សមត្ថកិច្ច​បង្ក្រាប​សាប៊ូ​ក្លែងក្លាយ​ចំនួន​ជាង ១០​តោន

រាជធានី​ភ្នំពេញ៖ នគរបាល​សេដ្ឋកិច្ច ក្រសួង​មហាផ្ទៃ ចុះ​បង្ក្រាប​ករណី ស្តុក ចែកចាយ សាប៊ូ​ក្លែង​បន្លំ​ពាណិជ្ជ​សញ្ញា ម៉ាក និង គ្មាន​ច្បាប់ (រំលោភ​ច្បាប់​កម្មសិទ្ធិ​បញ្ញា) ជាង​១១​តោន នៅ​ខណ្ឌ​មាន​ជ័យ។

យោង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គ​ស្នងការ​នគរបាល​ជាតិ ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង ១០:១៣​នាទី ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់ ឯកឧត្តម ឧត្តម​សេនីយ៍​ឯក ចាន់ វ៉ាន់ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច លោក​ឧត្តម​សេនីយ៍​ត្រី មាស រ៉ាវុធ អនុ​ប្រធាន​នាយកដ្ឋាន ទទួល​បន្ទុក​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​កម្មសិទ្ធិ​បញ្ញា បាន​ដឹក​នាំ​កម្លាំង សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការ​សម្របសម្រួល​នីតិ​វិធី​ពី​លោក ស្រី ម៉ាកនី ព្រះ​រាជ​អាជ្ញា​រង នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចុះ​ធ្វើ​ការ​បង្ក្រាប​ករណី ស្តុក ចែកចាយ សាប៊ូ​ក្លែង​បន្លំ​ពាណិជ្ជ​សញ្ញា​ម៉ាក និង​គ្មាន​ច្បាប់ (រំលោភ​ច្បាប់​កម្មសិទ្ធិ​បញ្ញា) នៅ​ចំណុច​ផ្ទះ​លេខ ០៩Eo ផ្លូវលំ ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ដែល​មាន​ម្ចាស់​ទីតាំង​ឈ្មោះ តៅ ប្រសិទ្ធ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជន​ជាតិ​ខ្មែរ។

ក្រោយ​ការ​ត្រួតពិនិត្យ​ឆែកឆេរ​ជាក់​ស្តែង សមត្ថកិច្ច​ចម្រុះ​បាន​រក​ឃើញ​វត្ថុ​តាង រួម​មាន សាប៊ូ​ក្លែង​បន្លំ​ម៉ាក Viera និង Lavita ចំនួន​១៣​កេស និង​សាប៊ូ​ជាង​១០​មុខ​ទៀត ដែល​សង្ស័យ​ថា គ្មាន​ច្បាប់​អនុញ្ញាត​ជិត ៨០០​កេស​ទៀត សរុប​ទាំងអស់​ជាង ១០​តោន ។ ចំពោះ​វត្ថុ​តាង​ទាំងអស់ លោក​ព្រះ​រាជ​អាជ្ញា​រង​បាន​សម្រេច​ឲ្យ​សមត្ថកិច្ច​ដក​ហូត​សាប៊ូ​ក្លែង​បន្លំ​ម៉ាក Viera និង Lavita ចំនួន​១៣​កេស យក​ទៅ​រក្សា​ទុក​ជា​បណ្ដោះអាសន្ន នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច និង​ក្រៅ​ពី​នោះ​ធ្វើការ​ផ្លំបេ​សៀល​ទុក​ក្នុង​ផ្ទះ រង់ចាំ​ម្ចាស់​ចូល​ខ្លួន ដោះស្រាយ និង​នាំខ្លួន​តំណាង​ម្ចាស់​ទីតាំង​ឈ្មោះ ញឹម ស៊ីណា មក​បំភ្លឺ​នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​បន្ត​នីតិ​វិធី។

Comments