អាណិត​ណាស់! បុរស​ម្នាក់​ត្រូវ​ឡិចស៊ីស​មួយ​គ្រឿង​បុក​បាក់​ជើង​ម្ខាង

ភ្នំពេញ៖ បុរស​ម្នាក់​បាន​រង​របួស​បាក់​ជើង​ម្ខាង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ខណៈ​កំពុង​ជិះ​ម៉ូតូ​ហើយ​ត្រូវ​រថយន្ត​ឡិច​ស៊ីស​បើក​ឆ្លង​ផ្លូវ​ជ្រុល​បុក​ពេញ​ទំហឹង​កាល​ពី​វេលា​ម៉ោង​១​និង​៣០​នាទី រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​បុរី​ធូលន តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​សង់កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់ធំ 1E 4082 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​ឡិចស៊ី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ2L 2078 ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា​ហើយ​បាន​បត់​ឆ្លង​ផ្លូវ​បំណង​ចូល​ក្នុង​បុរី​ធូលន ក៏​ជ្រុល​បុក​ម៉ូតូ​ពេញ​ទំហឹង​បណ្ដាល​អោយ​បុរស​អ្នក​ជិះ​ម៉ូតូ​រួម​ជាមួយ​ប្រពន្ធ​និង​កូន​បាន​រង​របួស​បាក់​ជើង​ខាង​ឆ្វេង​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​ពេលក្រោយ៕

Comments