ចុះ​បិទ​ផ្អាក​អាជីវ​កម្ម​ហាង ផ្កាយមាស១KTV ទៀត​ហើយ​ដែល​មិន​គោរព​កិច្ច​សន្យា

ភ្នំពេញ ៖ ហាង​ខារ៉ា​អូខេ​មួយ​កន្លែង​យីហោ ផ្កាយ​មាស​១​KTV ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​២០០៤ ក្នុង​ភូមិ​ត្រពាំង​ល្វា សង្កាត់​កាកា​ប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ត្រូវ​បាន​គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ ដឹក​នាំ​កម្លាំង​ចម្រុះ​ចុះ​បិទ​ផ្អាក​អាជីវ​កម្ម​ជា​រៀង​រហូត បន្ទាប់​ពី​ហាង​ខាង​លើ មិន​គោរព​នូវ​កិច្ច​សន្យា ជា​មួយ​អាជ្ញា​ធរ​កន្លង​ពោល​នៅ​បន្ត​ភាព​អន្តិសុខគ្មាន​សណ្តា​​ប់ធ្នាប់ ដេញ​ចាប់​ម៉ូយ ប្រសេច​ប្រសាច​នៅ​ពេ​ល​យប់ បាត់​បង់​អស់​សណ្តាប់​ធ្នាប់​សាធារណៈ​។​កិច្ច​ប្រតិបត្តិ​ការ​ខាង​លើ​បាន​ប្រព្រឹត្ត​ទៅ​កាល​​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ក្រោម​បញ្ជា​របស់​លោក ហែម ដារិទ្ធ អភិបាល​នៃ​គណ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កម្លាំង​ចម្រុះ​របស់​គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹក​នាំ​ដោយ​លោក យិន គា នាយក​រដ្ឋ​បាល​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​អនុវត្ត​តាម​បញ្ជា​របស់​លោក​អភិបាល​ខណ្ឌ ហែម ដារិទ្ធិ បាន​ចុះ​ធ្វើ​ការ​បិទ​និង​រុះ​រើ ទម្លាក់​ស្លាក​យី​ហោ ហាង​ខារ៉ាអូរ​ខេ​ខាង​លើ​នោះ​ចោល​និង​មិន​អនុញ្ញាត​ឲ្យ​បើក​ដំណើរ​ការ​ឡើង​វិញ​ជា​រៀង​រហូត មូល​ហេតុ​គឺ​ដោយ សារតែ​ម្ចាស់​ហាង​មួយ​នេះ​ល្មើស​និង​ផ្គើន​ទៅ​នឹង​ការ​ណែ​នាំ​របស់​អាជ្ញាធរ ដែល​បាន​ប្រជុំ​ណែ​នាំ​ជា​បន្ត​បន្ទាប់​រាប់​ដង​មិន​ឈ្នះ​មក ហើយ មិនតែ​ប៉ុ​ណ្ណោះ​មិន​បាន​គោរព​កិច្ចសន្យា​ដែល​បាន​ធ្វើ​ឡើង​​ជា​មួយ​អាជ្ញា​ធរ ក្នុង​ពេល​កន្លង​មក​ឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ការ​ប្រជុំ​ណែ​នាំ​ធ្វើ​កិច្ច​សន្យា​ក្នុង​ពេល​កន្លង​មក រវាង​អាជ្ញា​ធរ​ខណ្ឌ​និង​ក្រុម​អ្នក​រក​ស៊ី​បើក ហាង​ខារ៉ាអូរ​ខេ ម៉ាស្សា​កោស​ជប់ ឬភោជនីយដ្ឋាន​នានា​នៅ​ទូ​ទាំង​ខណ្ឌ​ពោធិ៍សែន​ជ័យ ជាពិសេស​ក្រុម​អ្នក​បើក​ហាង​KTV ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤​នេះ គឺហាមមិនឲ្យ​បង្ករឿង​វាយ​តប់​គ្នា​ឬ បណ្តោយ​ឲ្យ​បុគ្គលិក​របស់​ខ្លួន បង្ក​ភាព​រញ៉េ​រញ៉ៃ ជិះ​ម៉ូតូ និង​រត់ប្រដេញ​ចាប់​ដណ្តើ​​ម​ម៉ូយ គ្មាន​​សណ្តាប់​​ធ្នាប់ បង្ក​អស​ន្តិ​សុខ ក្នុងមូល​ដ្ឋានឬលួច​បន្លំលុយភ្ញៀវ​ជា​ដើម ។​ ត្រូវ​តែ​រួម ចំណែក​ថែ​រក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់ និង​របៀប​រៀប​រយ​នៅ​ក្នុង​មូល​ដ្ឋាន​ប្រសិ​ន​បើ​នៅ​តែ​មិន​អនុវត្តន៍ តាមកិច្ចសន្យានិងការ ណែ​នាំទេនោះ​និង​ទទួល​រងការបិទ​អាជីវកម្ម​តែ​ម្ដង ៕

Comments