កម្លាំង​ចម្រុះ​ខណ្ឌ​មាន​ជ័យ​ឆ្មក់​បង្ក្រាប​ល្បែង​ឆ្នោត​វៀតណាម​ខុសច្បាប់

ភ្នំពេញ : កម្លាំង​ចម្រុះ​ខណ្ឌ​មាន​ជ័យ​បាន​ឆ្មក់​ចុះ​ចាប់​មេ​កត់​កន្ទុយ​លេខ​ខុសច្បាប់​និង​ធ្វើការ​ឃាត់ខ្លួន​បាន​អ្នក​ចាក់​ឆ្នោត​ម្នាក់ និង​អ្នក​កត់​ម្នាក់ ព្រម​ទាំង​ដក​ហូត​វត្ថុ​តាង​សម្រាប់​កត់​ឆ្នោត​មួយ​ចំនួន។ ហេតុការណ៍​ឃាត់​ខ្លួន​នេះ​ធ្វើឡើង​កាល​វេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែល​ស្ថិត​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ឫស្សី​៣ សង្កាត់​ស្ទឹង​មាន ជ័យ​២ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ។

ក្នុង​ប្រតិបត្តិការ​នេះ​ដឹក​នាំ​ដោយ លោក ឌី រ័ត្នខេមរុណ ដែល​ជា​អភិបាល​រង​ខណ្ឌ​មាន​ជ័យ និង​លោក ហ៊ួរ ម៉េងវ៉ាង ដែល​ជា​អធិការ​រង​ខណ្ឌ​មាន​ជ័យ រួម​នឹង​កម្លាំង​ចម្រុះ​ក្រោម​ឱវាទ​ជា​ច្រើន​នាក់​ទៀត​ចូលរួម ដោយមាន​ការ​សម្របសម្រួល​ពី​លោក ស៊ុំ សុភ័ក្រ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

បុរស​ជា​អ្នក​កត់​មាន​ឈ្មោះ ឡឹក សុវណ្ណា អាយុ​៥៧​ឆ្នាំ (អ្នក​កត់​កន្ទុយ​លេខ) ស្នាក់​នៅ​ផ្ទះ​កើតហេតុ និង​អ្នក​ចាក់​ឆ្នោត​មាន​ឈ្មោះ ថន ស្រស់ អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ក្នុង​ភូមិ​កើតហេតុ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ដែរ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​ទីតាំង​កត់​ឆ្នោត​វៀតណាម​ខាងលើ ព្រម​ទាំង​ឃាត់ខ្លួន​បាន​បុរស​២​នាក់ (អ្នក​កត់​ម្នាក់​និង​អ្នក​ចាក់​ម្នាក់) និង​ដក​ហូត​សម្ភារៈ​មួយ​ចំនួន​រួម​មានៈ -ម៉ាស៊ីន​ប៉ាក់​មួយ​គ្រឿង -កុំព្យូទ័រ​មួយ​គ្រឿង -ទូរសព្ទ​ម៉ាក​សាំសុង​៣​គ្រឿង -លុយ​ខ្មែរ ៥២.៥០០០ រៀល និង​សម្ភារៈ​កត់​ឆ្នោត​មួយចំនួន។

បច្ចុប្បន្ន​ជន​សង្ស័យ​ខាង​លើក​រួម​នឹង​វត្ថុ​តាង​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ១ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​អធិការ​នគរបាល​ខណ្ឌ​មាន​ជ័យ ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់៕

Comments