សំណុំ​រឿង​ឃាត​កម្ម​បាញ់​សម្លាប់​ឧកញ៉ា​អឹុង ម៉េងជឺ តុលា​ការ​សម្រេច​ចាត់​របៀប​ឡើង​វិញ

រាជធានី​ភ្នំ​ពេញ: ចៅ​ក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក​តុប ឈុនហេង កាល​ពី​រសៀល​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ បាន​សម្រេច​ប្រកាស​ចាត់​របៀប​ឡើង​វិញ លើ​សំណុំ​រេឿង​ឃាត​កម្ម​បាញ់​សម្លាប់​ឧកញ៉ាអឹុង ម៉េងជឺ ដោយ​បង្វិល​សំណុំ​រេឿង​ខាង​លើ​នេះ​ទៅ​ចៅ​ក្រម​ស៊ើប​សួរ ដើម្បី​បើក​ការ​ស៊ើប​សួរ នៃ​ដំណើរ​រេឿង​ឡើង​វិញ ។

ការ​សម្រេច​ចាត់​របៀប នៃ​សំណុំ​រេឿង​នេះ ធ្វើ​ឡើង​ដោយ​តុលាការ​យល់​ឃើញ​ថា រេឿងក្តី​នេះ​មិន​ទាន់​អាច​សម្រេច​សេច​ក្តី​បាន​នៅ​ឡើយ​ទេ ត្រូវ​តែ​បង្វិល​សំណុំ​រេឿង​ទៅ​ស៊ើប​សួរ​ឡើង​វិញ ដើម្បី​ប្រមូល​ការ​ពិត​មួយ​ចំនួន នៃ​ដំណើរ​រេឿង​អោយ​បាន​ប្រាកដ​ជា​មុន​សិន ។

គួរបញ្ជាក់ថា សំណុំរេឿងដដែលនេះ លោក​តុប ឈុន​ហេង អនុ​ប្រធាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ និង​ជាប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​ពន្យា​ពេល នៃ​ការ​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​អស់​រយះ​ពេល​ជាង​៦​ខែ​មក​ហើ​យ បន្ទាប់​ពីសវនាការ​មុន​អង្គ​សេចក្តី​ត្រូវ​បាន​បញ្ចប់ ។ លុះ​មក​ទល់​ថ្ងៃ​​ទី១៣ ខែឆ្នាំ​ខាង​លើ ដែល​ជា​ថ្ងៃ​កំណត់​កាល​បរិច្ឆេទ​ប្រកាស​​សាល​ក្រម​ផ្តន្ទាទោស តុលាការ​ក៏សម្រេច​ប្រ​កា​​ស​ចាត់​របៀប​ឡើង​វិញ​តែ​ម្តង ។

សូមបញ្ជាក់ថា ជនជាប់ចោទក្នុង​សំណុំ​រេឿង​ឃាត​កម្ម​បាញ់​សម្លាប់​មនុស្ស​ដ៏​ឃោរ​ឃៅ​ខាង​លើ​នេះ​មាន អតីត​ឧកញ៉ា​ថោង សារ៉ាត់ ដែល​ជា​អ្នក​ទោស​ដ៏កាលីប​កំពុង​សម្រាក​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត និង​ក្រុម​អង្គ​រក្ស ៤​នាក់​ផ្សេង​ទៀត​កំពុង​ជាប់​ពន្ធ​នាគារ ដោយក្នុងនោះមានម្នាក់បានស្លាប់នៅក្នុងមន្ទីរឃុំឃាំង ដោយសារជម្ងឺ ។

ជនទាំង៥នាក់ ត្រូវបានតុលាការសម្រេចចោទ​ប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន និងបទសមគំនិត​ឃាតកម្មគិតទុក​ជា​មុន តាមមាត្រា២៨ និងមាត្រា២០០នៃ​ក្រម​ព្រហ្មទណ្ឌ ។ យោងតាមបទចោទប្រកាន់ ជន​ទាំង​៥​ត្រូវប្រឈមមុខ​នឹងការជាប់ពន្ធនាគារ​អស់មួយជីវិតប្រសិនបើតុលាការរកឃើញថាមានពិរុទ្ធិភាព ដូចការចោទប្រាកដមែននោះ ។

គួររំលឹកថា ឧកញ៉ាអឹុង ម៉េងជឺ ត្រូវបាន​ខ្មាន់​កាំ​ភ្លើងប្រើកាំភ្លើងខ្លីបាញ់ស្រោចលើខ្លួនជាច្រើនគ្រាប់ បណ្តាលអោយ​​ស្លាប់​ភ្លាម​ៗ​ក្នុង​ថ្លុក​ឈា​ម នៅ​ចំណុច​ហាង​លក់ផ្លែ​ឈើមួយ​កន្លែង​យី​ហោ ឡោ តិច​សេង ស្ថិតក្បែ​រអាងទឹកអូឡាំពិច ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន កាលពីវេលាយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណះដែលលោកចុះពីលើរថយន្តឡិចស៊ិស៥៧០ បម្រុងចូលទៅទិញផ្លែឈើ នៅទីនោះ ៕


Comments