ឈើ​តាម​រថយន្ត​យី​ឌុ​ប​ឃ្លុំ​ព័ទ្ធ តង់​កៅស៊ូ​ជិត ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម បាន​កើត​មាន​ច្រើន​នៅ​ពេល​យប់ ក្នុង​មួយ​យប់​រថយន្ត​ចាប់ពី ៥​គ្រឿង ដល់​ជាង ១០​គ្រឿង​ ។

ថ្មី​ៗកាសែត​ក្នុង​ចុះ​ផ្សាយ​ថា ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា​ឈ្មោះ ល័ក្ខណ ជា​ម្ចាស់​រថយន្ត​យី​ឌុ​ប​ច្រើន​គ្រឿង នាំ​ឈើ​ចេញ​តាម​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ ខែត្រ​ក្រចេះ ទៅ​ប្រទេស​វៀត​ណា​ម ក្នុង​មួយ​រថយន្ត ផ្ទុក​ឈើ ៥៥​ម៉ែត្រគូប ទៅ ៦០​ម៉ែត្រគូប​។ ការ​នាំ​ឈើ​ទាំងនោះ​បាន ដោ​យ​​ឈ្មួញ​ត្រូវ​បង់ប្រាក់​ឲ្យ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ ។

សកម្មជន​ការពារ​ព្រៃឈើ​នៅ​ខេត្ដ​ក្រចេះ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ពលរដ្ឋ​សោក​ស្ដាយ​ការ​បាត់បង់​ព្រៃ​ធនធានធម្មជាតិ ដែល​អាជ្ញាធរ​រដ្ឋ​គ្មាន​សមត្ថភាព​បង្ក្រាប រីឯ​ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា នៅ​តែ​បន្ត​អាជីវកម្ម​ឈើ​ដដែល ពុំ​មានការ​ទប់ស្កាត់ ​។

បច្ចុប្បន្ន​ការ​ដឹក​ជញ្ជូន​ឈើ​តាម​ម៉ូតូ គោ​យន្ត និង​រថយន្ត នៅ​តែ​កើត​មាន​ជា​ប្រព័ន្ធ​ចេញពី​ព្រៃ​សហគមន៍ និង​ព្រៃ​អភិរក្ស​៖ «​ព្រួយ​បារម្ភ​ចេះ​តែ​ព្រួយ​ហើយ ប្រសិនបើ​អនាគត​នៅ​តែ​បណ្ដោយ អ៊ីចឹង​ទៀត​ឈើ​ព្រៃ​នឹង​អស់​។ ព្រៃ​សហគមន៍ និង​ព្រៃ​ឡង់​ប្រសិនបើ​យើង​មិន​ទប់ស្កាត់​វា​ឲ្យ​ច្បាស់លាស់ ហើយ​មិន​យក​ចិត្ត​ទុកដាក់​មិនយូរ​ទេ​នឹង​បាត់បង់​អស់ តែបើ​យក​ចិត្តទុកដាក់​នឹង​គង់វង្ស​»​។

បុរស​ដដែល​កត់​សម្គាល់ថា ការ​ដឹក​ជញ្ជូន​ឈើ​បាន ដោយសារ​ឈ្មួញ​ឃុបឃិត​ជាមួយ​អាជ្ញា​ធ​រ​​ពាក់ព័ន្ធ​ជា​ចង្កោម ដើម្បី​ជា​ថ្នូរ​នៃ​ការ​ដឹក​ជញ្ជូ​ន​​ឈើ និង​គេច​ពី​សំណាញ់​ច្បាប់​។ លោក​ចាត់​ទុក​ការ​បង្កើត​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រា​ប​បទល្មើស​ព្រៃឈើ​របស់​រដ្ឋាភិបាល​គឺ​ត្រឹមតែ​ល្អមើល តែ​ធាតុ​ពិត​គឺ​បទល្មើស​ព្រៃឈើ​ទ្រង់​ទ្រា​យ​ធំ និង​តូច​ធ្វើ​ឡើង​ទាំង​យប់​ទាំង​ថ្ងៃ​ ។

អ្នក​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​នៃ​សមាគម​អា​ដ​ហុ​ក (ADHOC) លោក ប៉ែន ប៊ុ​ណ្ណា​រ៍ កត់​សម្គា​ល់ថា កាលពី​ចុងខែ​កញ្ញា ឆ្នាំ ២០១៧ តុលា​កា​រ​ខេត្ដ​មណ្ឌលគិរី បាន​កោះហៅ ឧកញ៉ា សឹ​ង្ហ សំ​អុល អោយ​ស្រាយ​បំភ្លឺ​សំណុំរឿង​ប្រមូល និង​កែ​ច្នៃ​ឈើប្រណិត​គ្រប់​ប្រភេទ ក៏​ប៉ុន្តែ​ជនសង្ស័យ​មិន​បង្ហាញខ្លួន​តាម​ដីកា​របស់​តុលាការ​នោះ​ទេ ដោយ​ចាត់​ឲ្យ​មេធាវី​ឆ្លើយ​ជំនួស​។ លោក​ថា សំណុំរឿង​បទល្មើស​ឧក្រិដ្ឋ​ការ​ចាត់​ឲ្យ​មេធាវី ឆ្លើយ​ជំនួស​គឺជា​ករណី​ខុស​នីតិវិធី​។ លោក​សង្ស័យ​ថា តុលាការ​ហាក់​រើសអើង ចំពោះ​វិធានការ​ផ្លូវច្បាប់​រវាង​អ្នកមាន​អំណាច និង​ពលរដ្ឋ​៖ «​និយាយ​ប្ដេជ្ញា និង​សន្យា​រឿង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ដដែល​ៗ តែ​ការ​ចាត់វិធានការ​របស់​មន្ត្រី​ជំនាញ​យុត្តិធម៌ ឬ​អ្នកដឹកនាំ​រដ្ឋ​យើង សាបរលាប​មាន​ន័យ​ថា ឈើ​គេ​កាប់​រលាយ​ហើយ​»​។

កាលពីដើម​ឆ្នាំ​២០១៦ ពលរដ្ឋ​រស់នៅ​ឃុំ​ឫស្សី​កែវ ស្រុក​ព្រែក​ប្រសប់ ខេត្ដក្រចេះ ចំនួន ៥៤៥​គ្រួសារ បាន​ផ្ដិត​មេដៃ​ប្ដឹង​ឧកញ៉ា ២​រូប ឈ្មោះ ប៊ុត ប៊ុ​ន​អេ​ង ហៅ អេ​ង និង​ឧកញ៉ា លឹ​ម ប៊ុ​ណ្ណា ហៅ ខ្នា និង​អ្នកមាន​អំណាច​មួយ​ចំនួន​ពី​បទ​កាប់​រាន​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ ទៅ​សាលាដំបូង​ខែត្រ​ក្រចេះ ក៏​ប៉ុន្តែ​មក​ទល់​ពេល​នេះ តុលាការ​មិន​ទាន់​មាន​ចំណាត់ការ​ផ្លូវច្បាប់​ករណី​នេះ​នៅឡើយ​ទេ បើ​ទោះបីជា​សហគមន៍​មាន​ភស្តុ​តាង​ច្បាស់លាស់​ក្ដី​។

មន្ត្រី​សង្គម​ស៊ី​វិល​អះអាង​ថា តុលាការ​រើសអើង អនុវត្ត​ច្បាប់​រវាង​ពលរដ្ឋ ឧកញ៉ា និង គណបក្សប្រឆាំង​។ គេ​សង្កេត​ឃើញ​ថា ប្រសិនបើ​សំណុំរឿង​ចាត់ការ​គណបក្សប្រឆាំង តុលាការ​មាន​ចំណាត់ការ​លឿន​។ កាល​ចុងឆ្នាំ​២០១៥ សាលាដំបូង​ខែត្រ​ស្ទឹង​ត្រែង បាន​កាត់ទោស​ជំទប់​ទី ២ ឃុំ​តា​ឡាន ស្រុក​សេ​សាន ខែត្រ​ស្ទឹង​ត្រែង មក​ពី​គណបក្ស សម រ​ង្ស៊ី លោក ណ ឡិ​ត ឲ្យ​ជាប់​ពន្ធនាគារ ៥​ឆ្នាំ ពី​បទ​កាប់​រាន​ដី​ព្រៃ​មួយ​ហិ​កតារ ពង្រីក​ផ្ទៃដី​ធ្វើ​កសិកម្ម​។ មក​ទល់​ពេល​នេះ លោក ឡ ណិ​ត បាន​ជាប់​ពន្ធនាគារ​ប្រហែល ៣​ឆ្នាំ​ហើយ រីឯ​ឧកញ៉ា និង​អ្នកមាន​អំណាច​មួយ​ចំនួន​នៅ​តែ​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់ បើ​ទោះបីជា អ្នក​ទាំងនោះ​ពាក់ព័ន្ធ​ជួញដូរ​ឈើ​ខុសច្បាប់​ក្ដី​។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេ​ង ហ៊ី ធ្លាប់​បញ្ជាក់​ថា គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កំពុង​ស្រាវជ្រាវ​រក​វត្ថុ​តាង​ដែល​ជា​បទល្មើស​។ លោក​បញ្ជាក់​ថា វិធានការ​ច្បាប់​មិន​ថា​តែ​បុគ្គល​ណា​ទេ ឲ្យ​តែ​ប្រព្រឹត្ត​បទល្មើស គឺ​សុទ្ធ​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់​។

យ៉ាងនេះ​ក្ដី ពលរដ្ឋ​រស់នៅ​ជិត​ព្រំដែន​កម្ពុជា​វៀតណាម ខែត្រ​មណ្ឌលគិរី នៅ​តែ​ប្រទះ​ឃើញ​ការ​ចរាចរ​ឈើ​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ​ដាក់​ដាំ និង​ច្រករបៀង​។ សកម្មភាព​ដឹក​ជញ្ជូន​ឈើ​នោះ​ភាគច្រើន​នៅ​ពេល​យប់ រីឯ​អាជ្ញាធរ​ជំនាញ​ឃើញ​ចាំ​ទទួល​លុយ​តាម​ផ្លូវ​ជា​ថ្នូរ​អនុញ្ញាត​នាំ​ឈើ​ចេញ​៖ «​ខ្ញុំ​ឃើញ​បទល្មើស​ដឹក​ជញ្ជូន​ឈើ មួយ​យប់​ៗ ១០​ឡាន​ទៅ ២០​ឡាន នៅ​ច្រក​ដាក់​ដាំ​ខ្លោង​ទ្វារធំ​ទៅ​វៀតណាម​»​។

មន្ត្រី​សង្គម​ស៊ី​វិល​លើក​ឡើង​ថា ការ​បណ្ដោយ​ឲ្យ​កើត​មាន​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ និង​តូច គឺជា​ទម្រង់​នៃ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​។ អំពើ​ពុក​រលួយ​នេះ មិន​ត្រឹមតែ​សំដៅ​តែ​ប្រាក់​ដែល​បង់​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេ ភាព​ព្រងើយកន្តើយ​របស់​អាជ្ញាធរ​រដ្ឋាភិបាល ក៏​ជា​ប្រភេទ​នៃ​បទល្មើស​ពុក​រលួយ​ដែរ​។ លើស​ពី​នេះ វិធានការ​ច្បាប់​ចំពោះ​ការ​ដឹក​ជញ្ជូន​ឈើប្រណិត និង​អាជីវកម្ម​ឈើប្រណិត​ខុសច្បាប់ គួរតែ​មានការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ដែរ ព្រោះ​វា​ជា​បទល្មើស​ធំធេង​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ធនធាន​ព្រៃឈើ​។

ច្បាប់​ព្រៃឈើ​ឆ្នាំ​២០០២ មាត្រា​១០០ ចែង​ថា សកម្មភាព​ទាំងឡាយ​ដែល​ធ្វើ​ឡើង​ដោយ​មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រី​នគរបាល​កងកម្លាំងប្រដា​ប់​អាវុធ​ដែល​បាន​អន្តរាគមន៍ ឬ​ផ្ដល់​ការ​អនុ​ញ្ញា​ត​ដោយ​ផ្ទាល់ ឬ​ប្រយោល​ជួយ​ដល់​អាជីវកម្ម​ព្រៃឈើ និង​គំរាមកំហែង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ឬ​រារាំង​កិច្ចការ​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ គឺ​ចាត់ទុកជា​បទល្មើស ដោយ​ត្រូវ​ផ្ដន្ទាទោស​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ដល់​១០០​លាន​រៀល​៕
ប្រភព៖ Angrut

Comments