អគ្គីភ័យ​ឆាប​ឆេះ រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ដ៏​ធំ​មួយ​ន្លែង យ៉ាង​សន្ធោរ​សន្ធៅ

ភ្នំពេញ: វេលា​ម៉ោង​៤ និង៥០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ ២០១៧​នេះ មាន​ហេតុ​ការណ៍​អគ្គី​ភ័យ​មួយ​បាន​ឆាប​ឆេះ រោងចក្រ​កាត់​ការ​សម្លៀក​បំពាក់​ដ៏​ធំ​មួយ​កន្លែង យីហោ ” ម៉ាកា​ឡូត ហ្គា​មិន ” ដែល​មាន​ទី​តាំងស្ថិត​តាម​បណ្តោ​យ​​ផ្លូវ​វេង​ស្រេង ក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធា​នីភ្នំពេញ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ អោយ​ដឹង​ថា ដំបូង​ឡើយ​ក្រុុម​សន្តិ​សុខ នៃ​រោង​ចក្រ​ខាង​លើ បាន​ឃើញ​មាន​ផ្សែង​ខ្មួរ​ខ្មាញ់​ហុយ​ចេញ​ពី​អាគារ​រោង​ចក្រ ក៏​នាំ​គ្នា​រត់​ចូល​ទៅ​មើល លុះ​មួយ​សន្ទុះ​ក្រោយ​មក​ស្រាប់​តែ​មាន​ជា​អណ្តាត​ភ្លើង​ឆាប​ឆេះ​ឡើង​យ៉ាង​សន្ធោ​សន្ធៅ​តែ​ម្តង បង្ក​ការ​ភ្ញាក់​ផ្អើល​អ្នក​កំពុង​សម្រាក​នៅ​រោង​ចក្រ និង​ក្រុម​សន្តិ​សុខ​រត់​ចេញ​ពី​រោង​ចក្រ​ប្រសាច និង​រាយការណ៍​ជូន​នគរបាល​មូល​ដ្ឋាន​ចុះ​អន្តរាគមន៍ ។

ភ្លាម​ៗ​បន្ទាប់​ពី​ទទួល​បាន​ដំណឹង នៃ​ការ​ឆាប​ឆេះ​សមត្ថកិច្ច​នគរបាល​មូល​ដ្ឋាន កម្លាំង​អាវុធ​ហត្ថ ក្រុម​ជំនាញ​អគ្គីភ័យ និង​រថយន្ត​ពន្លត់​អគ្គីភ័យ​ប្រមាណ​ជា​ជាង​៥០​គ្រេឿង​បាន​ចុះ​អន្តរាគមន៍​ជា​បន្ត​បន្ទាប់ ដើម្បី​បាញ់​ទឹក​ទប់​ស្កាត់​អណ្តាត​ភ្លើង​កុំ​អោយ​ឆាប​ឆេះ​បន្ត ។

ទី​តាំង​រោង​ចក្រ​ដែល​ត្រូវ​ឆាប​ឆេះ ជា​ទី​តាំង​ដែល​សង់​ឡើង​ពី​ថ្ម​ហុំ​ព័ទ្ធ​ពី​ខាង​ក្រៅ ហើយ​ខាង​ក្នុង​ផ្ទុក​ពេញ​ទៅ​ដោយ​ក្រណាត់​ជា​ច្រើន និង​សម្ភារះ​ឧបករណ៍​ផ្សេង​ៗ ដែល​ងាយ​នឹង​ចម្លង​អណ្តាត​ភ្លើង​បំផុត ។ ជាក់​ស្តែង​ក្នុង​ការ​អន្ត​រាគមន៍​បាញ់​ទឹក​ពន្លត់ នគរបាល​ជំនាញ និង​ក្រុម​រថយន្ត​ពន្លត់​អគ្គីភ័យ​មាន​ការ​លំបាក​ខ្លាំង​ក្នុង​ការ​បាញ់​ទឹក​ទប់​ស្កាត់​អណ្តាត​ភ្លើង ព្រោះ​ទី​តាំង​រោង​ចក្រ​មាន​ទំហំ​ផ្ទៃ​ក្រលា​ធំ ធ្វើ​អោយ​សមត្ថកិច្ច​អាច​បាញ់​ទឹក​បាន​ត្រឹម​តែ​មាត់​បង្អូច​ចូល​ទៅ​ខាង​ក្នុង​បាន​តែ​១០ ទៅ​២០​ម៉ែត្រ​ប៉ុណ្ណោះ ។

គិត​មក​ត្រឹម​វេលា​ម៉ោង​៦ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ខែ​ដ​ដែល អណ្តាត​ភ្លើង​ត្រូវ​បាន​រលត់​ទៅ​វិញ ប្រមាណ​៧០% នៅសល់៣០%​ទៀត​សុទ្ធ​សឹង​ជា​ផ្សែង​ហុយ​ខ្មួរ​ខ្មាញ់​តែ​ប៉ុណ្ណោះ ។ ដោយ​ឡែក​ចំពោះ​មូល​ហេតុ នៃ​​ការឆាប​ឆេះ​វិញ​​សម​ត្ថកិច្ច​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ រង​ចាំ​ការ​អន្តរាគមន៍​ពន្លត់​អណ្តាត​ភ្លើង​១០០% និង​ធ្វើ​កោសល្យ​វិច្ច័យ​ជា​មុន​សិន ៕




វីដេអូ​

Comments