ជន​ជាប់​ចោទ​​ទាំង​​អស់​ ក្នុង​​សំណុំ​​រឿង​​ប៉ង​បាញ់​​​សម្លាប់​​ឧកញ៉ា​ ថុង​ អ៊ុយប៉ាង​ ជាប់​​ទោស​ដដែល​

ភ្នំពេញ​៖ ជន​ជាប់​ចោទ​​ទាំង​​អស់​​មាន​​លោក​ ហេង​ ពៅ​ អតីត​​ស្នង​ការ​​នគរបាល​​ក្រុង​​ភ្នំពេញ​ និង​ កូន​ចៅ​​ពីរ​​នាក់​ ត្រូវ​​បាន​​តុលាការ​​កំពូល​ នៅ​​ព្រឹក​​ថ្ងៃ​ពុធ​ ៣រោច​ ឆ្នាំ​រកា​ នព្វ​ស័ក​ ពុទ្ធ​ស័ក​រាជ​២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី​០៦​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ សម្រេ​តម្កល់​សាលដីកា​សាលា​ឧទ្ធរណ៍​​ទុក​​ជា​​បាន​​ការ​​ដដែល​ ។​ នេះ​​បើ​​តាម​ការ​​បញ្ជាក់​​របស់​​លោក​​ពុធ​ ធាវី​ មេធាវី​តំណាង​ដោយ​​អាណត្តិ​​របស់​​លោក​ឧកញ៉ា​ ថុង​ អ៊ុយ​ប៉ាង​ ចាង​ហ្វាង​​កាសែត​​កោះ​​សន្តិភាព​ ។

នា​​ពេល​​សវនាការ​ ជន​ជាប់​ចោទ​​នៅ​​តែ​បដិ​សេធ​​ថា​ ពុំ​​បាន​​ប្រព្រឹត្ត​​ដូច​​ការ​​ចោទ​ប្រកាន់​នោះ​ទេ​ ហើយ​​ទាម​ទារ​​ឱ្យ​​តុលាការ​​កំពូល​ កោះ​ហៅ​​សាក្សី​​មក​​បំភ្លឺ​​បន្ថែម​​ទៀត ​។

សាច់​ញាតិ​​ជន​ជាប់​ចោទ​ សុំ​​ឱ្យ​​សម្តេច​​តេជោ​ជួយ​​រក​​យុត្តិធម៌​​ផង​ ដោយ​សារ​​រូប​​គេ​​ពុំ​​បាន​ប្រព្រឹត្ត​​ដូច​​ការ​​ចោទ​ប្រកាន់​​នោះ​ទេ​ ។​ គ្រួសារ​ជន​ជាប់​ចោទ​​រូប​​នេះ​​អះ​អាង​​ថា​ រឿង​ក្តី​មួយ​នេះ​មាន​​តែ​​ប្រមុខ​​រាជរដ្ឋាភិបាល​​កម្ពុជា​ មួយ​​រូប​​គត់​ដែល​​អាច​​ស្វែង​រក​​ពន្លឺ​​យុត្តិធម៌​​បាន ​។

ជន​ជាប់​ចោទ​​ក្នុង​​រឿង​​ក្ដី​​នេះ​​មាន​​បី​​នាក់​ គឺ​ លោ​ក​ ហេង​ ពៅ​ អតីត​ស្នងការ​នគរបាល​ក្រុង​ភ្នំពេ​ញ​ លោក​ លី​ រ៉ាស៊ី​ អតីត​អនុប្រធាន​ការិយាល័​យ​​ព្រហ្ម​ទណ្ឌ​​កម្រិត​​ស្រាល​ និង​ លោក​ ផេង​ ផៃ​ អតីត​​ប្រធាន​​ការិយាល័យ​​ជន​បរទេស​​នៃ​ស្នង​ការ​ក្រុង​ភ្នំពេញ​​ ។

សាច់​ញាតិ​​ជន​ជាប់​ចោទ​​ឈ្មោះ​ លី​ រ៉ាស៊ី​ អះ​អាង​​ថា​ លី​ រ៉ាស៊ី​ ពុំ​​បាន​​ប្រព្រឹត្ត​​បទ​ល្មើស​​ដូច​ការ​​ចោទ​ប្រកាន់​​នោះ​ទេ​​អ្វី​ៗ​​ទាំង​អស់​​សុទ្ធ​​តែ​​ជា​ការ​​ទម្លាក់​​​កំហុស​ ។​ ពួក​គេ​​សង្ឃឹម​​ថា​ តុលាការ​កំពូល​ ជា​​ពិសេស​​សម្តេច​​តេជោ​ហ៊ុន​ សែន​ ជួ​យ​​​ស្វែងរក​យុត្តិធម៌​ជួយ​លី​ រ៉ាស៊ី​ បាន​ ។​

រឿ​ង​​ក្ដី​​នេះ​​សាលា​​ដំបូង​​រាជធានី​​ភ្នំពេញ​ និង​ សាលា​ឧទ្ធរណ៍​ ផ្តន្ទា​​ទោស​​ក្រុម​​ជន​ជាប់​ចោទ​ដាក់​​ពន្ធ​នាគារ​​ចន្លោះ​​ពី​​១៦​ឆ្នាំ​​ទៅ​​១៨​ឆ្នាំ​​និង​សង​​សំណង​​ជំងឺ​​ចិត្ត​​ដល់​​ដើម​​បណ្ដឹង​​រាប់​​ម៉ឺន​ដុល្លារ​អាមេរិក​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​”ប៉ុន​ប៉ង​​សម​គំនិត​​ឃាត​កម្ម​​គិត​​ទុក​​ជា​​មុន​”​ប្រព្រឹត្ត​​​នៅ​​​ចំណុច​​​វត្ត​​​ទឹក​ថ្លា​ សង្កាត់​ទឹកថ្លា​ ខណ្ឌសែនសុខ កាល​ពី​​ថ្ងៃ​ទី​​០៨​ ខែ​​មិថុនា​ ឆ្នាំ​១៩៩៨។

តាម​​អង្គ​​ហេតុ​គឺ​ កាល​​ពី​​ព្រឹ​ក​ថ្ងៃ​​ទី​​០៨​ ខែ​​មិថុនា ឆ្នាំ​១៩៩៨ មាន​​ជន​​ប្រដាប់​​អាវុធ​ពីរ​​នាក់ បាញ់​ប្រហារ​​លើ​​ឧកញ៉ា​ថុង អ៊ុយប៉ាង ក្នុង​​កម្មវិធី​បុណ្យ​​នៅ​​វត្ត ទឹក​ថ្លា ត្រូវ​​ចំ​ពីរ​​គ្រាប់​​របួស​ តែ​អង្គ​រក្ស​​លោក​​បាន​​បាញ់​​ត​​ត្រូវ​​ជន​​ល្មើស​មួយ​​គ្រាប់​របួស​​ដៃ​​ឆ្វេង​។​ ក្រោយ​​មក​​ពុំ​​ទាន់​​មាន​​ការ​​ចាប់​ខ្លួន​​ជន​ល្មើស​​ទេ ។

សាច់​ញាតិ​​ជន​ជាប់​ចោទ​ លី​ រ៉ាស៊ី​ បន្ត​ថា​ រហូត​លោក​​ហេង​ ពៅ​ មាន​​ទំនាស់​​ជា​មួយ​​ថ្នាក់​​លើ​ ទើប​​គេ​​ទម្លាក់​​កំហុស​​មក​​លើ​ លី​ រ៉ាស៊ី​ និង​​ចាប់​ខ្លួន​​តែ​​ម្តង​ ។ ចំណែក​​រឿង​​មួយ​​ទៀត​​គឺ​ ការ​​អនុវត្ត​គោល​នយោ​បាយ​​កណ្តាប់​​ដៃ​​ដែក​​របស់​​សម្តេច​ ក៏​មាន​​អ្នក​​ចោទ​​ប្រកាន់​​ទម្លាក់​​កំហុស​​ថា​ លី​ រ៉ាស៊ី​ បង្ខាំង​​មនុស្ស​​ខុស​​ច្បាប់​​ផង​ដែរ​ តែ​​តាម​​ពិត​ លី​ រ៉ាស៊ី​ ពុំ​​បាន​​ប្រព្រឹត្ត​​ឡើយ ​។ ជា​ការ​​កត់​សម្គាល់​គ្រប់​​ដំណាក់​កាល​​ទាំង​អស់ លោក ហេង ពៅ និង​ កូនចៅ​ តែងតែ​បដិ​សេ​ធ​ថា ពុំ​បាន​​ប្រព្រឹត្ត​​ដូច​​ការ​ចោទ​ប្រកាន់​នោះ​ទេ ៕


Comments