ម្ដាយ​ដឹក​កូនទីរៀនបើក​ឡាន​ធ្លាក់​ជង្ហុក​ជាន់​ហ្គែថែម​បុក​ចូល​ផ្ទះ​គេ​

ភ្នំពេញ: ម្ដាយ​ដឹក​កូន​ទៅ​រៀន​បើក​រថយន្ដ​មិន​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​ប្រជាពល​រដ្ឋ​តែ​សំណាងល្អ​មិន​បណ្ដាល​អោយ​មាន​អ្នក​រង​របួស​ដល់​អ្នក​ណា​ម្នាក់​ឡើយ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​តាម​បណ្ដោ​យ​​ផ្លូវ​បេតុង​សូ​នី ក្នុង​ភូមិ​ឬស្សី​១ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ។ ស្ដ្រី​ដែល​បើក​រថយន្ដ​បង្ក​មិន​បាន​ស្គាល់​អត្ដ​សញ្ញាណ​ទេ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​អោយដឹងថា មុនពេល​កើត​ហេតុ​គេ​បាន​ឃើញ​ស្ដ្រី​ម្នាក់​រួម​ទាំង​ក្មេង​ស្រី​២​នាក់​ទៀត​ដោយ​ជិះ​រថយន្ដ​មួយ​គ្រឿង​ម៉ាក ព្រូស ពណ៌​កណ្ដុល​ព្រមះ ដែល​ពាក់​ស្លាក​លេខ 2AP-​25​53 ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត ខណៈ​មក​ដល់​ផ្លូវ​បំបែកជា​បី​ដោយ​ស្ថានភាព​ផ្លូវ​មាន​ជង្ហុក​បណ្ដាល​អោយ​ស្ដ្រី​ជាន់​ហ្គែ​បន្ថែម​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​ប្រជា​ពលរដ្ឋ​ពេញ​មួយ​ទំហ្នឹង​បណ្ដាល​អោយ​ខូច​ខាត​ទ្វា​ខាង​មុខ​ទាំង​ស្រុង ហើយ​រថយន្ដ​បាន​ចូល​ក្នុង​ផ្ទះ​តែ​ម្ដង​បណ្ដាល​អោយ​រងការ​ខូច​ខាត​យ៉ាង​ដំណំ ភ្លាម​នោះ​ស្ដ្រី​បង្ក​និង​ក្មេង​ស្រី​២​នាក់​ទៀត​មិន​បាន​រង​របួស​ទេ​រួច​បាន​ហៅ រ៉ីម៉កកង់​បី​ជិះ​ទៅ​រៀន​បាត់​ទៅ មួយ​សន្ទះ​ក្រោយ​មក​ឪពុក​បាន​ចេញ​មុខ​មក​ដោះ​ស្រាយ​សងការខូច​ខាតទាំង​ស្រុង​ដល់​ផ្ទះ​និង​បញ្ចាប់​រឿង​នៅ​កន្លែង​កើត​ហេតុ​តែ​ម្ដង ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​ប៉ុស្ដិ៍ស្ទឹងមាន​ជ័យ​៣ ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​បាន​ហាម​មិន​អោយ​អ្នក​សារព័ត៌​មាន​ម្នាក់​ណា​ថត​ឡើយ បាន​ថត​តែ​ពី​ខាង​ក្រៅ ដោយ​ឡែក​ម្ចាស់​រថយន្ដ​បង្ក​ក៏​មិន​បាន​ផ្ដល់​ព័ត៌​មាន​ដែរ​ហាក់​បី​ដូច​ជា​មាន​ការ​លាក់​បាំង​ ៕

វីដេអូ​

Comments