ផ្តន្ទា​ទោស​​មេ​ឈ្មួញ​ឈើ​ធំ និង​មាន​​ដ៏​ឥទ្ធិពល​ដាក់​គុក​ម្នាក់​ត្រឹម​តែ​១​ឆ្នាំ​ និង​បើក​ទ្វា​ដេប៉ូ​ឱ្យ​រក​ស៊ី​លក់​ឈើ​វិញ

ភ្នំពេញ៖ ដូច​ជា​អ្វី​ដែល​បាន​គ្រោង​ទុក​រួច​ហើយ​ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៧​ នេះ​លោក គី រិទ្ធី ចៅក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ ប្រកាស​សាល​ក្រម​ផ្តន្ទាទោស​ ជន​ជាប់​ចោទ​៖
-ទី១ឈ្មោះ ជឿង ថេង ភេទប្រុស អាយុ ៣៨​ឆ្នាំ មុខរបរ យោធាយុទ្ធភូមិភាគទី៣​ ដាក់​ពន្ធ​នាគារ​កំណត់​រយៈ​ពេល​​១ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ៩៧,៣០៤,១៤០រៀល​ ដាក់​ចូល​ជា​ថវិកា​រដ្ឋ​ និង​ទី​២​ឈ្មោះ គូ សុខខឿន ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខ​របរ លក់​ដូរ​ឈើ លំ​នៅ​ភូមិ​គោក ឃុំ​សង្កែ​សាទប ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់​ស្ពឺ ដាក់​ពន្ធនាគារ​កំណត់​រយៈ​ពេល​ ​១ឆ្នាំ​ ប៉ុន្តែ​ទោស​ទាំង​អស់​ត្រូវ​ព្យួរ​ធម្មតា​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ១៤០,៧០៥,៨០២​រៀល​ ដាក់​ចូល​ជា​ថវិកា​រដ្ឋ​​ពី​បទ

១-ដឹកជញ្ជូន ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិត​អនុញ្ញាត
២-ធ្វើសន្និធិផល អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិត​អនុ​ញ្ញាត
៣-ប្រមូលផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិត​អនុញ្ញាត ប្រព្រឹត្ត​កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៦ ចំណុច​ដេប៉ូ​ឈើ ស្ថិត​ក្នុង​ភូមិ​ផ្សារ​កន្ទូត ឃុំ​សង្កែ​សាទប ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់​ស្ពឺ យោង​តាម​មាត្រា ៩៦ និង​មាត្រា ៩៨ នៃ​ច្បាប់​ស្តី​ពី ព្រៃ​ឈើ ។

សាល​ក្រម​នេះ​បាន​សម្រេច​រឹប​អូស​ វត្ថុតាង​ជា​ឈើ​ដែល​ខុស​ច្បាប់​ទាំង​អស់​ទុក​ជា​សម្បត្តិ​រដ្ឋ​ និង​បាន​សម្រេច​បើក​ទ្វា​ដេប៉ូ​ឈើ​ដែល​ត្រូវ​សមត្ថកិច្ច​បិទ​ពេល​ចុះ​បង្ក្រាប​នោះ​ ដើម្បី​ឱ្យ​ម្ចាស់​មាន​ឱកាស​រក​ស៊ី​ដូច​ដើម​វិញ ​។ សូម​ជម្រាបថា សវនាការ​នៅ​ព្រឹក​នេះ​ និង​កាល​ពី​ពេល​កន្លង​ទៅ​គឺ​ មិន​មាន​វត្ត​មាន ជន​ជាប់​ចោទ​ឈ្មោះ ជឿង ថេង និងឈ្មោះ គូ សុខខឿន នោះ​ទេ ដោយ​មាន​តែ​មេ​ធាវី​តំណា​ង​តែ​ប៉ុណ្ណោះ ។ យោង​តាម​អំណាច​ចម្លើយ​របស់​ជន​ជាប់​ចោទ​ឈ្មោះ ជឿង ថេង និងឈ្មោះ គូ សុខខឿន បាន​ទទួល​ស្គាល់​ថា ខ្លួន​ពិត​ជា​បាន​ប្រមូល​ទិញ​ឈើ​ប្រភេទ​ធ្នុង ខុស​ច្បាប់​ពី​ពលរដ្ឋ​មក​ស្តុក​ទុក​នៅ​ក្នុង​ដេប៉ូ​ខ្លួន​មែន ។

យោង​តាម​ការ​បញ្ជាក់​របស់​លោក អ៊ូ សាមឿន នាយរង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឱរ៉ាល់ បាន​ឱ្យ​សវនាការ​ដឹង​ថា នៅ​ថ្ងៃ​ចុះ​ទៅ​ឆែក​ឆេរ​ដេ​ប៉ូ​ស្តុក​ឈើ​របស់ជន​ជាប់​ចោទ​ជា​ប្តី​ប្រពន្ធ​ខាង​លើ​សមត្ថកិច្ច​ចំរុះ បាន​រក​ឃើញ វត្ថុ​តាង​ខុស​ច្បាប់​មួយ​ចំនួន​ធំ​រួម​មាន៖

១-រថយន្ត ដឹកឈើ ម៉ាក​ហ៊ីយ៉ាន់​ដាយ​ចំនួន​០២ គ្រឿង
២-ឈើប្រណិតប្រភេទលេខ១ ធ្នុង ចំនួន ១១១​កំណាត់ ស្មើនឹង ៨.៥០៣ ម៉ែត្រគូប កាត់ជាជ្រុងៗ
៣-ឈើប្រណិតប្រភេទលេខ១ ឈ្លីច ចំនួន ១០០០ដើម ស្ញមើនឹង ១០០.១២៩ម៉ែត្រគូប កាត់ជាជ្រុងៗ
៤-ឈើប្រភេទលេខ១ ថ្លុងត្បែង អា ចំនួន ១,២៦៩សន្លឹក ស្មើនឹង១៩.៥៥៨ម៉ែត្រគូប
៥-ឈើអាគុណភាព ៥០ភាគរយ ចំនួន ១,២៨៩សន្លឹក ស្មើនឹង ២០.៧៣៥ម៉ែត្រគូប
លោក​បន្ត​ថា ក្រោយ​ពេល​ដក​ហូត វត្ថុតាង​ទាំង​អស់​ត្រូវ​បាន​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​កំពង់​ស្ពឺ ស្ថិត​នៅ​ស្រុក​សំរោង​ទង ។

គួរ​រំលឹក​ថា ជន​ជាប់​ចោទ​ឈ្មោះ ជឿង ថេង ជា​មន្ត្រី​យោធាស័ក្តិ​៤​នៃ​យុទ្ធ​ភូមិ​ភាគ​៣ ខេត្ត​កំពង់​ស្ពឺ ត្រូវ​បាន​កម្លាំង​កងរាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ឃាត់​ខ្លួន​តាម​ដីកា​បង្គាប់​របស់ តុលា​ការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ២០១៧ នៅចំណុច​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​

ជនជាប់ចោទឈ្មោះ ជឿង ថេង ក៏​ធ្លាប​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​គុក​នៅ​ខេត្ត​កំពត​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​​មិថុនា ឆ្នាំ​២០១៦ ម្តង​រួច​មក​ហើយ ពាក់​ព័ន្ធ​សំណុំរឿង ដឹក​ឈើ​ទៅ​លក់ នៅ​ប្រទេស​វៀត​ណាម តាម​ច្រក​ទាន់​ហន់ បណ្ដាល​ឱ្យ​បាក់​ស្ពាន​តា​នៃ ស្ថិត​ក្នុង​ភូមិ​ជ័យ​សេនា ឃុំ​កោះ​ស្លា ស្រុក​ឈូក ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ២០១៦​កន្លង​ទៅ ។

ក្រោយ​ពី​បាន​ឃុំ​ខ្លួន​មួយ​ចំអិន​កំពិស​រួច​មក​ជន​ជាប់​ចោទឈ្មោះ ជឿង ថេង ក៏​ត្រូវ​បាន​តុលា​ការ​ខេត្ត​កំពត​ដោះ​លែង​វិញ ក្រោម​ហេតុ​ផល​ថា បាន​តំកល់​ប្រាក់​សង​ថ្លៃ​ខូច​ខាត​ស្ពាន​ចំនួន ២០០​លាន​រៀល នៅ​ពេល​ចេញ​ពី​គុក​វិញ ជន​ជាប់​ចោទ​បាន​បន្ត​សកម្ម​ភាព ដើរ​ប្រមូល​ទិញ​ឈើ​ប្រណិត​ប្រភេទ​ធ្នុង​នៅ​តំបន់​ឱរ៉ាល់​នៃ​ខេត្តកំពង់​ស្ពឺ ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​វៀត​ណាម តា​ច្រក​ទាន់​ហន់​ដដែល ដោយ​មិន​ញញើត​ច្បាប់ និងមន្ត្រី​អាជ្ញា​ធរ​ឡើយ ដោយ​សារ​តែ​រូប​គេ​អាង បុណ្យ​ស័ក្តិ​ជា​ទាហាន និង​មាន​អ្នក​ជួយ​ជ្រោម​ជ្រែង​ពី​ខាង​ក្រោយ។ តែ​ចុង​ក្រោយ​ជន​ជាប់​ចោទ​ជា​ឈ្មួញ​ឈើ​ដ៏​មាន​ឥទ្ធិពល​ប្រចាំ​ខេត្ត​កំពង់​ស្ពឺ​រូប​នេះ​នៅ​តែ​ជាប់​ខ្នោះ​របស់​សមត្ថកិច្ច​សារ​ជាថ្មី ៕

Comments