សមត្ថកិច្ច​កម្ពុជា​បញ្ចូន​ជន​ជាតិ​ចិន និង​ឥណ្ឌូ​នេ​ស៊ី ទៅប្រទេស​ខ្លួន​វិញ

ភ្នំពេញ: នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៧​នេះ ក្រុម​ជន​ជាតិ​ចិន និង​ឥណ្ឌូនេ​ស៊ី ប្រុស​ស្រី​៧៤​នាក់ ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​កាល​ពេល​កន្លង​ទៅ ពាក់ព័ន្ធ​នឹង​អំពើ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ Internet ត្រូវ​បាន​សមត្ថកិច្ច នៃ​អគ្គនាយកដ្ឋាន​អន្តោប្រ​វេ​ស​ន៍ក្រ​សួង​មហា​ផ្ទៃ ធ្វើ​ការ​បញ្ចូន​ចេញ​ពី​កម្ពុជា ទៅ​កាន់​ប្រទេ​ស​ដើម​របស់​ខ្លួន​វិញ តាម​ជើង​ហោះ​ហើរ ។

ការ​បញ្ចូន​ខ្លួន​ក្រុម​ចិន​ជំរិត​ទារ​ប្រាក់​ទាំង​៧៤​នាក់​នេះ ធ្វើ​ឡើង​ដោយ​មាន​ការ​សហការ​រវាង​នគរបាល​កម្ពុជា ជា​មួយ​នគរបាល នៃ​ប្រទេស​ចិន​ផង​ដែរ ។

ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាន​នាយក​ដ្ឋាន​ស៊ើប​អង្គេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហា​ផ្ទៃ អោយ​ដឹង​ថា ក្រុមជន​ជាតិ​បរទេស​ទាំង​២​សញ្ជាតិ​ខាង​លើ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​ពួក​គេ​បាន​កាល​ពី​ពេល​ថ្មី​ៗ នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហនុ ។ ពួក​គេ​ត្រូវ​បាន​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​នឹង​អំពើ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ internet ដោយ​ពួក​គេ​យក​ប្រទេស​កម្ពុជា ជា​កន្លែង​ស្នាក់​ប្រាស្រ័យ ហើយ​បញ្ជា​តាម​ប្រព័ន្ធ internet ចេញ​ពី​កម្ពុជា​ទៅ​ជំរិត​ពលរដ្ឋ​ចិន​ដូច​គ្នា នៅ​ឯ​ប្រទេស​របស់​ខ្លួន ។

លោក​ឧត្តមសេនីយ៍ទោ ប្រធាន​នាយកដ្ឋាន​បាន​បញ្ជាក់​អោយ​ដឹង​ថា អំពើេ​ជំរិត​ទារ​ប្រាក់​នេះ គឺ​ក្រុម​ជន​ខាង​លើ មាន​២​ក្រុម គឺ​ក្រុម​មនុស្ស​ប្រុស និង​មនុស្ស​ស្រី ដោយ​ដំបូង​ក្រុម​មនុស្ស​ស្រី​ប្រើ​ប្រព័ន្ធ wechat ទំនាក់​ទំនង​ជា​មួយ​ប្រជាពល​រដ្ឋ​ចិន​ដូច​គ្នា​ជា​មនុស្ស​ប្រុស ដែល​ភាគ​ច្រើន​សុទ្ធ​សឹង​ជា​មន្ត្រី​រាជការ និង​គ្រូ​បង្រៀន ដោយ​បាន​សាសង​ស្នេហា​គ្នា​ទៅ​មក​រហូត​ឈាន​ទៅ​ដល់​ការ​សម្រាត​សម្លៀក​បំពាក់​ថត​ជា​វីឌីអូរ​មើល​គ្នា​ទៅ​មក ។

ក្រោយ​សម្រាត​សម្លៀក​បំពាក់​រួច ក្រុម​ទី​២​ដែល​ជា​មនុស្ស​ប្រុស បាន​ទំនាក់​ទំនង​ទៅ​ជន​រង​គ្រោះ ដោយ​គំរាម​ថា បើមិន​ព្រម​អោយ​ប្រាក់​គ្រប់​ចំនួន​ដែល​ពួក​គេ​ស្នើរ​សុំ​នោះ​ទេ ពួក​គេ​នឹង​បញ្ចេញ​រូប​អាក្រាត​កាយ​របស់​ជន​រងគ្រោះ​ចេញ​ទៅ​គ្រប់​បណ្តាញ​សង្គម លើ​ប្រព័ន្ធ internet ទាំង​អស់ ។

សូម​បញ្ជាក់​ថា ការ​បញ្ចូន​ក្រុម​ជន​ជាតិ​ចិន​ជំរិត​ទារ​ប្រាក់​តាម internet ទៅ​កាន់​ប្រទេស​ខ្លួន​វិញ​តាម​ជើង​ហោះ​ហើរ នៅ​ពេល​នេះ គឺ​ជា​ការ​បញ្ចូន​លើក​ទី​១៤​ហើយ បើ​គិត​ចាប់​តាំង​ពី​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​បង្កើត​មក ។ ដែល​ទាំង​១៤​លើក​នេះ គឺ​មាន​មនុស្ស​សរុប​ជាង ៥០០​នាក់ ។

សូម​បញ្ជាក់បន្ថែម​ថា សម្រាប់​ឆ្នាំ​២០១៧ បើ​គិត​ចាប់​ពី​ខែ​មករា មក​ដល់​ខែ​តុលា​នេះ អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​បាន​បណ្តេញ​ជន​ជាតិ​បរទេស​ដែល​ចូល​មក​ធ្វើការ និង​រស់​នៅ​ដោយ​ខុស​ច្បាប់នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​សរុប​ទាំង​អស់​ចំនួន ជាង​១០០០០​នាក់ ស្មើរ​នឹង​៣៥​សញ្ជាតិ ដែល​ក្នុង​នោះ​ភាគ​ច្រើន​គឺ​ជា​ជន​ជាតិ​វៀត​ណាម ៕

Comments