គួរតែ​អាន! William ចែក​រំលែក​ទស្សនៈ​ល្អ​ៗ​ទាំង​១៤ សម្រាប់​ប្រយុទ្ធ​ក្នុង​សមរភូមិ​ជីវិត (តភាគ​មុន)

William Guang ជា​ឈ្មោះ​គណនី​ហ្វេសប៊ុក​ដ៏​មាន​ប្រជាប្រិយ​មួយ ដែល​មាន​អ្នក Follow ជាង​ពី​សែន​កន្លះ​ហើយ គិត​ត្រឹម​ម៉ោង​១២​ថ្ងៃត្រង់​​ថ្ងៃទី ១២ ខែតុលា ឆ្នាំ​២០១៧ នេះ នោះ​ព្រោះតែ​ម្ចាស់​គណនី​រូប​នេះ សម្បូរណ៍​ដោយ​ទស្សនៈ​វិជ្ជា​ល្អ និង​ទស្សនៈ​វិភាគ​ទិដ្ឋភាព​សង្គម​នា​ពេល​បច្ចុប្បន្ន។ ពិសេស​ជាង​នេះ​ទៅ​ទៀត ម្ចាស់​គណនី​រូប​នេះ​ធ្លាប់​បាន​សុំ​សាកល្បង​សមត្ថភាព​ជាមួយ​កូន​ៗ សម្ដេច​តេជោ​ទាំង​៣ មួយ​ទល់​បី ដែល​ធ្វើ​ឲ្យ​មហា​ជន​អ្នក​លេង​ហ្វេសប៊ុក​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

កាល​ពី​វេលា​ម៉ោង​ប្រហែល ២ រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧ ​លោក William បាន​ចែក​រំលែក​ទស្សនៈ​១៤​យ៉ាង​បន្ថែម​ទៀត (តភាគ​មុន) ដែល​លោក​ហៅ​ថា «ជា​ទស្សនៈ​សម្រាប់​ប្រយុទ្ធ​ក្នុង​សមរភូមិ​ជីវិត»។ ​យើង​ខ្ញុំ​ដក​ស្រង់​មក​ដូច​ខាង​ក្រោម។ សូម​បងប្អូន​ប្រិយមិត្ត​អាន ហើយ​ពិចារណា​យក​ជា​ប្រយោជន៍​តាម​ការ​គួរ​ចុះ។

ត​ភាគ​មុន ៖ ១៤ ទស្សនៈ​ក្នុង​សមរ​ភូមិ​ជីវិត

#01 កុំ​តូចចិត្ត​ព្រោះ​សម្រស់​មិន​ស្អាត ព្រោះ​សម្រស់​អាច​ជួសជុល​កែឆច្នៃ​បាន តែ​បេី​អ្នក​បណ្ដោយ​ឲ្យ​ជីវិត​ខ្លួន​មិន​ស្រស់​ស្អាត ទេីប​វាពិបាក​កែច្នៃ

#02 អ្នក​នឹង​ចេះ​តែ​ទទួល​អារម្មណ៍​ថា ខ្លួន​ខ្សោយ ខ្លួន​អន់ ខ្លួន​ល្ងង់
បេី​សិនជា(1) អ្នក​មាន​ទម្លាប់​យក​អ្នក​ដទៃ​មក​ធៀប​នឹង​ខ្លួនឯង

#03 ពេល​អ្នក​កំពុង​ធ្លាក់​ខ្លួន វា​ជា​ឱកាស​ដ៏​ល្អ​បំផុត​ព្រោះ​អ្នក​នឹង​ដឹង​ថា​នរណា​ជា​សត្រូវ​អ្នក​ពិត​ប្រាកដ សន្ដាន​ក្រពេី​វា​ចាំ​ខាំ​មនុស្ស​ពេល​ធ្លាក់​ទឹក​ហេីយ​សត្រូវ​ពិត​ចាំ​ឱកាស​ពេល​យេីង​ធ្លាក់​ខ្លួន

#04 ឲ្យ​តែ​អ្នក​មិន​ដែល​មាន​អារម្មណ៍​ថា ខ្លួន​មាន​គ្រប់​យ៉ាង ទោះ​អ្នក​ធ្លាក់​ខ្លួន​ពី​សេដ្ឋី​សល់​បាត​ដៃ​ទទេរ ក៏​អ្នក​មិន​ទទួល​អារម្មណ៍​ថា​ខ្លួន​ក្រដែរ

#05 ជោគជ័យ​ដំបូង​របស់​មនុស្ស គឺ​ចេះ​កែច្នៃ​ពាក្យ​មេីលងាយ​ឲ្យ​ក្លាយ​ជា​កម្លាំង​ចិត្ត និង​ចេះ​កែច្នៃ​ការ​បរាជ័យ​ឲ្យ​ក្លាយ​ជា​បទ​ពិសោធន៍

#06 អ្នក​ប្រាជ្ញ​ច្រេីន​ស្លាប់​ដោយ​ដៃ​មនុស្ស​ខ្លៅ ព្រោះ​សញ្ញាណ​របស់​អ្នក​ប្រាជ្ញ​មិន​ព្រម​ចុះ​ញ៉ម ស្ម័គ្រ​រស់​ដោយ​ឃេីញ​មនុស្ស​ខ្លៅ​ធ្វេី​អ្វី​តាម​ចិត្ត

#07 ត្រូវ​ញញឹម​ពេល​គេ​ដៀល​និង​មេីល​ងាយ​អ្នក ព្រោះ​តម្លៃ​អ្នក​វា​គ្មាន​អ្វី​ទៅ​ទាក់ទង​នឹង​មាត់​របស់​គេ​នោះ​ទេ តែ​តម្លៃ​គេ​នឹង​ធ្លាក់​ថោក​ទាប​ដោយសារ​មាត់​របស់​គេ​ចូលចិត្ត​មេីលងាយ​អ្នក​ដទៃ

#08 មនុស្ស​ច្រណែន​មិន​សូវ​មាន​ក្ដី​សុខ​ទេ ព្រោះ​រវល់​តែ​គិត​ថា​រក​វិធី​ណា​ឲ្យ​ខ្លួន​ខ្ពស់​ជាង​អ្នក ដូច្នេះ​កុំ​ខ្វល់​មនុស្ស​ច្រណែន​ពេក មក​ពី​យេីង​​ខ្ពស់​ទេីប​គេ​ច្រណែន

#09 គេ​បង្រៀន​ឲ្យ​អ្នក​ចង់​មាន តែ​ខ្ញុំ​បង្រៀន​ឲ្យ​អ្នក​ចេះ​រីករាយ​ជាមួយនឹង​ភាព​ក្រ ព្រោះ​បេី​អ្នក​ក្រ​ហេីយ​អ្នក​កេីត​ទុក្ខ​ទៀត ធ្វេី​​ម្ដេច​បង្កេីត​ប្រាជ្ញា​រក​ផ្លូវ​ទៅ​កាន់​ភាព​មានបាន​កេីត ?

#10 អ្នក​ជំនួញ​ជោគជ័យ ជា​បុគ្គល​ដែល​ធ្វេី​ជំនួញ​ទទួល​ផលចំណេញ​៣ ១.ចំណេញ​ដល់​ជាតិ ២.ចំណេញ​សម្រាប់​ខ្លួនឯង ៣.ចំណេញ​ដល់​មនុស្ស​ជាតិ

#11 រូប​ថត​អាច​ថត​តែ​រូបភាព តែ​មិន​មែន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ទេ ឯ​សម្រស់​ក៏​មិន​មែន​បញ្ជាក់​ពី​សន្ដាន ឬ​ចរឹត​មនុស្ស​ដែរ

#12 មនុស្ស​ពូកែ​គឺ​អាច​សម្រេច​សុបិន​ខ្លួន​ឯង តែ​មនុស្ស​អស្ចារ្យ​គឺ​មាន​មហិច្ឆតា​ជួយ​សម្រេច​សុបិន​អ្នក​ដទៃ

#13 ជោគជ័យ​វា​កេីត​ពី​ការ​ពេីង​ទ្រូង​ខិតខំ ឯ​បរាជ័យ​កេីត​ពី​ការ​អោន​មុខ​បាក់​ទឹក​ចិត្ត

#14 អោយតែ​វា​ល្អ ហេីយ​អ្នក​គិត​ថា​ត្រឹមត្រូវ សុំ​អ្នក​ធ្វេី​ចុះ បេី​មិន​ទទួល​បាន​លទ្ធផល ហោច​ណាស់​ក៏​ទទួល​បាន​បទ​ពិសោធន៍ វាប្រសេីរ​ជាង​មិន​បាន​អ្វី​ទាំងអស់

*សម្គាល់ៈ (1) គួរ​ប្រើ «ប្រសិន​បើ» ត្រឹមត្រូវ​ជាង។​

Comments