តុលាការ​សម្រេច​ឃុំ​ខ្លួន​​បុរស២​នាក់​ ​ដែល​បាញ់​​​នៅ​​មជ្ឈ​​មណ្ឌល Rock

ភ្នំពេញ៖​ ទី​បំផុតទៅ​រសៀល​​ថ្ងៃ​ទី​៦ ខែធ្នូ ​ឆ្នាំ​២០​១៧​នេះ តុលា​ការ​ក្រុង​ភ្នំពេញ​បាន ចេញ​ដី​កា​បង្គាប់ឱ្យ​ឃុំ​ខ្លួន បុរស​២នាក់ ដែល​បាន​បា​ញ់​ជន​រងគ្រោះ នៅ​មជ្ឈ​មណ្ឌល Rock ជា​បណ្ដោះ​អាសន្ន​សិន រងចាំ​បន្ដ​នីតិ​វិធី​នា​ពេល​ក្រោយ ។

យោង​តាម​លោក លី សុផាណា អ្នកនាំ​ពាក្យ​នៃ​អយ្យ​ការ​អម​សាលា​ដំបូង​ក្រុង​ភ្នំពេញ បាន​បញ្ជាក់​តាម Telegram ថា លោក ហ៊ឹង ប៊ុន​ថន ជា​តំណាង​អយ្យការ​បាន​ចោទ​ប្រកាន់​លើ
ឈ្មោះ កែវ​ ភិរុណ ភេទ​ប្រុស​ អាយុ​ ៣២​ឆ្នាំ និង​ឈ្មោះ ឡ ពេជ្រ​សិលា​ ភេទ​​ប្រុស អាយុ​ ៣៥​ឆ្នាំ ពីបទ ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស​យោង​តាម ២១៧ និងមាត្រា ២១​៨ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ។

សូម​បញ្ជាក់​ថា កម្លាំង​​នគរបាល​​នាយក​ដ្ឋាន​នគរបាល​​ព្រហ្ម​​ទណ្ឌ ក្រសួង​​មហា​​ផ្ទៃ​​បាន​ឃា​ត់​ខ្លួន​ជន​ត្រូវ​ចោទ​ទាំង​២​នាក់ កាល​ពី​ថ្ងៃ​​ទី​​០១ ខែ​ធ្នូ ឆ្នាំ​២០១៧​កន្លង​ទៅ នៅ​​ខេត្ត​កំពង់​​ធំ។

គួរ​រំលឹក​ថា កាល​ពី​វេលា​​ទាប​​ភ្លឺ​​ថ្ងៃ​​ទី២៩ ខែវិ​ច្ឆិ​កា ឆ្នាំ​២០១៧ កន្លងទៅ មាន​ការ​បាញ់​ប្រហារ​គ្នា​មួយ​បង្ក​ឡើង​ដោយ ជនត្រូវ​ចោទ​ទាំង​២​នាក់​ខាង​លើ និង​បក្ខ​ពួក​ម្នាក់​ទៀត (កំពុង​រត់​គេច​ខ្លួន) នៅ​​ក្នុង​​បន្ទប់​​ខារ៉ា​​អូខេ នៃ​​មជ្ឈ​ម​ណ្ឌ​ល​កម្សាន្ដ Rock ស្ថិត​នៅសង្កាត់​​បឹង​​ត្របែ​ក ខណ្ឌ​ចំការ​មន នៅ​ករណីបាញ់ប្រហារមួយ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​រង​របួស​ធ្ងន់ ៕


Comments