ចុះ​ពី​លើ​ស្ពាន​អាកាស​បុក​ឡាន​គេ ហើយ​រត់​បាត់

រាជធានី​ភ្នំពេញ៖ រថយន្ត​ហាយឡេឌ័រ​មួយ​គ្រឿង​បើក​ចុះ​ពី​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ត្រូវ​បាន​រថយន្ត​ហ៊ីយ៉ាន់ដាយ​បុក​គូទ​ពីក្រោយ​ពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាង​ដំណំ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ តាម​បណ្ដោយ​ផ្លូវ​មុន្នី​រ៉េត ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ។

ម្ចាស់​រថយន្ដ​ហាយឡេឌ័រ ប្ដី​មាន​ឈ្មោះ ហិន ភាព អាយុ​៤៣ឆ្នាំនិង ប្រពន្ធ​មាន​ឈ្មោះ ឈៀវ សុនី អាយុ​៣៤​ឆ្នាំ ទាំង​២​នាក់​ស្នាក់​នៅ​ក្នុង​បុរី​ពិភព​ថ្មី​ចំការ​ដូង សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ។

បើ​តាម​សម្ដី​ស្ត្រី​ជា​ម្ចាស់​រថយន្ត​ហាយ​ឡែឌ័រ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ គាត់​បាន​ធ្វើ​ដំណើរ​ជាមួយ​ប្ដី​និង​កូន ដោយ​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក ហាយឡែឌ័រ ពណ៌​ទឹកប្រាក់ ដែល​ពាក់​ស្លាក​លេខ ភ្នំពេញ2AM-3861 បាន​ធ្វើ​ដំណើរ​ចេញ​ពី​បើក​លុយ​នៅ​ធនាគារ​តាម​បណ្ដោយ​ផ្លូវ​២៧១ ចុះ​មក​ក្រោម​ស្ពាន​បម្រុង​ឡើង​ទៅ​ផ្លូវ​២៧១ មុខ​មន្ទីរ​ពេទ្យ​រុស្សី ខណៈ​នោះ​ក៏​មាន​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ម៉ាក ហ៊ី យ៉ាន់ដាយ ពណ៌​ស ដែល​ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-1154 បាន​ធ្វើ​ដំណើរ​ចុះ​ពី​លើ​ស្ពាន​ក្នុង​ល្បឿន​លឿន​ល្មម ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ​បាន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ហាយឡែឌ័រ​ពី​ក្រោយ​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​រថយន្ដ​ហោះ​ឡើង​ចិញ្ចើម​ខឿន​រង​ការ​ខូចខាត​យ៉ាង​ដំណំ ភ្លាម​នោះ​តៃ​កុង​រថយន្ដ​ហ៊ីយ៉ាន់ដាយ​បាន​ចុះ​រត់​គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​ដោយ​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​និង​ទាក់ទង​សមត្ថកិច្ច​ជំនាញ​ចុះ​មក​វាស់វែង​និង​អូស​រថយន្ត​ទាំង​ពីរ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវ​គោក​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​នៅ​ពេលក្រោយ៕

Comments