បើ​គ្មាន​បទ​បញ្ជា​ពី​ថ្នាក់​លើ មាន់​គក​ទាំង​អស់​នឹង​ក្រាប​ពង​ហើយ

ក្រុម​អា​គក​ទាំង​នេះ​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស​ប្រហារ​ជីវិត។ ហេតុ ដូច្នេះ​ទើប​ម្ចាស់​វា​សុខ​ចិត្ត​ទៅ​រំដោះ​ពួក​វា​នៅ​ស្នងការដ្ឋាន​ខេត្ត​កណ្ដាល តែ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ជាប់​ជុច​ដែរ​ទៅ។ វ៉ល់​ៗ​ខ្ពើម​សរសើរ​សមត្ថកិច្ច និង​អាជ្ញាធរ ពាក់ព័ន្ធ​ក្នុង​ប្រតិបត្តិការ បង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់​នៅ​ខេត្ត​តាកែវ​និង​ខេត្ត​កណ្ដាល​ណាស់ ព្រោះ​អស់​លោក​អត់​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បង្ក្រាប​ទេ ទាល់តែ​សម្ដេច ហ៊ុន សែន ចង្អុល​ទើប​ធ្វើ​ដូច​អស្ចារ្យ​ណាស់។សួរ​ថា​គួរ​សរសើរ​សមត្ថកិច្ច​ទាំងនោះ​ឬ​គួរ​សរសើរ​និង​គោរព​ស្រឡាញ់​សម្ដេច​តេជោ។

មិន​មែន​ជា​ការ​រិះ​គន់​សមត្ថកិច្ច​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​​ខេត្ត​ទាំង​ពីរ​នេះ​ទេ ក៏​ប៉ុន្តែ​រឿង​នេះ​មិន​មែន​ជា​រឿង​ថ្មី។ ហើយ​ការ​ក៏​កើត​ទីតាំង​ជល់​មាន់​ធ្វើ​ឲ្យ​អ្នក​ស្រុក​ក្ដៅ​ក្រហាយ​នេះ​គឺ មិន​មែន​កើត​ឡើង​ដោយ​ស្ងាត់ៗ លួច​ធ្វើ​ដូច​ឥសី​ជប​ឲ្យ​កើត​ឡើង​នោះ​ទេ គឺ​កើត​ឡើង​ក្នុង​រូបភាព​គគ្រឹក​គគ្រេង ផ្អើល​រហូត​អ្នក​ស្រុក​ក្ដៅ​ក្រហាយ ទើប​មាន​បទ​បញ្ជា​តឹងរឹង​ពី​ប្រមុខ​ដឹកនាំ ហើយ​ក៏​ត្រូវ​បាន​អាជ្ញាធរ​ចុះ​បង្ក្រាប យក​ស្នាដៃ តែ​ជា​លទ្ធផល ប្រសិនបើ​មិន​មាន​បទ​បញ្ជា​ពី​ថ្នាក់​លើ យ៉ាង​តឹងរឹង សូម្បី​តែ​ម្ចាស់​ទីតាំង ក៏​មិន​អាច​ត្រូវ​បាន​ចាប់​ខ្លួន​បាន​ដែរ។ ដូច្នេះ​អង្គភាព​យើង​ខ្ញុំ ក៏​សូម​ចូល​រួម​ជំរុញ​ឲ្យ​អាជ្ញាធរ​នៅ​តំបន់​ផ្សេង​ៗ​ទៀត ដែល​កំពុង​មាន​បទ​ល្មើស ពាក់ព័ន្ធ​ល្បែង​ស៊ីសង ដូច​ជា ល្បែង​ស៊ីសង​តាម​ប្រព័ន្ធ​អ៊ិនធឺណិត គឺ​បើ​នៅ​ទីក្រុង​ភ្នំពេញ​វិញ​រាប់​រយ​កន្លែង​តែ​ម្ដង។ ស្នើសុំ​អាជ្ញាធរ​ទីក្រុង​ភ្នំពេញ ចាត់​វិធានការ​លើ​បញ្ហា​នេះ​ផង។

សូម​ជម្រាប​ថា ក្រោយ​ពី​ការ​បង្ក្រាប​ទីតាំង​ប្រជល់​មាន់​នេះ មាន​ការ​បែក​ធ្លាយ​រឿង​សូកប៉ាន់ អាជ្ញាធរ​សមត្ថកិច្ច​មូលដ្ឋាន រួម​ទាំង​អ្នក​សារព័ត៌មាន ដើម្បី​បាន​ប្រកប​អាជីវកម្ម​យ៉ាង​រលូន ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ការ​បែក​ធ្លាយ​ឯកសារ​នេះ​គឺ មិន​មែន​ជា​ឯកសារ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ច្បាស់​លាស់​ទេ ដូច្នេះ​អាច​ចាត់​ទុក​ថា ជា​ឯកសារ​អនាមិក ដែល​អាច​កើត​ឡើង​ពី​ភាគី​ណា​មួយ ដែល​ខកខាន លែង​បាន​ទទួល​ផល​ប្រយោជន៍​ពី​ទីតាំង ល្បែង​ស៊ីសង ឬ​អាជីវកម្ម​ខុស​ច្បាប់៕

Comments